គណបក្ស​សង្គ្រោះ​ជាតិ៖ ខ្លាំង​តែ​ខ្សោយ!

គិតត្រឹមពាក់កណ្ដាលខែកក្កដានេះ គណបក្សសង្គ្រោះជាតិ មានអាយុគ្រប់៤ឆ្នាំហើយ។ ថ្វីត្បិតតែមានវ័យត្រឹម៤ឆ្នាំ ប៉ុន្តែសង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានទទួលការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ពលរដ្ឋខ្មែរ។ ជាការគាំទ្រដែលកើតឡើងដោយសារតែម្ចាស់ឆ្នោត មើលឃើញពីចំណុចខ្លាំងរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែទន្ទឹមនឹងចំណុចខ្លាំងនេះ អ្នកវិភាគនយោបាយមើលឃើញថា បក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏មានចំណុចខ្សោយមួយចំនួនដែលត្រូវយកចិត្តទុកដាក់ដោះស្រាយផងដែរ។

ឆាកនយោបាយកម្ពុជាដើរដល់របត់មួយថ្មី នៅពេលអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលដ៏ល្បីល្បាញពីររូប សម្រេចចិត្តរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយ។ នៅថ្ងៃទី១៧កក្កដាឆ្នាំ២០១២ លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានចាប់ដៃគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គឺពេលនោះហើយដែលបក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្ស ដែលធ្លាប់តែវាយប្រហារគ្នា ត្រូវច្របាច់បញ្ចូលគ្នាបង្កើតបានជាគណបក្សមួយថ្មី គឺគណបក្សសង្គ្រោះជាតិ។

ការរួបរួមគ្នារវាងបុគ្គលប្រឆាំងរដ្ឋាភិបាលដ៏ល្បីល្បាញទាំងពីររូបនេះហើយ ដែលជាចំណុចខ្លាំងរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យបក្សនេះទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣។ សង្គ្រោះជាតិ បានក្លាយទៅជាដៃគូតែមួយគត់របស់គណបក្សប្រជាជនកម្ពុជានៅក្នុងសភា ដោយទទួលបានអាសនៈចំនួន៥៥ ខណៈបក្សកាន់អំណាចមានអាសនៈចំនួន៦៨។

ក្រៅពីការរួបរួមគ្នា គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង មានគោលនយោបាយដែលវាយចំចំណុចខ្សោយរបស់គណបក្សកាន់អំណាច។ នៅមុនពេលបោះឆ្នោត បក្សសង្គ្រោះជាតិបានឃោសនាគោលនយោបាយរបស់ខ្លួនដល់ម្ចាស់ឆ្នោតដែលមានជាអាថិ៍៖ ការតម្លើងប្រាក់ខែមន្ដ្រីរាជការនិងកម្មករ ការផ្ដល់ប្រាក់ឧបត្ថម្ភដល់ជនចាស់ជរា ការផ្ដល់ការព្យាបាលជំងឺដល់អ្នកក្រីក្រដោយឥតគិតថ្លៃ គោលនយោបាយដីធ្លី ការបញ្ចុះតម្លៃជីកសិកម្មនិងប្រេងសាំងជាដើម។ គោលនយោបាយទាំងនេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរជាច្រើន ទន្ទឹងរង់ចាំជាយូរមកហើយ។ ហើយដែលឥឡូវនេះ គេឃើញថា គណបក្សកាន់អំណាចបានរើសយកគោលនយោបាយដែលដាក់ចេញដោយគណបក្សប្រឆាំង មកអនុវត្តជាបន្តបន្ទាប់ដែរ រួមមានការតម្លើងប្រាក់ខែមន្ដ្រីរាជការនិងកម្មករ ការដោះស្រាយជម្លោះដីធ្លី និងបញ្ចុះថ្លៃប្រេងសាំង។

ប៉ុន្តែទន្ទឹមនឹងចំណុចខ្លាំងនេះ អ្នកវិភាគនយោបាយមើលឃើញថា បក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏មានចំណុចខ្សោយមួយចំនួនដែលត្រូវយកចិត្តទុកដាក់ដោះស្រាយផងដែរ។

