ទឹកជំនន់​កំពុង​ចាប់ផ្ដើម​ប៉ះពាល់​ក្រុមហ៊ុន​ប្រេង​របស់​ចិន

ប្រទេស​ចិន ៖ ក្រុមហ៊ុន​ប្រេង​ធំ​បំផុត​នៅ​អាស៊ី Sinopec បាន​រាយការណ៍​ថា ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៥០០​កន្លែង​នៅ​ប្រទេស​ចិន​ត្រូវ​បាន​បិទ រួម​ទាំង​ឧបករណ៍​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ចំនួន​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ ដោយសារ​បញ្ហា​គ្រោះ​ទឹកជំនន់​នៅ​តំបន់​ភាគ​ខាងត្បូង និង​ភាគ​កណ្តាល​ប្រទេស​ចិន ។

មួយ​ភាគ​ធំ​នៃ​ប្រទេស​ចិន​បាន​និង​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ជំនន់​ទឹកភ្លៀង ក្នុង​នោះ​មាន​ប្រជាជន​ចំនួន​១៧៣​នាក់​បាន​ស្លាប់ និង​៣១​លាន​នាក់​នៅ​ក្នុង​១២​ខេត្ត​ផ្សេង​ទៀត​កំពុង​រង​ផល​ប៉ះពាល់​ផង​ដែរ រួម​ទាំង​ដំណាំ​ផ្សេង​ៗ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ជា​ច្រើន ។ បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ និង​ប្រេង​កំពុង​រង​ការ​ខូចខាត ព្រមទាំង​សម្ភារ​បរិក្ខារ​កំពង់​ផែ​មួយ​ចំនួន​ធំ​ផង​ដែរ​។ ប្រេង និង​ឥន្ធនៈ​គីមី​របស់​ចិន ត្រូវ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ស្ថានីយ​ប្រេង​ចំនួន​៣០០​កន្លែង​ត្រូវ​បាន​បិទ​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក​ម្ល៉េះ និង​២៥០​កន្លែង​ផ្សេង​ទៀត ក៏​កំពុង​រង​ផល​ប៉ះពាល់​ផង​ដែរ ។

ក្រុមហ៊ុន Sinopec បាន​បិទ​ឧបករណ៍​ដំណើរការ​បំ​លែង​អីុ​ដ្រូ​សែន​មួយ​ចំនួន និង​មួយ​ផ្នែក​នៃ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ទីក្រុង Wuhan កាលពី​ថ្ងៃ​ទី​៦ កក្កដា​កន្លង​ទៅ នៅ​ពេល​ដែល​បំពង់​បង្ហូរ​ប្រេង​មួយ​ចំនួន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់ ។ ម្យ៉ាងទៀត កន្លែង​ស្តុក​ប្រេង​៣​ទីតាំង​ផ្សេង​ទៀត​នៅ​ខេត្ត Anhui ក៏​រង​សម្ពាធ​ទឹកជំនន់​ផង​ដែរ ។

ក្រុមហ៊ុន Sinopec បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ កក្កដា ថា ទិន្នផល​ប្រេង​ឆៅ​នឹង​មាន​ចំនួន​តិច​សម្រាប់​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​ក្រុមហ៊ុន​នឹង​ជួប​ផលវិបាក​ចំពោះ​បញ្ហា​ចំណូល​របស់​ខ្លួន​នៅ​ក្នុង​ត្រីមាស​ទី​៣ ទៀត​ផង ។

កាលពី​ឆ្នាំ​២០១០ ក្រុមហ៊ុន​សាជីវកម្ម​ប្រេងឥន្ធនៈ និង​គីមី​ចិន ដែល​ជា​ក្រុមហ៊ុនមេ​របស់ Sinopec បាន​បិទ​អណ្តូងប្រេង​មួយ​ចំនួន​នៅ​ភាគ​ខាងត្បូង​ប្រទេស ដោយសារ​តែ​ទឹកជំនន់​ធ្ងន់ធ្ងរ​ពេក ។ នា​ពេល​នោះ អណ្តូងប្រេង​របស់​ក្រុមហ៊ុន​នេះ​ប្រមាណ​១០០​កន្លែង​នៅ​ខេត្ត Jiangsu ក៏​ត្រូវ​បាន​បិទ​ផង​ដែរ ។

នៅ​ខែមិថុនា​ឆ្នាំ​នេះ ប្រេង​បម្រុង​របស់​ចិន បាន​កើនឡើង​៦៤% ដែល​វា​ជា​លទ្ធផល​នៃ​កំណើន​រុករក​រ៉ែ ។ ប្រេង​បម្រុង​សរុប​សម្រាប់​ប្រទេស​នេះ​មាន​ចំនួន​១២៦​ប៊ី​លាន​តោន ដោយ​មាន​៣០​ប៊ី​លាន​តោន​នៃ​ការ​បម្រុង​ទុក ។ តួលេខ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៃ​កំណើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់​កាលពី​១០​ឆ្នាំ​មុន ៕