អនុប្រធាន​ប៉ូលិស​អន្តោប្រវេសន៍ច្រក​ទ្វារ​ភ្នំ​ដិ​ន ​បាញ់​អ្នកលក់​ឆ្នោតវៀតណាម​ស្លាប់​និង​របួស

អនុប្រធាន​ប៉ូលិស​អន្តោប្រវេសន៍ច្រក​ទ្វារ​ភ្នំ​ដិ​ន ​បាញ់​អ្នកលក់​ឆ្នោតវៀតណាម​ស្លាប់​និង​របួស



ខេត្ដតាកែវ ៖ អនុប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​បាញ់​អ្នកលក់​ឆ្នោត​ជនជាតិ​វៀតណាម​ពីរ​នាក់​ឱ្យ​រង​របួស​យ៉ា​ង​ធ្ងន់ ហើយ​ក្រោយមក​បានស្លាប់​ម្នាក់​​ដោយសារ​តែ​ស្ថានភាព​របួសធ្ងន់​ពេក​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។

ជុំវិញ​ករណី​នេះ លោក យុគ សា​រ៉ាត​អធិការ​នគរបាល​ស្រុក​គិរីវង់ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​១៦ កក្កដា មាន​ករណី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​បណ្តាល​ឱ្យ​បុរស​អ្នកលក់​ឆ្នោត​ជនជាតិ​វៀតណាម​ពីរ​នាក់​រង​របួស​ជា​ទម្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ស៊ឺ​ង​វ៉ា​ទីរួមស្រុក​ទិន​បៀ​ង ស្រុក​ទិន​បៀ​ង ខេត្ត​អាងយ៉ាង ។ លោក យុគ សា​រ៉ាត បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា លោក ឡាយ ប៊ុ​ន​ធី ជា​អនុប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ជា​អ្នក​បាញ់​ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​ឱ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​ម្នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​បំផុត​កំពុង សង្គ្រោះ​បន្ទាន់ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មន្ដ្រី​ប៉ូលិស​អន្ដោប្រវេសន៍​រូប​នោះ​កំពុង​ផឹកស៊ី​នៅ​ហាង​មួយ ពេល​នោះ​មាន​អ្នកលក់​ឆ្នោត​យក​ឆ្នោត​ទៅ​លក់​ឱ្យ​ជា​ច្រើន​ដង និង​រំខាន​ដល់​មន្ដ្រី​ប៉ូលិស​រូប​នោះ​ដែល​កំពុង​ផឹកស៊ី ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង ក៏​ខឹង​ដក​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់​បណ្តាល​ឱ្យ​ត្រូវ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រង​របួស​យា​៉​ង​ធ្ងន់ធ្ងរ ។ មន្ត្រី​នោះ​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ឃាត់ខ្លួន​ភ្លាម​ៗ ។

តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​ហើយ បន្ទាប់​ពី​ការ​ជួយ​សង្គ្រោះ​មិន​បាន​ទទួល​ជោគជ័យ ។ ប្រភព​ដដែល​បាន​បំភ្លឺ​ថា មូលហេតុ​ដែល​មន្ដ្រី​អន្ដោប្រវេសន៍​ចូល​ទៅ​បង្ក​ការ​បាញ់បោះ​ក្នុង​ទឹកដី​វៀតណាម​នេះ ត្រូវ​បាន​ប្រភព​ក្រៅផ្លូវការ​ឱ្យ​ដឹង​ថា ដោយសារ​មាន​ប្រពន្ធចុង​ជា​ជនជាតិ​វៀតណាម​នៅ​តំបន់​នោះ ។ មន្ត្រី​រូប​នោះ ប្រឈម​នឹង​ទោស​ផ្នែក​ព្រហ្មទណ្ឌ ខាង​សមត្ថកិច្ច​វៀតណាម​កំពុង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​របស់​ប្រទេស​គេ​ហើយ ៕