គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ខួប​លើក​ទី​៤ ថ្ងៃ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា​ដែល​កើតឡើង​ពី​ការច្របាច់បញ្ចូលគ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង គណបក្ស​សមរង្ស៊ី បានរៀបចំ​ខួប​នៃ​ការបង្កើត​បក្ស​៤​ឆ្នាំ នៅ​ថ្ងៃទី​១៨​ខែកក្កដា​នេះ​។ ការដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ខួប​លើក​ទី​៤ ថ្ងៃ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​សង្កេតឃើញថា​បាន​កើតឡើង​ស្ថិតនៅក្នុង​បរិយាកាស​ន​បាយ​កំពុងមាន​ភាព​តានតឹង​នៅឡើយ តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ជា​បន្តបន្ទាប់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​ភាពរឹងមាំ​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។​

ព្រឹក​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងមាន​វត្តមាន​នៅក្រៅ​ប្រទេស ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​-​សមាជិកា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រុង​-​ស្រុក​-​ខណ្ឌ រាជធានី​-​ខេត្ត និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់លំដាប់​ថ្នាក់​រាប់ពាន់​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហៅថា​ស្កេ​ប (Skype) ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤ នៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ កំណត់​យក​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០១២ គឺជា​ថ្ងៃ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម ជា​ថ្ងៃកំណើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ពិធី​ខាងលើនេះ​ប្រ​ព្រឹ​ត្ដទៅ​នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សមាជិក​-​សមាជិកា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រុង​-​ស្រុក​-​ខណ្ឌ និង​រាជធានី​-​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់​។​

គួរ​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង​នៅ​ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ជា​កន្លែង​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស និង គណបក្ស​សមរង្ស៊ី ចរចា​ហើយ​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា​។ មូល​ហេតុដែល​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើស​យក​ថ្ងៃទី​១៨ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ដែល​គម្រោង​ចាស់​គ្រោង​ហែ​នៅពេល​ខាងមុខនេះ​៕

13731493_1146447535411978_492994588715767126_n 13770235_1146447708745294_992576722492514276_n 13700202_1146447405411991_2767548091428350181_n