សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​យកលុយ​ហើយ​ដោះលែង​យ៉ាង​រលូន​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​តួនាទី​របស់ខ្លួន​នោះទេ​។ ជាក់ស្ដែង​រហូតមកដល់​ពេលនេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គិតតែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ប៉ុណ្ណោះ​។ និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់ ចំណែកឯ​ឈ្មួញ​ដែល​បង់លុយ​ជាប្រចាំ​គឺអាច​រួច​ផុតពី​ការបង្ក្រាប​យ៉ាង​ក្រអឺតក្រទម​។

កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​មួយក្រុម​បាន​ស្ទាក់ចាប់​រថយន្ត​នីសា​ន់​១​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-8261 ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅត្រង់ចំណុច​ភូមិ​កែង​ទោង ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ការបង្ក្រាប​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នាំគ្នា​ហួសចិត្ត​យ៉ាងខ្លាំង ព្រោះ​សមត្ថកិច្ច​ឃាត់​បាន​តែមួយ​ភ្លែត​ក៏​ដោះលែង​រថយន្ត​ដឹកឈើ​ប្រណីត​នោះ​បាត់ស្រមោល​តែម្តង​។ មានការ​សង្ស័យថា​សម​ត្ថ​កិច្ច​មួយក្រុម​នោះ​ទទួលបាន​សំណូក​ពី​ម្ចាស់​រថយន្ត​ដឹកឈើ ទើប​ដោះលែង​ភ្លាមៗ​ក្រោយពេល​បង្ក្រាប ដែល​ប្រការនេះ​ធ្វើ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ថែមទៀត​ជាមិនខាន​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​តាមផ្លូវ​ជាតិ​លេខ​៦ ជាពិសេស​នៅក្នុង​ស្រុក​សូទ្រនិគម មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ជាច្រើន​កន្លែង ក៏ប៉ុន្តែ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​។ ប្រការនេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​បក្ខពួក​មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ជាក់ស្ដែង​ការបង្ក្រាប​រថយន្ត​ដឹកឈើ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា នៅ​ឃុំ​ពពេល ស្រុក​សូទ្រនិគម ត្រូវបាន​ដោះលែង​ទៅវិញ​ភ្លាមៗ​បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួល​សំណូក​ពី​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ ហើយ​បញ្ហា​នេះ​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​៕

b-t-car1-500x375 b-t-car-500x375