កម្ពុជា​កំពុង​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​«ស្រ្តី​ និង​កីឡា​» លើក​ទី​៣​នៅ​សៀមរាប​

ប្រទេស​កម្ពុជា​​កំពុង​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​ «ស្ត្រី​ និង​កីឡា»​​លើក​ទី​៣​នៅ​ទី​រួម​ខេត្ត​សៀមរាប​​​រយៈ​ពេល​៤​ថ្ងៃ​​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ព្រឹក​មិញ​នេះ​​​ដើម្បី​ជំរុញ​ និង​លើក​កម្ពស់​ស្ត្រី​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​កីឡា​​ឲ្យ​បាន​ច្រើន​ផុលផុស​ដូច​បុរស​ដែរ​នា​​ថ្ងៃ​អនាគត។

កម្ពុជា​កំពុង​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​«ស្រ្តី​ និង​កីឡា​» លើក​ទី​៣​នៅ​សៀមរាប​ឯក​ឧត្តម​ វ៉ាត់ ចំរើន និង លោក​​ស្រី​ Beng Choo Low 

​សិក្ខាសាលា​នេះ​អញ្ជើញ​ចូល​រួម​​ពី​អ្នក​ខេត្ត​សៀមរាប​​ចំនួន​២០​នាក់​ និង​មក​ពី​រាជ​ធានី​ភ្នំពេញ​១៥​នាក់​ក្នុង​​នោះ​គណៈ​អធិបតី​មាន​​​​​ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ជំទាវ​ ម៉ក់ វណ្ណស៊ីថា អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ ​និង​ជា​ប្រធាន​គណៈកម្មការ​ស្ត្រី​ និង​កីឡា​កម្ពុជា​ លោក​​ស្រី​ Beng Choo Low ​អគ្គលេខាធិកា​គណៈកម្មការ​ស្ត្រី​ និង​កីឡា ​របស់​ប្រទេស​ម៉ាឡេស៊ី​ និង​ជា​មន្ត្រី​របស់​គណៈកម្មការ​ស្ត្រី​ និង​ កីឡា​​ នៃ​​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​​។

 

ឯក​ឧត្តម​ វ៉ាត់ ចំរើន ​​មាន​ប្រសាសន៍​ថា​ លោក​​ស្រី​ Beng Choo Low ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី​នោះ​​នឹង​​ធ្វើ​បទ​បង្ហាញ​ពី​ចលនា​របស់​ស្ត្រី​ នៅ​ក្នុង​ពិភព​លោក​ ដែល​ដឹក​នាំ​ចលនា​កីឡា​អូឡាំពិក​ ជោគជ័យ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ហើយ​គាត់​នឹង​ផ្ដល់​បទពិសោធន៍​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​រៀបចំ​ខ្លួន​របៀប​ណា​ និង​ គំរូ​បែប​ណា​ធ្វើ​ឱ្យ​ស្ត្រី​ ក្លាយ​ជា​អ្នក​ដឹក​នាំ​មួយ​នៅ​ក្នុង​កីឡា​ មិន​មែន​តែ​ដឹក​នាំ​ លើ​ផ្នែក​រដ្ឋបាល​ កីឡា​ ប៉ុណ្ណោះ​ ទេ​ គឺ​ដឹក​នាំ​ ទាំង​ផ្នែក​បច្ចេកទេស​ថែម​ទៀត។ ព្រោះ​គេ​សង្គេត​ឃើញ​ថា​ សន្ទុះ​ដែល​ស្ត្រី​ចូល​រួម​នៅ​ក្នុង​ កីឡា​មាន​ការ​កើន​ឡើង​ច្រើន។

 

ចំណែក​លោកជំទាវ ម៉ក់ វណ្ណស៊ីថា ​បាន​លើក​ឡើង​ថា​ ៖«​យើង​នឹង​បាន​យល់​ពី​អ្វី​ដែល​ហៅ​ថា​ ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្ត្រី​ក្នុង​វិស័យ​កីឡា។ ជា​​ពិសេស​ លោក​​ស្រី​ Beng Choo Low​នឹង​ចែក​រំលែក​បទ​ពិសោធន៍ និង​ភាព​ជោគជ័យ​ដែល​ស្ត្រី​ដើរ​តួនាទី​ក្នុង​វិស័យ​កីឡា​​នៅ​ទូទាំង​ពិភព​លោក។ បញ្ហា​នេះ​សំខាន់​ណាស់​ដើម្បី​ឲ្យ​ស្ត្រី​ដឹង​ថា​ តើ​ស្ត្រី​មាន​តួនាទី​យ៉ាង​ណា​​ជុំ​វិញ​រឿង​រ៉ាវ​កីឡា ពី​ព្រោះ​សកម្មភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា​នៅ​មិន​ទាន់​ទូលំទូលាយ​ឡើយ និង​មិន​ទាន់​ត្រូវ​តាម​តម្រូវ​ការ​របស់​យើង»។

 

ការ​រៀប​ចំ​សិក្ខាសាលា​ស្តីពី​ស្ត្រី និង​កីឡា​​នេះ​​គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ដើម្បី​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣​ដែល​កិច្ច​ការ​ទាំង​នេះ​ធ្វើ​ទៅ​បាន​ទាល់​តែ​មាន​ការ​ចូល​រួម​ពី​ស្ត្រី​ និង​បុរស​ឲ្យ​បាន​ស្រុះ​ដៃ​គ្នា​ទើប​​អាច​សម្រេច​បាន​ជោគជ័យ៕​​​

 

កម្ពុជា​កំពុង​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី​«ស្រ្តី​ និង​កីឡា​» លើក​ទី​៣​នៅ​សៀមរាប​លោក​​ស្រី​ Beng Choo Low និង ឯក​ឧត្តម​ វ៉ាត់ ចំរើន

 

អត្ថបទ៖ ជាន ចាន់រ៉ា