Nintendo ល្បី​តាំង​ពី​ផលិត​ហ្គេម​តុក្កតាស៊ី​ផ្សិត មក​ដល់​ហ្គេម​ជំនាន់ថ្មី Pokémon Go

Nintendo Co., Ltd. ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍ និង​វីដេអូ​ហ្គេម ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ​ក្មេងៗ​កាល​អំឡុង​ទសវត្សន៍ ៩០ ​ប្រាក​ដ​ជា​មិន​ភ្លេច​ទេហ្គេម​តុក្កតា​ស៊ីផ្សិត​ដ៏​ពេញ​និយម​ ដែល​ប្រិយមិត្ត​មួយ​ចំនួន​ធ្លាប់​លេង​កម្សាន្ត ក៏​ជា​ស្នាដៃ​ផលិត​របស់​ក្រុមហ៊ុន​ផលិត​ហ្គេម​ដ៏​ល្បី Nintendo នេះ​ដែរ។

 

Nintendo ល្បី​តាំង​ពី​ផលិត​ហ្គេម​តុក្កតាស៊ី​ផ្សិត មក​ដល់​ហ្គេម​ជំនាន់ថ្មី Pokémon Go

 

Nitendo ក៏​មាន​ភាគ​ហ៊ុន​លើ​ក្រុមហ៊ុន The Pokémon Company ដែល​ទទួល​បាន​សិទ្ធ​ផ្សព្វផ្សាយ​និង​លក់​ហ្គេម Pokémon Go ដែល​កំពុង​ទទួល​ការ​ពេញនិយម​និង​​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​ដំណើរ​ការ​នៅ​លើ​ iOS និង Play Store។

 

តើ Nintendo មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ មុនក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​កម្សាន្ត ដែល​មានការ​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក សូម្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

Nintendo ដំបូង​ឡើយ​គឺ​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​បៀរ តែ​រហូត​ដល់​ឆ្នាំ ១៩៦៣ ក្រុមហ៊ុន​ចាប់​ពង្រីក​ខ្លួន​ទៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តូចៗ​ចំនួន ៣-៤ ផ្សេង​ទៀត ដូចជា​​ក្រុមហ៊ុន​រថយន្ត​ឈ្នួល និង​បើក​សណ្ឋាគារជា​ដើម។ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ បាន​ចាប់​កំណើត​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ១៨៨៩ ដែល​បង្កើត​ដោយ​លោក Fusajiro Yamauchi។

 

ក្រោយ ​មក Nintendo បាន​បោះបង់​ជំនួញ​ដែល​ពុំ​សូវ​កាក​កប​នេះ ហើយ​បែរ​ទៅ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​វីដេអូហ្គេម ដែល​ពេល​នោះ​ក្រុមហ៊ុន​ចាប់​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​នៅ​ក្នុង​វិស័យ​ ឧស្សាហកម្ម​បច្ចេកវិទ្យា និង​ជា​ក្រុមហ៊ុន​ដ៏​ល្បី​បំផុត​ឈរ​លំដាប់​លេខ ៣ នៅ​ជប៉ុន។ ជាក់​ស្ដែង​កាល​ពី​នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​ឆ្នាំ២០១២ របាយការណ៍​លក់​ផលិតផល​ហ្គេម​របស់ Nintendo ឃើញ​ថា​លក់​បាន​ជាង ៦៥១,៨លាន​គ្រឿង និង Software លក់​បាន​រហូត ៤,០៨ពាន់​លាន software ឯណោះ។

 

Nintendo ល្បី​តាំង​ពី​ផលិត​ហ្គេម​តុក្កតាស៊ី​ផ្សិត មក​ដល់​ហ្គេម​ជំនាន់ថ្មី Pokémon Go

 

លោក Tatsumi Kimishima ប្រធាន​ក្រុមហ៊ុន Nintendo

ប្រវត្តិ៖
– ចាប់​ពី​ចុង​ឆ្នាំ ១៨៨៩ Nintendo ត្រូវ​បាន​គេ​ស្គាល់ ជា​ក្រុមហ៊ុន Card Company ដែល​ពេល​នោះ​មាន​ឈ្មោះ​ថា Nintendo Koppai។ ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ក្នុង​ទីក្រុង Kyoto ប្រទេស​ជប៉ុន។ អំឡុង​ពេល​នោះ Nintendo Koppai បាន​យក​ចិត្ត​ទុកដាក់​លើ​ការងារ​ពាណិជ្ជកម្ម និង​ស្រូប​យក​ទីផ្សារ​អ្នក​លេង​ហ្គេម​បៀ​យ៉ាង​ខ្លាំង។

