ឈ្មោះ ពៅ បើក​ល្បែងស៊ីសង​ជិត​ផ្ទះ​អភិបាលក្រុង​ច្បារមន សមត្ថកិច្ច​មើលមិនឃើញ​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​តទៅទៀត​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ឈ្មោះ ពៅ អាយុ​ជាង​៥០​ឆ្នាំ បាន​បើក​ល្បែងស៊ីសង​នៅក្បែរ​ផ្ទះ​លោកស្រី​អភិបាលក្រុង​ច្បារមន ក្នុងភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ជា​យូរ​មកហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​ក្រុង​ច្បារមន ក៏ដូចជា​នគរបាល​ក្រុង​ច្បារមន ចាត់វិធានការ​បង្ក្រាប​នោះទេ​។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​កើត​បទល្មើស​ផ្សេងៗ​ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ និង​អំពើចោរកម្ម​ជា​បន្តបន្ទាប់​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​បុរី​កម្មករ បាន​ឲ្យ​ដឹងថា​ឈ្មោះ ពៅ បាន​បើក​លេងល្បែង​ជាច្រើន​ប្រភេទ ជាពិសេស​ល្បែង​បៀ​យ៉ាង​ពេញបន្ទុក ហើយ​បើ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​អ្នក​មកលេង​ល្បែង​ស្ទើរតែ​រក​កន្លែង​ចត​ម៉ូតូ​និង​រថយន្ត​មិនបាន​។ ទីតាំង​លេងល្បែង​ស៊ីសង​នេះ គឺ​នៅក្បែរ​ផ្ទះ​អ្នកស្រី ប៉ោក សេដ្ឋា អភិបាលក្រុង​ច្បារមន​តែម្តង ប៉ុន្តែ​អ្នកស្រី​អភិបាលក្រុង​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ប្រហែលជា​យល់​ញាតិ​ឬ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ទើប​បណ្ដែតបណ្ដោយ​មិន​ខ្វល់​ពី​ការរិះគន់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា មិនមែន​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ​ទេ ដែល​ចូល​ទៅលេង​ល្បែងស៊ីសង​ដែល​ឈ្មោះ ពៅ បាន​បើក​ក្បែរ​ផ្ទះ​អភិបាលក្រុង​ច្បារមន គឺមាន​មន្ត្រី​យោធា និង​មន្ត្រីនគរបាល ក៏​ចេញចូល​ទៅលេង​ល្បែង​នៅ​ទីនោះ​យ៉ាង​គគ្រឹកគគ្រេង​ដែរ​។

អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រុង​ច្បារមន រិះគន់​យ៉ាងខ្លាំង​នោះ​គឺ​កន្លងមក​អ្នកស្រី ប៉ោក សេដ្ឋា អភិបាលក្រុង​ច្បារមន ធ្លាប់​ប្ដេជ្ញា​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដូចជា បៀ​អាប៉ោង កន្ទុយលេខ និង​បញ្ជល់មាន់​ជាដើម ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បន​ល្បែងស៊ីសង​ដែល​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅក្បែរ​ផ្ទះ​អ្នកស្រី បែរជា​អ្នកស្រី​មិន​ចាត់វិធានការ​បង្ក្រាប ហើយ​បទល្មើស​គ្រឿងញៀន​និង​អំពើចោរកម្ម​ក៏​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​ច្បារមន​ដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ដល់​លោក វ៉ី សំណាង ជា​អភិបាលខេត្ត ឲ្យ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​នោះ​ហើយ ដែល​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​៕

vei-samnang-1_973x615លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ce522a39-ca98-4f9c-b03d-ad43f31f96f0 76d6d33c-f041-420f-82e3-832fa279f7ff