លោក កឹម សុខា បញ្ជាក់ថា​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ​អំពី​អនាគត​របស់​កម្ពុជា​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ម្សិលមិញ​បានបញ្ជាក់​ថា បេសកកម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​របស់​អស់លោក​-​លោកស្រី ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះហើយ ដែលជា​ត្រីវិស័យ​ចង្អុលបង្ហាញ​អំពី​អនាគត​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេសជាតិ​យើង​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ផ្ដាំផ្ញើ​ទៅ​សកម្មជន​-​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​ឆ្លងកាត់​នូវ​ឧបសគ្គ ដែល​គេ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺចាប់​យ៉ាងណាក៏ដោយ ក៏​លោក​សូម​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ប្រែក្លាយ​ការឈឺចាប់​នេះ​ទៅជា​ឆន្ទៈ​នៃ​ការតស៊ូ​អត់ធ្មត់​ដោយ​អហិង្សា ដើម្បី​សម្រេច​គោលដៅ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ គឺ​ចង់បាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាមរយៈ​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​។​

ជុំវិញ​បញ្ហា​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​៖ ទី​១-​កម្មវិធី​ខួប​៤​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​ចំពោះ​អំពើ​ភេ​វរ​កម្ម​នៅ​ប្រទេស​បារាំង ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទាំង ១៩៧ ក្រុង​-​ស្រុក​-​ខណ្ឌ ក្រុមទី​១ វគ្គ​ទី​២ ទី​៤-​គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​ការតស៊ូ​មតិ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា និង​៥.​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ដ​ការតស៊ូ​មតិ​នៅ​ទីស្នាក់ការ​កណ្ដាល​រហូត​ដល់​មាន​ដំណោះស្រាយ​នយោបាយ​ដែល​អាច​ទទួលយកបាន​។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ចាត់ទុក​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​កំពុងមាន​ភាព​តានតឹង​នៅឡើយ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សហការ​ជាមួយ​សហគមន៍ជាតិ និង​អន្តរជាតិ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ស្របច្បាប់ និង​អហិង្សា ដើម្បី​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​វិល​ទៅរក​ភាពប្រក្រតី​នៅមុន​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​៕

13726713_1406924692658159_2320679711043224110_n 13659033_1406924405991521_8301345986922733689_n 13659089_1406924452658183_5198306025942239076_n