 

ហ្គេម​បៀ​មិន​ យូរ​ប៉ុន្មាន​ក៏​ទទួល​បាន​ការ​ពេញ​និយម​លេង​យ៉ាង​ខ្លាំង ហើយ​លោក Fusajiro Yamauchi បាន​ប្រមូល​បុគ្គលិក​បន្ថែម​ដើម្បី​ពង្រាយ​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​បៀ​ ផ្គត់ផ្គង់​ឱ្យ​ទាន់​តម្រូវការ។

 

– នៅ​ឆ្នាំ ១៩៥៦ ចៅ​ប្រុស​របស់ Fusajiro Yamauchi ឈ្មោះ Hiroshi Yamauchi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុមហ៊ុន​អាមេរិក​មួយ​គឺ United States Playing Card Company ដែល​ល្បីល្បាញ​ខាង​ផលិត​ហ្គេម គោលបំណង​ដើម្បី​ជជែក​ពិភាក្សា​ជា​មួយ​អ្នក​ដឹង​នាំ​ក្នុង​សង្វាក់​ផលិតកម្ម​ ហ្គេម។ Hiroshi បាន​បាន​ទទួល​អារម្មណ៍​ប្លែក មិន​នឹក​ស្មាន​ដល់​ថា​ក្រុមហ៊ុន​ដែល​មាន​តែ​កូន Office តូច​មួយ​សោះ មាន​ឥទ្ធិពល​ទទួល​បាន​ការ​គាំទ្រ​រហូត​ក្លាយ​ជា ក្រុមហ៊ុន​ផលិត​ហ្គេម​ដ៏​ធំ​បំផុត​លើ​ពិភពលោក​បាន។ នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល Hiroshi បាន​យក​តម្រាប់​តាម ក្នុង​ការ​កំណត់​ទិសដៅ​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ខាង​ហ្គេម​បៀ​របស់​ខ្លួន។

 

– ឆ្នាំ ១៩៦៣ Yamauchi បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ពី Nintendo Playing Card Co. Ltd. ទៅ​ជា Nintendo Co., Ltd វិញ។ បន្ទាប់​ពី​នោះ​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ពង្រីក​ខ្លួន​ជា​មួយ​បទ​ពិសោធន៍​ លើ​ជ្រុង​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ឡើង។ នៅ​រវាង​ឆ្នាំ​ ១៩៦៣ ដល់ ១៩៦៨ Nintendo បាន​បង្កើត​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រថយន្ត​ឈ្នួល​តាក់ស៊ី, បើក​សណ្ឋាគារ Love, TV network, ចំណី​អាហារ និង​ក្រុមហ៊ុន ៣-៤ ដែល​លក់​ផលិតផល​ផ្សេងៗ​ទៀត។ ជា​ចុង​ក្រោយ រាល់​មុខ​ជំនួញ​ទាំង​ប៉ុន្មាន​នេះ ហាក់​មិន​សម​ប្រកប​ទាល់​តែ​សោះ។ ក្រោយ​មក​ក្រុមហ៊ុន​បាន​លះបង់​មុខ​ជំនាញ​ទាំង​នេះ ដោយ​សារ​មាន​ឱនភាព​នៃ​ការ​លក់​រហូត​ប៉ះពាល់​ដល់​ចំណែក​ភាគហ៊ុន​នៅ​ក្នុង​ ក្រុមហ៊ុន។

 

-ឆ្នាំ ១៩៦៦ Nintendo បាន​ងាក​ក្លាយ​ខ្លួន​ជា​រោងចក្រ​ផលិត​ប្រដាប់​ក្មេង​លេង​ទទួល​បន្ទុក​ដោយ​ ក្រុមហ៊ុន​ជា​ចំណុះ Ultra Hand ដឹង​នាំ​ផលិតកម្ម​ដោយ​លោក Gunpei Yokoi។ លោក Yokoi ត្រូវ​បាន​គេ​លើក​លោក​ពី​អ្នក​មើល​ខុស​ត្រូវ​ក្នុង​ការ​ផលិត​ប្រដាប់​ក្មេង​ លេង​មក​ជា developer ខាង​ផលិតផល​នៅ​ផ្នែក “Nintendo Game”។ ពេល​នោះ Nintendo បន្ត​ផលិត​ប្រដាប់​ក្មេង​លេង​បាន​កាន់​ប្រសើរ​ឡើង ក្នុង​នោះ​រួម​មាន​ម៉ាស៊ីន Ultra Machine, Love Tester និង Kousenjuu។

 

– នៅ​ឆ្នាំ ១៩៧៣ ក្រុមហ៊ុន​ផ្ដោត​យក​ចិត្ត​ទុកដាក់​បង្កើត​ហ្គេម​កម្សាន្ត​ថ្មី​មួយ​ទៀត​គឺ Laser Clay Shooting System ដោយ​ប្រើ​បច្ចេកវិទ្យា​ពន្លឺ​នៅ​លើ​កាំភ្លើង។ មិន​យូរ​ប៉ុន្មាន​ក្រុមហ៊ុន​ក៏​ទទួល​បាន​ជោគជ័យ​លើ​ឧបករណ៍​នេះ រួច​បន្ត​ពង្រីក​ស៊េរី​ហ្គេម light gun machine បន្ថែម​៣-៤ប្រភេទ​ទៀត មាន​ដូច​ជា Wild Gunman ជា​ដើម។

 

– នៅ​ឆ្នាំ១៩៧៤៖ នេះ​ជា​ពេលវេលា​ដែល​គួរ​កត់​សំគាល់​បំផុត ព្រោះ​ជា​ឆ្នាំ​នេះ​ដែល Nintendo ចាប់​ប្រលូក​ខ្លួន​ទៅ​ក្នុង​ជំនួញ​វីដេអូ​ហ្គេម។

 

– ឆ្នាំ ១៩៧៥ Nintendo បាន​ចូល​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​ទូ​ប្រភេទ​ដាក់​កាក់​លេង ឬ​ទិញ​ពង់​ដើម្បី​លេង​បាន (arcade game)។ ក្រុមហ៊ុន​ក៏​នៅ​មាន​ហ្គេម​ផ្សេង ៣-៤ប្រភេទ ដែល​ឌីហ្សាញ​ដោយ​លោក​អ្នក​ឌីហ្សាញ​ដំបូង​គេ​ក្នុង​ជំនួញ​ហ្គេម​នេះ​គឺ​លោក Genyo Takeda។ នៅ​ពេល​នោះ Nintendo ជោគជ័យ​បាន​មួយ​កម្រិត​ហើយ​ជា​មួយ​ជំនួញ​ថ្មី​ថ្មោង​នេះ ប៉ុន្តែ​កត្តា​ជួយ​រុញច្រាន​ឱ្យ​ក្រុមហ៊ុន​កាន់​តែ​ជោគជ័យ​ខ្លាំង​ជាង​នេះ​ ទៀត​នោះ ដោយ​សារ​មាន​លោក Shigeru Miyamoto បាន​ផលិត​ហ្គេម Donkey Kong កាល​ពី​ឆ្នាំ១៩៨១។ ខណៈ​ពេល​នោះ Nintendo ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​សម្បើម ដោយ​ទទួល​បាន​ចំណូល​យ៉ាង​កាក់កប​កើត​ចេញ​ពី​ការ​លក់​ហ្គេម​ល្បីៗ​ដូច​ជា៖ Atari 2600, Intellivison និង ColecoVision។

 

– លុះ​ដល់​ឆ្នាំ ១៩៧៧ ក្រុមហ៊ុន​អាច​ផលិត hardware ដោយ​ខ្លួន​ឯង​បាន។ Hardware ទាំង​នោះ​រួម​មាន៖ ឧបករណ៍​ចាក់​វីដេអូហ្គេម​លេង​បាន​នៅ​លើ​ទូរទស្សន៍ (Game Console ប្រភេទ Color TV Game)។ ដោយ​សារ​ជំនួញ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង និង​ដើម្បី​អភិវឌ្ឍ​វា​ឱ្យ​កាន់​តែ​ឈាន​ទៅ​មុខ​ទៀត​នោះ Nintendo បាន​ជួល developer ម្នាក់​ឈ្មោះ Shigeru Miyamoto ឱ្យ​មក​កាន់​ផ្នែក​ឌីហ្សាញ​រូបរាង​ខាង​ក្រៅ​លើ Color TV Game console។ ក្រៅ​ពី​នេះ Miyamoto ក៏​នៅ​មាន​តួនាទី​ក្នុង​ការ develop ស៊េរី​វីដេអូ​ហ្គេម​ថ្មីៗ​ទៀត​ដែរ។

 

– ឆ្នាំ១៩៨០ Nintendo បាន​ចេញ​ឧបករណ៍​សម្រាប់​លេង​ហ្គេម​ដែល​មាន​អេក្រង់​ភ្ជាប់​មក​ជា​ស្រេច (Game & Watch) បង្កើត​ដោយ​លោក Yokoi ដែល​ឧបករណ៍​ទាំង​នោះ​អាច​បញ្ចូល​ប្រភេទ​ហ្គេម​ផ្សេងៗ​គ្នា​លេង​បាន។ ចាប់​ពី​ពេល​នេះ Game & Watch ចាប់​ស្ទុះ​ប្រលូក​ចូល​ទីផ្សារ​ហ្គេម​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ ចែកចាយ​ជុំវិញ​ពិភពលោក។

 

-ឆ្នាំ១៩៨៣ Nintendo បាន​បង្កើត​ស៊េរី​ឧបករណ៍​ហ្គេម​កាន់​តែ​ទំនើប​ដែល​លេង​បាន​ដោយ​ប្រើ​កាសែត​ ហ្គេម (Famicom)។ នៅ​ពេល​នោះ Nintendo មាន​​ឈ្មោះ​ថា Nintendo Entertainment System (NES)។

 

-ឆ្នាំ១៩៨៣ ក្រុមហ៊ុន​ចាប់​ប្រើ​ស្លាក​សញ្ញា (Logo) ដែល​មាន​ខ្សែ​បន្ទាត់​រាង​ពងក្រពើ​ព័ទ្ធ​ជុំវិញ​អក្សរ Nintendo ជា​ពណ៌​ក្រហម។

 

– ឆ្នាំ១៩៨៥ Nintendo បាន​ចេញ​វីដេអូហ្គេម Super Mario Bros ដែល​គេ​តែង​ហៅ​ថា “តុក្កតា​ស៊ី​ផ្សិត”។ មិន​គួរ​ឱ្យ​ជឿ Super Mario បាន​លើកស្ទួយ​ក្រុមហ៊ុន​យ៉ាង​ខ្លាំង​ដែល​មាន​តួលេខ​លក់​បាន​យ៉ាង​ខ្ពស់​ បំផុត។

 

– នៅ​ឆ្នាំ១៩៨៩ បន្ទាប់​ពី​ជោគជ័យ​លើ Game & Watch ហើយ​លោក Yokoi បាន​បន្ត​អភិវឌ្ឍ​ប្រភេទ​ហ្គេម​ផ្សេងៗ​ទៀត​ដូច​ជា៖ Game Boy និង​ឧបករណ៍​ហ្គេម handheld game console ផ្សេងៗ។ នៅ​ពេល​នោះ​ប្រភេទ​ឧបករណ៍​ហ្គេម​ទាំង​ពីរ​នេះ ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​យ៉ាង​ខ្លាំង​សម្បើម​ផង​ដែរ។ រយៈពេល​ជោគជ័យ​នៃ​ប្រភេទ​ហ្គេម​ទាំង​ពីរ​នេះ​មាន​ឥទ្ធិពល​រហូត​ជាង ១ទសវត្សន៍​ឯណោះ។

 

ក្រោយ​មក​ទៀត Nintendo បន្ត​អភិវឌ្ឍ​បន្ថែម​ដោយ​ធ្វើ​កំណែប្រែ​នៅ​ពី Game Boy ក្លាយ​ជា Game Boy Pocket, Game Boy Light និង Game Boy Color ដោយ​មាន​រូបមន្ត​ថ្មី​ពី​លើ Game Boy ស៊េរី​មុន​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ត​មក​ទៀត​លោក Gunpei Yokoi បាន​ឌីហ្សាញ​ប្រភេទ​ហ្គេម​ថ្មី​មួយ​ទៀត​នោះ​គឺ Virtual Boy។ លើក​នេះ​សមិទ្ធផល​ទទួល​បាន​ពុំ​សម​ដូច​ចិត្ត​នោះ​ទេ ពោល​គឺ​ការ​លក់​មាន​កម្រិត​ទាប ដោយ​សារ​តែ​គុណភាព​ហ្គេម​ព្រម​ជា​មួយ​ក្រាហ្វិក​នៅ​មាន​កម្រិត។ គ្រា​នោះ​លក់ Yokoi បាន​ចូល​និវត្តន៍​ឈប់​ប្រលូក​រឿងរ៉ាវ​នៅ​ក្នុង​ក្រុមហ៊ុន។

 

ដំណាក់កាល​ នោះ​ជា​ពេលវេលា​ប្រកួតប្រជែង​ទីផ្សារ​ឧបករណ៍​ហ្គេម​យ៉ាង​ខ្លាំង​មួយ ព្រោះ​មាន​ក្រុមហ៊ុន​ជា​គូ​ប្រជែង​ខ្លាំងៗ​ដូច​ជា Sony និង Sega។

 

