ឆ្នាំ​2017 ថៃ​មាន​មហិច្ឆតា​ចង់​សម្រេច​គោលដៅ​លើ​វិស័យ​ទេសចរណ៍

ប្រទេស​ថៃ ៖ អាជ្ញាធរ​ទេសចរណ៍​ថៃ​អាច​នឹង​សម្រេច​បាន​នូវ​គោលដៅ​ឆ្នាំ​២០១៧​របស់​ខ្លួន ដើម្បី​បង្កើន​ប្រាក់​តាម​រយៈ​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ឲ្យ​ឈាន​ឡើង​១០% ដែល​មាន​តម្លៃ​៩៥០​ប៊ី​លាន​បាត និង​បាន​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១០% ស្មើនឹង​១,៨៩​ទ្រី​លាន​បាត ប្រសិនបើ​គ្មាន​ភាព​តានតឹង​ផ្នែក​នយោបាយ និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល ។

កាលពី​ពេល​ថ្មី​ៗ​នេះ លោក Ittirit Kinglake ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ (TCT) បានឱ្យ​ដឹង​ថា ប្រទេស​ថៃ​នឹង​អាច​ឈាន​ដល់កំណត់​ត្រា​ខ្ពស់​បាន ប្រសិនបើ​គេ​អាច​ជំរុញ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ទីផ្សារ​ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ។

ឧស្សាហកម្ម​ទេសចរណ៍​បាន​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​បន្ទាប់​ពី​ភាព​វឹកវរ​នៃ​ការ​ដាក់​គ្រាប់បែក​នៅ​ទី​សក្ការបូជា Erawan កាលពី​ខែសីហា និង​អំពើ​ហិង្សា​នៅ​ក្រៅ​ប្រទេស។ ទោះជា​យ៉ាងណា ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​នឹង​កើត​មាន​ឡើង​នា​ឆ្នាំ​ខាង​មុខ​នេះ រួម​ទាំង​អ​ស្ថិរភាព​សេដ្ឋកិច្ច​សកលលោក និង​បញ្ហា​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន ។

លោក​បាន​ថ្លែង​ថា ៖ « ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ​មាន​អារម្មណ៍​ថា បើ​ទោះបីជា​ភ្នាក់ងារ​អាជ្ញាធរ​ទេសចរណ៍​ថៃ​មាន​បំណង​ខ្ពស់​ហួសពេក ទាំងនោះ​គឺជា​ការ​ព្យាករ​នា​ពេល​កន្លង​មក​។ ប្រសិនបើ​គ្មាន​កត្តា​អាក្រក់​ចូល​មក​ទេ ប្រទេស​នេះ​នឹង​មានឱកាស​ក្នុង​ការ​សម្រេច​បាន​នូវ​ក្តី​សង្ឃឹម​ដ៏​ខ្ពស់​ជា​ច្រើន » ។

លោក Eric Brand នាយក​ប្រតិបត្ដិ​នៃ​សណ្ឋាគារ Arnoma Grand Bangkok មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​នឹង​នៅ​តែ​ជា​គោលដៅ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​អន្ដរជាតិ បើ​វិនិច្ឆ័យ​ពី​ការ​កក់​សំបុត្រ​ទុក​មុន​សម្រាប់​រដូវ​កាល​ខាង​មុខ ។ សណ្ឋាគារ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​បាងកក នឹង​រៀបចំ​អត្រា​ជួល​ជា​មធ្យម​រហូត​ដល់​ទៅ​៩០​ភាគរយ​នៅ​ក្នុង​ត្រី​មាស​​ចុង​ក្រោយ ឆ្នាំ​នេះ ហើយ​លោក​បាន​ព្យាករណ៍​បន្ថែម​ទៀត​ថា ប្រហែលជា​មាន​៥​ទៅ​១០​ភាគរយ ដែល​ច្រើន​ជាង​កាលពី​រដូវ​កាល​មមាញឹក​មុន ។

