លោកតា​អាយុ​៩១​ឆ្នាំ​ក្រីក្រ​តោកយ៉ាក​ម្នាក់​ជិះ​កង់​មក​ទិញ​ឥ​វ៉ាន់​ហូប​ដួល​ស្លាប់​នៅផ្ទះ​អ្នកលក់​ចាប់ហួយ

​ខេត្តកំពង់ឆ្នាំង​៖ លោកតា​វ័យ​ចំណាស់​ម្នាក់​ក្នុង​ជីវភាព​តោកយ៉ាករ​ស់ទាំង​វេទនា​កំដរ​ជីវិតចុងក្រោយ បាន​ដួល​ស្លាប់​ក្នុងផ្ទះ​លក់​ចាបហួយ​មួយកន្លែង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ខណៈដែល​រូបគាត់​បាន​ជិះ​កង់​មាន​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ​ពី​ផ្ទះ​ក្នុង​វ័យចាស់​ជរា មករក​ទិញ​ឥ​វ៉ាន់​ហូប​នៅផ្ទះ​កើតហេតុ​ស្ថិតក្នុង ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុម​កំពង់ឆ្នាំង ហើយ​ម្ចាស់ផ្ទះ​តែងតែ​មិន​យកប្រាក់​ពី​គាត់​នោះទេ​ដោយ​អាណិតអាសូរ​។

នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​៖ បុរស​ចំណាស់​រូបនោះ​មានឈ្មោះ ឡេង ជិន អាយុ​៩១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។​ម្ចាស់ផ្ទះ ឈ្មោះ ឈុន វីរៈ បានអោយដឹងថា​៖ ស្ទើរតែ​រាល់​គាត់​តែង​ឃើញ​លោកតា​រូបនោះ ជិះ​កង់​ពី​ផ្ទះ​នៅ​ភូមិ​ចំការ តា​ម៉ៅ ដែលមាន​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ ពី​ផ្ទះ​មក​ទិញ​ឥ​វ៉ាន់​គាត់ ពេលខ្លះ​ទិញ​តិច​តូច​គាត់​មិន​យកលុយ​កាក់​ទេ យូៗ​ទៅ សឹង​ថា​ដូច​ឪពុក​នឹង​កូនធម៌​ទៅហើយ​។ នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​លោកតា ជិះ​កង់​មកដល់​ផ្ទះ​គាត់​ជាថ្មីទៀត និង​គ្រាន់តែ​ឡើងដល់​លើផ្ទះ​ស្រាប់តែ​ដួល​ស្លាប់​តែម្តង មិនអាច​ជួយសង្គ្រោះ​បាន​ឡើយ​ន​ទំនង​គាត់​ខ្យល់គរ ។

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ បាន​សន្និដ្ឋានថា​៖ អាច​ស្លាប់​ដោយ​គាំងបេះដូង ឬ​ដោយសារ​ខ្យល់គរ រួច​បានប្រគល់​សាកសព លោកតា​ចំណាស់​ខាងលើ ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​ភូមិ​ចំការ​តា​ម៉ៅ​។​ ​ប្រជាពលរដ្ឋ​រស់នៅ​អ្នកជិតខាង​ជាប់​ផ្ទះ​បុរស​ចំណាស់​ខាងលើ​បាន​ឲ្យ​ដឹងថា​៖ គាត់​សព្វថ្ងៃ រស់នៅ​ជាមួយ​កូនចុង នៅ​ភូមិ​ចំការ​តា​ម៉ៅ ក្នុង​ជីវភាព​ក្រលំបាក​ខ្លាំងណាស់ ហើយ​បុណ្យសព អាច​នឹងត្រូវ​ធ្វើ​នៅ​វត្ត​ក្តី​ត្នោត​ដែល​នៅ​ជិត​នោះ ដែល​នេះ​ក៏​ព្រោះតែ​ជីវភាព​ក្រីក្រ​តោកយ៉ាក​៕ រិ​ទ្ធិ ជ័យ​

KA-18-07-2016-02 KA-18-07-2016-03