ប៉ូលិស​3​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​នៅ​រដ្ឋ​ល្វី​ហ្សា​ណា​សហរដ្ឋអាមេរិក

ប្រមុខ​ប៉ូលិស​រដ្ឋ​ល្វី​ហ្សា​ណា​សហរដ្ឋអាមេរិក​លោក MIKE EDMONSON ថ្លែង​ថា ប៉ូលិស​៣​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៣​នាក់​ទៀត​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ដោយ​សារ​​ការ​បាញ់ប្រហារ​មួយ​នៅ​ទីក្រុង BATON ROUGE រដ្ឋធានី​រដ្ឋ​ល្វី​ហ្សា​ណា ។ ចំណែក​ខ្មាន់កាំភ្លើង​វិញ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ ។

ប្រមុខ​ប៉ូលិស​រូប​នេះ​បញ្ជាក់​ថា ពុំ​មាន​ខ្មាន់កាំភ្លើង​ឯទៀត​ក្នុង​តំបន់​ទីក្រុង BOTON ROUGE ឡើយ ហើយ​លោក​បដិសេធ​ព័ត៌មាន​ទាំងឡាយ​លេចឮ​នា​ពេល​មុន​នេះ ដែល​ថា​មាន​ខ្មាន់កាំភ្លើង​២​នាក់​រត់គេច​ខ្លួន ។

អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ប្រកាស​ដោយសារ​ព័ត៌មាន​ជា​ច្រើន និង​ដោយ​ប្រភព​ប៉ូលិស​មួយ ។ ជន​នោះ​មានឈ្មោះ​ថា GAVIN LONG ជា​យុវជន​ស្បែក​ខ្មៅ​អាយុ​២៩​ឆ្នាំ​ម្នាក់ ។ ទូរទស្សន៍ CBS NEWS អះអាង​ថា ខ្មាន់កាំភ្លើង​ជា​អតីត​ទាហាន​ម៉ា​រី​ន​ម្នាក់​មាន​ដើម​កំណើត​នៅ​រដ្ឋ​មី​ស៊ូ​រី ។

អ្នកកាសែត​ម្នាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក AP កត់សម្គាល់​ពី​វត្តមាន​ប៉ូលិស​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​នៅ​ជុំវិញ​ផ្ទះ​មួយ​របស់ GAVIN LONG នៅ​ក្រុង KANSAS CITY ជាទី​ក្រុង​មួយ​នៃ​រដ្ឋ​មី​ស៊ូ​រី ស្ថិត​នៅ​ចម្ងាយ​១.១៥០​គីឡូម៉ែត្រ ភាគ​ខាងជើង​ក្រុង BATON ROUGE ។

ក្នុង​សង្កថា​ខ្លី​មួយ ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់​ថា មូលហេតុ​នៃ​ការ​បាញ់ប្រហារ​របស់​ខ្មាន់កាំភ្លើង​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។ ក្នុង​នាម​ប្រជាជាតិ យើង​ត្រូវ​និយាយ​ខ្លាំង​ៗ​ថា គ្មាន​អ្វី​ជា​ហេតុផល​ដែល​បាញ់ប្រហារ​ប្រឆាំង​ប៉ូលិស​ហើយ​ការ​វាយប្រហារ​នេះ​ជា​ការ​វាយប្រហារ​ប្រឆាំង​យើង​គ្រប់​គ្នា ។

បន្ទាប់​មក​ប្រធានាធិបតី​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក DONALD TRUMP ដែល​ក្រោយ​ការ​វាយប្រហារ​នេះ​និយាយ​ចំអក​ពី​ការ​ខ្វះ​សមត្ថភាព​ជា​មេដឹកនាំ ។ លោក​មាន​ប្រសាសន៍​ថា យើង​ពុំ​ត្រូវការ​វោហា​សាស្ត្រ​មួយ​ដែល​ចាក់​សាំង​បន្ថែម​លើ​ភ្លើង​ឡើយ ។ យើង​ពុំ​ត្រូវការ​នូវ​ការ​ចោទប្រកាន់​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទាំងឡាយ ដើម្បី​យកចំណេញ​នយោបាយ​ឡើយ ។ យើង​ត្រូវ​គ្រប់គ្រង​លើ​ពាក្យ​សម្តី​របស់​យើង ហើយ​បើកចំហ​ទឹកចិត្ត​របស់​យើង ។

ទោះបី​យ៉ាងណា ប្រមុខ​ប៉ូលិស​រដ្ឋ​ល្វី​ហ្សា​ណា​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ​ឡើយ ៕