លោក អូន ព័ន្ធមុនីរ័ត្ន គួរពិនិត្យមើល​អំពើពុករលួយ​របស់​ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង​ខ្លះ​ផង​

​ថ្មីៗ​នេះ​មន្ត្រី​ពន្ធដារ​ខេត្តព្រៃវែង បាន​លាតត្រដាង​អំពើពុករលួយ​របស់លោក ហ៊ឹម ឡូញ ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង ដើម្បី​ឲ្យ​ថ្នាក់លើ​បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​លោក ហ៊ឹម ឡូញ និង​បក្ខពួក​មួយ​ក្ដាប់​តូច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​រយៈពេល​ជាង​១​ឆ្នាំ​ដែល​លោក ហ៊ឹម ឡូញ មកកាន់​តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង គឺ​មន្ត្រី​រូបនេះ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ដើម្បី​ប្រមូល​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព់​ប្រឆាំង​អំពើពុករលួយ​ឡើយ​។ ហេតុនេះហើយ​ទើប​មន្ត្រី​ពន្ធដារ​ក្នុង​ខេត្តព្រៃវែង បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង ជាបន្ទាន់​។

ប្រភពពី​មន្ត្រី​ពន្ធដារ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ទៀតថា​មួយ​រយៈពេល​កន្លងទៅនេះ​លោក ហ៊ឹម ឡូញ កំពុង​ប្រមូលប្រាក់​តាមរបៀប​ពុករលួយ​នៅ​គ្រប់​ស្រុក គ្រប់​ច្រកចេញចូល តាម​ព្រំដែន និង​គ្រប់​រូបភាព ជាពិសេស​គឺ​ប្រមូល​ចំណូល​ពី​អាជីវកម្ម​ផ្សេងៗ​នៅ​ទូទាំង​ខេត្ត​។ ហេតុនេះហើយ​ទើប​លោក ហ៊ឹម ឡូញ មាន​ជីវភាព​រស់នៅ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ដោយ​ដូរ​ស៊េរី​រថយន្ត​ជា​បន្តបន្ទាប់ ហើយ​មាន​លុយកាក់​ដើរ​ស៊ីផឹក​ហ៊ឺហា​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ប្រាក់​ដែល​លោក ហ៊ឹម ឡូញ មានដូចជា ប្រមូល​តាម​រោង​ម៉ាស៊ីនកិនស្រូវ និង​ប្រាក់​ពន្ធ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី ប្រមូល​ពន្ធ​តាម​អាជីវកម្ម​នានា រួមទាំង​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​យួន​តាម​ច្រក​ផ្សេងៗ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​ស្និទ្ធ​នឹង​លោក ហ៊ឹម ឡូញ ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​ការប្រមូល​លុយ​ពី​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ពី​ការបង់ពន្ធ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី ក៏ដូចជា​ការប្រមូល​លុយ​ពី​ទីតាំង​អាជីវកម្ម​ផ្សេងៗ គឺ​លោក ហ៊ឹម ឡូញ សម្រេច​តាម​បបូរមាត់​របស់ខ្លួន​មិនអាច​តវ៉ា​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហ៊ឹម ឡូញ មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាំងពី​នៅ​ធ្វើជា​មន្ត្រី​ពន្ធដារ​ក្នុងស្រុក​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាម​រក៍​មកម្ល៉េះ ហើយ​នៅពេល​បាន​ធ្វើជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង គឺ​លោក ហ៊ឹម ឡូញ ប្រើ​អំណាច​ឥទ្ធិពល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​អំពើពុករលួយ​របស់លោក ហ៊ឹម ឡូញ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​ខេត្តព្រៃវែង ដឹង​ឮជា​សាធារណៈ​រួចទៅហើយ​៕

H111115TV-P4លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