កាលពី​ពេល​កន្លង​មក អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ប្រកាស​ពី​ផែនការ​សកម្មភាព​របស់​ខ្លួន សម្រាប់​ឆ្នាំ​២០១៧ ទៅ​លើ​វិស័យ​ឯកជន បន្ទាប់​ពី​បាន​ចំណាយពេល​រិះរក​គំនិត និង​រៀបចំ​យុទ្ធសាស្ត្រ ថ្មី​អស់​មួ​យស​ប្តា​ហ៍​មក ។

អាជ្ញាធរ​ទេសចរណ៍​ថៃ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​មួយ​នៃ​ឧស្សាហកម្ម​ធំ​ៗ​ទាំង​៧ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឆ្អឹងខ្នង​នៃ​ការ​រីក​ចម្រើន​ថ្មី​របស់ « សេដ្ឋកិច្ច​ឌី​ជី​ថ​ល » ។ វិស័យ​នេះ​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទៅ​លើ​វិស័យ​តូច​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ការ​ថែទាំ​សុខភាព ការ​ការពារ​វប្បធម៌​និង​បេតិកភណ្ឌ និង​បរិស្ថាន​ធម្មជាតិ ជាដើម ។

របក​គំរូ​ថ្មី​នេះ នឹង​ជួយ​ផ្លាស់​ប្តូរ​ឧត្តមភាព​នៃ​ការ​ប្រៀបធៀប​របស់​ថៃ​ឲ្យ​ក្លាយជា​ឧត្តមភាព​ប្រកួតប្រជែង ។ អាជ្ញាធរ​ទេសចរណ៍​ថៃ​នឹង​អភិវឌ្ឍន៍​ឧបករណ៍​ទំនាក់ទំនង​ទីផ្សារ​ឲ្យ​បាន​ទូលំទូលាយ ស្រប​នឹង​បំណង​ដើម្បី​ផ្តល់​ភាព​លេចធ្លោ​នៃ « បទ​ពិសោធន៍​ដ៏​ជោគជ័យ​ក្នុងស្រុក មាន​តែ​មួយ​គត់​របស់​ប្រទេស​ថៃ » នៅ​លើ​ឆាក​អន្តរជាតិ ។

« ភាព​អស្ចារ្យ​របស់​ប្រទេស​ថៃ » នឹង​នៅ​តែ​បន្ត​កើត​មាន ហើយនឹង​ត្រូវ​បាន​គាំទ្រ​ដោយ​សាច់​រឿង​សំខាន់​ៗ​ជា​ច្រើន ដែល​ត្រូវ​បាន​គេ​ហៅ​ថា « ការ​ស្វែង​យល់​ពី​រឿងរ៉ាវ​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ព្រះរាជាណាចក្រ​អច្ឆរិយ​ថៃ » ។

សម្រាប់​ឆ្នាំ​ក្រោយ​នេះ អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ជ្រើសរើស​ខេត្ត​ឈៀង​រ៉ៃ ជា​ខេត្ត​គំរូ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព ។

មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​បរិស្ថាន​បៃតង  សេដ្ឋកិច្ច តុល្យភាព​នៃ​សង្គម​និង​បរិស្ថាន នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​លើក​ដំបូង​នៅ​ក្នុងស្រុក Chiang Saen ហើយ​ក្រោយមក​នឹង​ពង្រីក​ជា​បន្តបន្ទាប់​នៅ​ទូ​ទាំង​ខេត្ត ។

ឆ្នាំ​នេះ ប្រទេស​ថៃ​នឹង​ធ្វើ​ជា​ប្រទេស​ម្ចាស់ផ្ទះ​សម្រាប់​ទិវា​ទេសចរណ៍​ពិភពលោក​ប្រចាំឆ្នាំ ដែល​គេ​តែងតែ​ប្រារព្ធ​ធ្វើ​ជា​ទូទៅ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ក្រោម​ការ​គាំទ្រ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ ។

នៅ​ឆ្នាំ​ក្រោយ ប្រទេស​ថៃ​ក៏​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ទេសចរណ៍​ពិភពលោក និង​ក្រុមប្រឹក្សា​ទេសចរណ៍​នៅ​ខែមេសា និង​សភា​នៃ​ផែនការ​ទិស​ដៅ​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ខែឧសភា ៕