Nintendo ល្បី​តាំង​ពី​ផលិត​ហ្គេម​តុក្កតាស៊ី​ផ្សិត មក​ដល់​ហ្គេម​ជំនាន់ថ្មី Pokémon Go

Nintendo Co., Ltd. ជាក្រុមហ៊ុនផលិតឧបករណ៍ និងវីដេអូហ្គេម ដែលរកចំណូលបានច្រើនជាងគេលើលោក មានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្មេងៗកាលអំឡុងទសវត្សន៍ ៩០ ប្រាកដជាមិនភ្លេចទេហ្គេមតុក្កតាស៊ីផ្សិតដ៏ពេញនិយម ដែលប្រិយមិត្តមួយចំនួនធ្លាប់លេងកម្សាន្ត ក៏ជាស្នាដៃផលិតរបស់ក្រុមហ៊ុនផលិតហ្គេមដ៏ល្បី Nintendo នេះដែរ។

Nintendo ល្បី​តាំង​ពី​ផលិត​ហ្គេម​តុក្កតាស៊ី​ផ្សិត មក​ដល់​ហ្គេម​ជំនាន់ថ្មី Pokémon Go

Nitendo ក៏មានភាគហ៊ុនលើក្រុមហ៊ុន The Pokémon Company ដែលទទួលបានសិទ្ធផ្សព្វផ្សាយនិងលក់ហ្គេមPokémon Go ដែលកំពុងទទួលការពេញនិយមនិងរកចំណូលបានរាប់ពាន់លានដុល្លារ បន្ទាប់ពីដំណើរការនៅលើ iOS និង Play Store។

តើ Nintendo មានប្រវត្តិយ៉ាងណាខ្លះ មុនក្លាយជាក្រុមហ៊ុនផលិតហ្គេមកម្សាន្ត ដែលមានការទទួលស្គាល់ជុំវិញពិភពលោក សូម្បីនៅក្នុងប្រទេសកម្ពុជា។

Nintendo ដំបូងឡើយគឺជាក្រុមហ៊ុនផលិតហ្គេមបៀរ តែរហូតដល់ឆ្នាំ ១៩៦៣ ក្រុមហ៊ុនចាប់ពង្រីកខ្លួនទៅក្នុងវិស័យពាណិជ្ជកម្មតូចៗចំនួន ៣-៤ ផ្សេងទៀត ដូចជាក្រុមហ៊ុនរថយន្តឈ្នួល និងបើកសណ្ឋាគារជាដើម។ ក្រុមហ៊ុនជប៉ុនមួយនេះ បានចាប់កំណើតតាំងពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៨៨៩ ដែលបង្កើតដោយលោក Fusajiro Yamauchi។

ក្រោយ មក Nintendo បានបោះបង់ជំនួញដែលពុំសូវកាកកបនេះ ហើយបែរទៅអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនផលិតវីដេអូហ្គេម ដែលពេលនោះក្រុមហ៊ុនចាប់មានឥទ្ធិពលខ្លាំងឡើងនៅក្នុងវិស័យ ឧស្សាហកម្មបច្ចេកវិទ្យា និងជាក្រុមហ៊ុនដ៏ល្បីបំផុតឈរលំដាប់លេខ ៣ នៅជប៉ុន។ ជាក់ស្ដែងកាលពីនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០១២ របាយការណ៍លក់ផលិតផលហ្គេមរបស់ Nintendo ឃើញថាលក់បានជាង ៦៥១,៨លានគ្រឿង និង Software លក់បានរហូត ៤,០៨ពាន់លាន software ឯណោះ។

Nintendo ល្បី​តាំង​ពី​ផលិត​ហ្គេម​តុក្កតាស៊ី​ផ្សិត មក​ដល់​ហ្គេម​ជំនាន់ថ្មី Pokémon Goលោក Tatsumi Kimishima ប្រធានក្រុមហ៊ុន Nintendo

ប្រវត្តិ៖
– ចាប់ពីចុងឆ្នាំ ១៨៨៩ Nintendo ត្រូវបានគេស្គាល់ ជាក្រុមហ៊ុន Card Company ដែលពេលនោះមានឈ្មោះថា Nintendo Koppai។ ក្រុមហ៊ុននេះមានទីតាំងក្នុងទីក្រុង Kyoto ប្រទេសជប៉ុន។ អំឡុងពេលនោះ Nintendo Koppai បានយកចិត្តទុកដាក់លើការងារពាណិជ្ជកម្ម និងស្រូបយកទីផ្សារអ្នកលេងហ្គេមបៀយ៉ាងខ្លាំង។

ហ្គេមបៀមិន យូរប៉ុន្មានក៏ទទួលបានការពេញនិយមលេងយ៉ាងខ្លាំង ហើយលោក Fusajiro Yamauchi បានប្រមូលបុគ្គលិកបន្ថែមដើម្បីពង្រាយទៅក្នុងសង្វាក់ផលិតកម្មបៀ ផ្គត់ផ្គង់ឱ្យទាន់តម្រូវការ។

– នៅឆ្នាំ ១៩៥៦ ចៅប្រុសរបស់ Fusajiro Yamauchi ឈ្មោះ Hiroshi Yamauchi បានធ្វើដំណើរទៅកាន់ក្រុមហ៊ុនអាមេរិកមួយគឺ United States Playing Card Company ដែលល្បីល្បាញខាងផលិតហ្គេម គោលបំណងដើម្បីជជែកពិភាក្សាជាមួយអ្នកដឹងនាំក្នុងសង្វាក់ផលិតកម្ម ហ្គេម។ Hiroshi បានបានទទួលអារម្មណ៍ប្លែក មិននឹកស្មានដល់ថាក្រុមហ៊ុនដែលមានតែកូន Office តូចមួយសោះ មានឥទ្ធិពលទទួលបានការគាំទ្ររហូតក្លាយជា ក្រុមហ៊ុនផលិតហ្គេមដ៏ធំបំផុតលើពិភពលោកបាន។ នេះជាបទពិសោធន៍មួយដែល Hiroshi បានយកតម្រាប់តាម ក្នុងការកំណត់ទិសដៅជោគជ័យក្នុងមុខជំនួញខាងហ្គេមបៀរបស់ខ្លួន។

– ឆ្នាំ ១៩៦៣ Yamauchi បានផ្លាស់ប្ដូរឈ្មោះពី Nintendo Playing Card Co. Ltd. ទៅជា Nintendo Co., Ltd វិញ។ បន្ទាប់ពីនោះក្រុមហ៊ុនបានចាប់ផ្ដើមពង្រីកខ្លួនជាមួយបទពិសោធន៍ លើជ្រុងពាណិជ្ជកម្មកាន់តែច្រើនឡើង។ នៅរវាងឆ្នាំ ១៩៦៣ ដល់ ១៩៦៨ Nintendo បានបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្មរថយន្តឈ្នួលតាក់ស៊ី, បើកសណ្ឋាគារ Love, TV network, ចំណីអាហារ និងក្រុមហ៊ុន ៣-៤ ដែលលក់ផលិតផលផ្សេងៗទៀត។ ជាចុងក្រោយ រាល់មុខជំនួញទាំងប៉ុន្មាននេះ ហាក់មិនសមប្រកបទាល់តែសោះ។ ក្រោយមកក្រុមហ៊ុនបានលះបង់មុខជំនាញទាំងនេះ ដោយសារមានឱនភាពនៃការលក់រហូតប៉ះពាល់ដល់ចំណែកភាគហ៊ុននៅក្នុង ក្រុមហ៊ុន។

-ឆ្នាំ ១៩៦៦ Nintendo បានងាកក្លាយខ្លួនជារោងចក្រផលិតប្រដាប់ក្មេងលេងទទួលបន្ទុកដោយ ក្រុមហ៊ុនជាចំណុះ Ultra Hand ដឹងនាំផលិតកម្មដោយលោក Gunpei Yokoi។ លោក Yokoi ត្រូវបានគេលើកលោកពីអ្នកមើលខុសត្រូវក្នុងការផលិតប្រដាប់ក្មេង លេងមកជា developer ខាងផលិតផលនៅផ្នែក “Nintendo Game”។ ពេលនោះ Nintendo បន្តផលិតប្រដាប់ក្មេងលេងបានកាន់ប្រសើរឡើង ក្នុងនោះរួមមានម៉ាស៊ីន Ultra Machine, Love Tester និង Kousenjuu។

– នៅឆ្នាំ ១៩៧៣ ក្រុមហ៊ុនផ្ដោតយកចិត្តទុកដាក់បង្កើតហ្គេមកម្សាន្តថ្មីមួយទៀតគឺ Laser Clay Shooting System ដោយប្រើបច្ចេកវិទ្យាពន្លឺនៅលើកាំភ្លើង។ មិនយូរប៉ុន្មានក្រុមហ៊ុនក៏ទទួលបានជោគជ័យលើឧបករណ៍នេះ រួចបន្តពង្រីកស៊េរីហ្គេម light gun machine បន្ថែម៣-៤ប្រភេទទៀត មានដូចជា Wild Gunman ជាដើម។

– នៅឆ្នាំ១៩៧៤៖ នេះជាពេលវេលាដែលគួរកត់សំគាល់បំផុត ព្រោះជាឆ្នាំនេះដែល Nintendo ចាប់ប្រលូកខ្លួនទៅក្នុងជំនួញវីដេអូហ្គេម។

– ឆ្នាំ ១៩៧៥ Nintendo បានចូលខ្លួនជាក្រុមហ៊ុនផលិតហ្គេមទូប្រភេទដាក់កាក់លេង ឬទិញពង់ដើម្បីលេងបាន (arcade game)។ ក្រុមហ៊ុនក៏នៅមានហ្គេមផ្សេង ៣-៤ប្រភេទ ដែលឌីហ្សាញដោយលោកអ្នកឌីហ្សាញដំបូងគេក្នុងជំនួញហ្គេមនេះគឺលោក Genyo Takeda។ នៅពេលនោះ Nintendo ជោគជ័យបានមួយកម្រិតហើយជាមួយជំនួញថ្មីថ្មោងនេះ ប៉ុន្តែកត្តាជួយរុញច្រានឱ្យក្រុមហ៊ុនកាន់តែជោគជ័យខ្លាំងជាងនេះ ទៀតនោះ ដោយសារមានលោក Shigeru Miyamoto បានផលិតហ្គេម Donkey Kong កាលពីឆ្នាំ១៩៨១។ ខណៈពេលនោះ Nintendo ទទួលជោគជ័យយ៉ាងខ្លាំងសម្បើម ដោយទទួលបានចំណូលយ៉ាងកាក់កបកើតចេញពីការលក់ហ្គេមល្បីៗដូចជា៖ Atari 2600, Intellivison និង ColecoVision។

– លុះដល់ឆ្នាំ ១៩៧៧ ក្រុមហ៊ុនអាចផលិត hardware ដោយខ្លួនឯងបាន។ Hardware ទាំងនោះរួមមាន៖ ឧបករណ៍ចាក់វីដេអូហ្គេមលេងបាននៅលើទូរទស្សន៍ (Game Console ប្រភេទ Color TV Game)។ ដោយសារជំនួញនេះទទួលបានជោគជ័យយ៉ាងខ្លាំង និងដើម្បីអភិវឌ្ឍវាឱ្យកាន់តែឈានទៅមុខទៀតនោះ Nintendo បានជួល developer ម្នាក់ឈ្មោះ Shigeru Miyamoto ឱ្យមកកាន់ផ្នែកឌីហ្សាញរូបរាងខាងក្រៅលើ Color TV Game console។ ក្រៅពីនេះ Miyamoto ក៏នៅមានតួនាទីក្នុងការ develop ស៊េរីវីដេអូហ្គេមថ្មីៗទៀតដែរ។

– ឆ្នាំ១៩៨០ Nintendo បានចេញឧបករណ៍សម្រាប់លេងហ្គេមដែលមានអេក្រង់ភ្ជាប់មកជាស្រេច (Game & Watch) បង្កើតដោយលោក Yokoi ដែលឧបករណ៍ទាំងនោះអាចបញ្ចូលប្រភេទហ្គេមផ្សេងៗគ្នាលេងបាន។ ចាប់ពីពេលនេះ Game & Watch ចាប់ស្ទុះប្រលូកចូលទីផ្សារហ្គេមដោយទទួលបានជោគជ័យយ៉ាងខ្លាំង ចែកចាយជុំវិញពិភពលោក។

-ឆ្នាំ១៩៨៣ Nintendo បានបង្កើតស៊េរីឧបករណ៍ហ្គេមកាន់តែទំនើបដែលលេងបានដោយប្រើកាសែត ហ្គេម (Famicom)។ នៅពេលនោះ Nintendo មានឈ្មោះថា Nintendo Entertainment System (NES)។

-ឆ្នាំ១៩៨៣ ក្រុមហ៊ុនចាប់ប្រើស្លាកសញ្ញា (Logo) ដែលមានខ្សែបន្ទាត់រាងពងក្រពើព័ទ្ធជុំវិញអក្សរ Nintendo ជាពណ៌ក្រហម។

– ឆ្នាំ១៩៨៥ Nintendo បានចេញវីដេអូហ្គេម Super Mario Bros ដែលគេតែងហៅថា “តុក្កតាស៊ីផ្សិត”។ មិនគួរឱ្យជឿ Super Mario បានលើកស្ទួយក្រុមហ៊ុនយ៉ាងខ្លាំងដែលមានតួលេខលក់បានយ៉ាងខ្ពស់ បំផុត។

– នៅឆ្នាំ១៩៨៩ បន្ទាប់ពីជោគជ័យលើ Game & Watch ហើយលោក Yokoi បានបន្តអភិវឌ្ឍប្រភេទហ្គេមផ្សេងៗទៀតដូចជា៖ Game Boy និងឧបករណ៍ហ្គេម handheld game console ផ្សេងៗ។ នៅពេលនោះប្រភេទឧបករណ៍ហ្គេមទាំងពីរនេះ ក៏ទទួលបានជោគជ័យក្នុងការលក់យ៉ាងខ្លាំងសម្បើមផងដែរ។ រយៈពេលជោគជ័យនៃប្រភេទហ្គេមទាំងពីរនេះមានឥទ្ធិពលរហូតជាង ១ទសវត្សន៍ឯណោះ។

ក្រោយមកទៀត Nintendo បន្តអភិវឌ្ឍបន្ថែមដោយធ្វើកំណែប្រែនៅពី Game Boy ក្លាយជា Game Boy Pocket, Game Boy Light និង Game Boy Color ដោយមានរូបមន្តថ្មីពីលើ Game Boy ស៊េរីមុនបន្តិចបន្តួចប៉ុណ្ណោះ។ តមកទៀតលោក Gunpei Yokoi បានឌីហ្សាញប្រភេទហ្គេមថ្មីមួយទៀតនោះគឺ Virtual Boy។ លើកនេះសមិទ្ធផលទទួលបានពុំសមដូចចិត្តនោះទេ ពោលគឺការលក់មានកម្រិតទាប ដោយសារតែគុណភាពហ្គេមព្រមជាមួយក្រាហ្វិកនៅមានកម្រិត។ គ្រានោះលក់ Yokoi បានចូលនិវត្តន៍ឈប់ប្រលូករឿងរ៉ាវនៅក្នុងក្រុមហ៊ុន។

ដំណាក់កាល នោះជាពេលវេលាប្រកួតប្រជែងទីផ្សារឧបករណ៍ហ្គេមយ៉ាងខ្លាំងមួយ ព្រោះមានក្រុមហ៊ុនជាគូប្រជែងខ្លាំងៗដូចជា Sony និង Sega។