– មក​ដល់​ឆ្នាំ ១៩៩៦ Nintendo បាន​ចេញ​ប្រភេទ​ហ្គេម​ថ្មី​មួយ​ទៀត​គឺ Nintendo 64 ដែល​បាន​បំពាក់​ក្រាហ្វិក 3D ហើយ​អាច​លេង​ម្ដង​ច្រើន​គ្នា​បាន​រហូត​៤នាក់។ ហ្គេម​នេះ​ប្រើ analog stick សម្រាប់​បញ្ជា​ទិស។ បន្ទាប់​មក​ក្រុមហ៊ុន​ចេញ​ឧបករណ៍​ហ្គេម​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ Rumble Pak ដើម្បី​កែលំអ​បន្ថែម​លើ Nintendo 64 ឱ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​បំពេញ​តាម​តម្រូវ​ការ​អ្នក​លេង។

 

– ឆ្នាំ២០០១ Nintendo ចាប់​បង្កើត​ឧបករណ៍​ហ្គេម​ដែល​ប្រើ​ជា​មួយ​បន្ទះ​ស៊ីឌី​ជំនួស​កាសែត cartridgesឈ្មោះ​ថា GameCube។ ការ​លក់​ទទួល​បាន​ជោគជ័យ​គ្រាន់​បើ​ដែរ តែ​នៅ​មាន​គូ​ប្រជែង PlayStation 2។ ខណៈ នោះ​ក្រុមហ៊ុន​បាន​ចេញ​ប្រភេទ Game Boy ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Game Boy Advance។

 

– នៅ​ឆ្នាំ២០០៤ Nintendo ចោល​ស៊េរី Game Boy ដោយ​ងាក​មក​ផលិត​ឧបករណ៍​ហ្គេម​ថ្មី​ឈ្មោះ​ជា​ខ្សែ​ស្រលាយ​ Nintendo DS វិញ។ ឧបករណ៍​ហ្គេម​ស៊េរី​ថ្មី​នេះ​មាន​អេក្រង់​ភ្លោះ​ប្រើ touchscreen និង​មាន​បាស​សំឡេង។ ក្រោយ​មក​ចេញ​ស៊េរី​ថ្មី​បន្ត​ទៀត​គឺ Nintendo DSi, Nintendo DSi XL, Nintendo 3DS ជា​មួយ​អេក្រង់​ធំ​ជាង​មុន។

 

-នៅ​ ឆ្នាំ២០១២​ខែ​សីហា Nintendo បាន​អភិវឌ្ឍ​ឧបករណ៍​ហ្គេម​ប្រភេទ​ថ្មី​បន្ត​លើ​ស៊េរី​មុនៗ​នោះ​គឺ Nintendo 3DS XL ដែល​ស៊េរី​ថ្មី​នេះ​កាន់​តែ​ទំនើប​មាន​អេក្រង់​ធំ​ជាង​មុន​រហូត ៩០% ហើយ​អាច​ប្រើ​ជា​មួយ​មេម៉ូរី​ប្រភេទ SD card បាន​ទំហំ 4GB និង​ថ្ម​មាន​អាយុកាល​បាន​វែង​ជាង​មុន។

 

នៅ​ឆ្នាំ​ដដែល​នេះ​ក្រុមហ៊ុន​ បាន​ចេញ​ស៊េរី​ឧបករណ៍​ហ្គេម​ថ្មី​មួយ​ទៀត​នោះ​គឺ Wii។ Wii បាន​ប្រើ​បច្ចេកវិទ្យា motion sensing controller សម្រាប់​បញ្ជា។ នេះ​ជា​ឆ្នាំ​ដែល​ស្លាក​សញ្ញា​របស់ Nintendo ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​ម្ដង​ទៀត​ហើយ ដែល​ប្រែ​ពី​ពណ៌​ក្រហម​ទៅ​ជា​ពណ៌​ប្រផេះ​វិញ។ ឆ្នាំ​ដដែល​ក្រុមហ៊ុន​បន្ត​ចេញ​ឧបករណ៍​ហ្គេម​ថ្មី​មួយ​ទៀត​គឺ Wii U។ Wii U ប្រើ​បច្ចេកវិទ្យា touchscreen សម្រាប់​បញ្ជា (touch screen controller) និង​មាន២​ជំនាន់​ផ្សេង​គ្នា​រួម​មាន Basic និង Deluxe។ ប្រភេទ​ឧបករណ៍​ហ្គេម​ចេញ​ថ្មី​ទាំង​នេះ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

 

ប្រែ​សម្រួល៖ ឈុន ហួរ