ចំណុចខ្សោយធំជាងគេរបស់គណបក្សសង្គ្រោះជាតិ គឺបញ្ហាផ្ទៃក្នុងបក្ស។ គេដឹងរួចមកហើយថា គណបក្សសង្គ្រោះជាតិ ប្រសូត្រចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ដូច្នេះហើយនៅក្រោមដំបូលសង្គ្រោះជាតិ មានមនុស្សមកពីប្រភពពីរផ្សេងគ្នា ដែលប្រភពទាំងពីរនេះ ធ្លាប់រិះគន់ជេរប្រមាថគ្នាយ៉ាងចាស់ដៃ កាលពីនៅបក្សរាងខ្លួន។ ពេលត្រូវរួមរស់នៅក្នុងបក្សតែមួយ ការបែងចែកកូតានៅតែជាបញ្ហាសំខាន់។ ក្រៅពីនោះ បញ្ហាធនធានមនុស្ស កង្វះតម្លាភាពក្នុងការឡើងកាន់តួនាទី បញ្ហាបក្ខពួកសែស្រឡាយ និងកង្វះភាពចាស់ទុំខាងប្រជាធិបតេយ្យក្នុងចំណោមអ្នកដឹកនាំនិងសកម្មជន ក៏ជាអ្វីដែលគួរឲ្យកត់សម្គាល់ដែរ។

គណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញស្របគ្នាថា មានយុទ្ធសាស្ត្រសម្បូរបែបនៅលើសង្វៀននយោបាយ ប្រឈមនឹងគណបក្សកាន់អំណាច។ អន្តោប្រវេសន៍ ការបោះឆ្នោត ព្រំដែន ផែនទី គឺជាយុទ្ធសាស្ត្រដែលសង្គ្រោះជាតិធ្លាប់ប្រើ ហើយបានទទួលប្រសិទ្ធភាពយ៉ាងខ្លាំង។ ប៉ុន្តែទាំងអស់នោះជាយុទ្ធសាស្ត្របែប ឱកាសនិយម និងមិនស្ថិតស្ថិរយូរអង្វែងឡើយ។ កាលពីដើមឆ្នាំ២០១៦ នៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ គណបក្សប្រឆាំងបានដាក់ចេញនូវយុទ្ធសាស្ត្រទាក់ទាញការគាំទ្របន្ថែមនៅក្នុងខេត្តដែលមានអាសនៈចំនួន១។ ខេត្តដែលមានអាសនៈចំនួន១នេះហើយគឺជាកូនសោរគន្លឹះ ដែលនឹងបើកផ្លូវឲ្យសង្គ្រោះជាតិ ឈានទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោតខាងមុខ។ ប៉ុន្តែយុទ្ធសាស្ត្រនេះ ហាក់គ្មានការវិវត្តន៍ណាមួយគួរឲ្យកត់សម្គាល់ឡើយរហូតមកទល់បច្ចុប្បន្ន ព្រោះថ្នាក់ដឹកនាំនៃគណបក្សប្រឆាំង ត្រូវរងគ្រោះបន្តកន្ទុយគ្នានៅក្នុងគំនាបរឿងក្ដីក្ដាំតាមផ្លូវតុលាការនៃរដ្ឋាភិបាលបក្សប្រជាជន។

សរុបមកវិញ ក្រៅតែពីការរួបរួមគ្នា និងគោលនយោបាយដែលមិនអាចអនុវត្តបាន គណបក្សសង្គ្រោះជាតិមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ។ កំណែទម្រង់ផ្ទៃក្នុង អភិវឌ្ឍធនធានមនុស្ស យុទ្ធសាស្ត្រច្បាស់លាស់ គឺជាអ្វីដែលសង្គ្រោះជាតិត្រូវតែសម្រេចឲ្យបានដើម្បីសង្គ្រោះសភាពការណ៍ និងរក្សាប្រជាប្រិយភាព។ ព្រោះប្រសិនបើមិនដូច្នោះទេ កុំថាឡើយដល់សង្គ្រោះជាតិ សូម្បីតែសង្គ្រោះខ្លួនឯង ក៏បក្សប្រឆាំងមិនអាចធ្វើបានដែរ៕

ប្រភពៈ  RFI


គណបក្ស​សង្គ្រោះ​ជាតិ៖ ខ្លាំង​តែ​ខ្សោយ!

មន្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​វៀតណាម​ចាប់​ខ្លួន​ខណៈ​ជនជាតិ​វៀតណាម​ ៣ នាក់​ត្រូវ​បាញ់​ស្លាប់

គណបក្ស​សង្គ្រោះ​ជាតិ៖ ខ្លាំង​តែ​ខ្សោយ!

យុវជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប