អ្នក​បឹងកក់​​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទាមទារ​ដោះលែង​លោក នី ចរិយា និង​អ្នក​ពាក់ព័ន្ធ

សកម្មជន​ការពារ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ បន្ត​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​១៨ កក្កដា​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) និង​មេឃុំ​មក​ពីគណបក្ស​សង្គ្រោះជាតិ លោក ស៊ាង ចែត។

ក្រៅ​ពី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ចោទ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ពួក​គេ​ក៏​ទាមទារ​ឲ្យ​តុលាការ​ស្រាវជ្រាវ​រក​ឃាតក​ពិត​ប្រាកដ​ដែល​សម្លាប់​បណ្ឌិត កែម ឡី មក​ផ្ដន្ទាទោស។

មាន​គ្នា​ប្រមាណ​១០​នាក់ សកម្មជន​ការពារ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ បាន​កាន់​ផ្កា​ឈូក រូបថត​លោក កែម ឡី រួម​និង​រូប​ថត​អ្នក​ដទៃ​ទៀត ចំ​ថ្ងៃ​ដែល លោក នី ចរិយា ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​យក​មក​សវនាការ​ជំនុំ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ ផ្សព្វផ្សាយ និង​អត្ថាធិប្បាយ ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ពាក់ព័ន្ធ​នឹង​វេទិកា​មួយ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី កាល​ពី​ឆ្នាំ​មុន។ ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​បាន​លើក​ពេល​វិញ។

ថ្ងៃ​នេះ ជា​ថ្ងៃ​ទី​១១ នៃ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» បន្ទាប់​ពី​លោក នី ចរិយា និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤​រូប រួម​និង​លោក ស៊ាង ចែត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក និង​សម​គំនិត​សូក​ប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។