– មកដល់ឆ្នាំ ១៩៩៦ Nintendo បានចេញប្រភេទហ្គេមថ្មីមួយទៀតគឺ Nintendo 64 ដែលបានបំពាក់ក្រាហ្វិក 3D ហើយអាចលេងម្ដងច្រើនគ្នាបានរហូត៤នាក់។ ហ្គេមនេះប្រើ analog stick សម្រាប់បញ្ជាទិស។ បន្ទាប់មកក្រុមហ៊ុនចេញឧបករណ៍ហ្គេមថ្មីមួយប្រភេទទៀតគឺ Rumble Pak ដើម្បីកែលំអបន្ថែមលើ Nintendo 64 ឱ្យមានលក្ខណៈកាន់តែល្អប្រសើរបំពេញតាមតម្រូវការអ្នកលេង។

– ឆ្នាំ២០០១ Nintendo ចាប់បង្កើតឧបករណ៍ហ្គេមដែលប្រើជាមួយបន្ទះស៊ីឌីជំនួសកាសែត cartridgesឈ្មោះថា GameCube។ ការលក់ទទួលបានជោគជ័យគ្រាន់បើដែរ តែនៅមានគូប្រជែង PlayStation 2។ ខណៈ នោះក្រុមហ៊ុនបានចេញប្រភេទ Game Boy ថ្មីមួយទៀតឈ្មោះថា Game Boy Advance។

– នៅឆ្នាំ២០០៤ Nintendo ចោលស៊េរី Game Boy ដោយងាកមកផលិតឧបករណ៍ហ្គេមថ្មីឈ្មោះជាខ្សែស្រលាយ Nintendo DS វិញ។ ឧបករណ៍ហ្គេមស៊េរីថ្មីនេះមានអេក្រង់ភ្លោះប្រើ touchscreen និងមានបាសសំឡេង។ ក្រោយមកចេញស៊េរីថ្មីបន្តទៀតគឺ Nintendo DSi, Nintendo DSi XL, Nintendo 3DS ជាមួយអេក្រង់ធំជាងមុន។

-នៅ ឆ្នាំ២០១២ខែសីហា Nintendo បានអភិវឌ្ឍឧបករណ៍ហ្គេមប្រភេទថ្មីបន្តលើស៊េរីមុនៗនោះគឺ Nintendo 3DS XL ដែលស៊េរីថ្មីនេះកាន់តែទំនើបមានអេក្រង់ធំជាងមុនរហូត ៩០% ហើយអាចប្រើជាមួយមេម៉ូរីប្រភេទ SD card បានទំហំ 4GB និងថ្មមានអាយុកាលបានវែងជាងមុន។

នៅឆ្នាំដដែលនេះក្រុមហ៊ុន បានចេញស៊េរីឧបករណ៍ហ្គេមថ្មីមួយទៀតនោះគឺ Wii។ Wii បានប្រើបច្ចេកវិទ្យា motion sensing controller សម្រាប់បញ្ជា។ នេះជាឆ្នាំដែលស្លាកសញ្ញារបស់ Nintendo ផ្លាស់ប្ដូរមុខមាត់ថ្មីម្ដងទៀតហើយ ដែលប្រែពីពណ៌ក្រហមទៅជាពណ៌ប្រផេះវិញ។ ឆ្នាំដដែលក្រុមហ៊ុនបន្តចេញឧបករណ៍ហ្គេមថ្មីមួយទៀតគឺ Wii U។ Wii U ប្រើបច្ចេកវិទ្យា touchscreen សម្រាប់បញ្ជា (touch screen controller) និងមាន២ជំនាន់ផ្សេងគ្នារួមមាន Basic និង Deluxe។ ប្រភេទឧបករណ៍ហ្គេមចេញថ្មីទាំងនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃ៕

ប្រភព៖ sabay

  • Nintendo ល្បី​តាំង​ពី​ផលិត​ហ្គេម​តុក្កតាស៊ី​ផ្សិត មក​ដល់​ហ្គេម​ជំនាន់ថ្មី Pokémon Go已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: