ទុក្ខជាន់ទុក្ខ! កើត​លើ​ដូន​ចាស់​​ប្រឹង​​ចិញ្ចឹមចៅ​ស្រីកើត​​អេដស៍

ខេត្តកំពត​ ៖ ​​ដូន​ចាស់​ទុរ​គ​ត៌​​​​ម្នាក់​​​ឈ្មោះ​ញ៉ែ​ម ផុ​ន អាយុ​៧៨​​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត បាន​រៀបរាប់​ទាំង​ទឹកភ្នែក​​ប្រាប់​អ្នក​យក​ព័​​ត៌​មាន​យើង​ថា លោកយាយ​មានកូន​ស្រី​ម្នាក់​ ជា​ស្ត្រី​មេម៉ាយ (មានកូន​ស្រី​​១)​ តែ​កូនគាត់​បាន​​កើត​ជំងឺ​​អេ​ដស៍​​ស្លាប់​​តាំង​ពី​កូនស្រី​ ដែល​ត្រូវជា​ចៅ​​​នេះ ​មាន​អាយុ​៣​ឆ្នាំ​មកម្ល៉េះ ។ ​

សព្វថ្ងៃ​​ចៅស្រី​នេះ​ ក៏​មាន​ផ្ទុកមេរោគ​អេ​ដ៍​ឆ្លង​​ពី​ម្តាយ​​ដែរ ដោយ​គាត់​បាន​ខំ​ថែរក្សា​ និង​ឱ្យ​​ក្រុម​គ្រូពេទ្យ​​ជួយ​ផ្តល់​សេវា​ថ្នាំ​ពន្យារ​រោគ​នេះ​ រហូត​ដល់​ចៅ​មាន​អាយុ​២១​ឆ្នាំ​ ​បាន​រស់នៅ​ក្នុង​ខ្ទម​កំសត់ ដែល​​អាជ្ញាធរ​សង្កាត់​ជួយ​សុំ​ដី​អ្នកស្រុក​ឱ្យ​​សង់​ខ្ទម​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ ។

លោកយាយ​​បន្តថា ឥឡូវ​ខ្ទម​​ដែល​សង់​ស្នាក់​នៅ​ក្នុង​ដី​អ្នក​ភូមិ​នេះ​ ក៏​ត្រូវ​ទឹក​លិច​​​ទៀត ធ្វើ​ឱ្យ​​​​គាត់​ទាំង២នាក់​​​ចូល​ទៅ​ស្នាក់​នៅ​មិន​​បាន ​។ នៅ​​ថ្ងៃ​ទី​១៧ ​កក្កដា ២០១៦ ​នេះ​ លោក​មេ​ភូមិ​ស្វាយ​ធំ និង​លោក​ស៊ីវ យុ​ត ចៅសង្កាត់​ក្រាំង​អំពិល បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ផ្ទះ​​លោកយាយ​ ដើម្បី​ជួយ​រក​វិធី​ដោះស្រាយ​រុះរើ​ផ្ទះ​ខ្ទម​នេះ​ចេញពី​​ក្នុង​ទឹក រួច​ចាក់​ដី​បំពេញ​ទំ​ហំ​ ​តែ​ដី​សង់​ខ្ទម​ឱ្យ​​លោកយាយ​ពីព្រោះ​ដី​ដែល​សង់​ខ្ទម​នេះ​ លោក​ចៅសង្កាត់​សុំ​អ្នក​ភូមិ​ឱ្យ​​លោកយាយ​សង់​ខ្ទម​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​បាន​តែ​​ប៉ុណ្ណឹង ​។

លោកយាយ​បាន​​​ទៀតថា​ ជីវភាព​រស់នៅ​របស់​រូប​គាត់២​នាក់​ចៅស្រី​​កំព្រាដែល​ផ្ទុកមេរោគ​អេ​ដ៍​ផង​នេះ មាន​ជីវភាព​តោកយ៉ាក​ខ្លាំង​ណាស់ រស់នៅ​ដោយ​អ្នក​ភូមិ​អាណិត​ផ្តល់​ជា​អង្ក​រ និង​ជា​ប្រាក់​បន្តិចបន្តួច ​គ្រាន់តែ​កំដរ​ជីវិត​រួច​មួយ​ថ្ងៃ​ៗ​តែ​ប៉ុណ្ណោះ ។ មាន​ពេល​ខ្លះ​អត់​អី​ហូបក៏​មាន ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ ចៅ​ដែល​ផ្ទុកមេរោគ​អេ​ដ៍ក៏​​ត្រូវ​បានការ​ជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគបរិភោគ​ខ្លះ​​ពី​​លោក​ចៅសង្កាត់​​ដែរ​ ។

ប៉ុន្តែ​​ទោះបី​យ៉ាងណា​ ការ​ដោះស្រាយ​របស់​អាជ្ញាធរ​នោះ​ មិន​បាន​ហូប​គ្រប់គ្រាន់​ទេ ពីព្រោះ​រូប​គាត់​២នាក់​ចៅ​ ពុំ​បាន​ធ្វើការ​អ្វី​សំរាប់​បំពេញ​ការ​ហូប​​ចុក​​បាន ដោយ​ចៅ​មាន​ជំងឺ​ ។ រីឯ​រូប​គាត់​ចាស់ជរា​ផង ហើយ​មាន​សុខភាព​ទ្រុឌទ្រោម​ទៀត​  ។ លោកយាយ​សូម​អំពាវនាវដល់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី ​ហ៊ុន​សែន និង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស មេត្តា​អាណិត​ដល់​រូប​គាត់ ​និង​ចៅ​កំព្រា​ជួយ​ឧបត្ថម្ភ​នូវ​ស្បៀងអាហារ ​និង​ដី​ស្នាក់​នៅ​ទំ​រាំ​រូប​គាត់​លាចាក​លោក​នេះ​ទៅ ។ ហើយ​ឱ្យ​​ចៅ​កំព្រា​គាត់​ បាន​ស្នាក់​នៅ​សមរម្យ​ផង​ ។