បក្ស​សង្គ្រោះ​ជាតិ​៥៣នាក់ ចូលបក្ស​បប្រជាជន​កម្ពុជា​

​ខេត្តរតនគិរី ៖ នា​​បរិវេណ​គណបក្ស​ CPP ​ស្រុក​បរ​កែវ​​ ​កាលពី​ព្រឹក​​ថ្ងៃ​ទី​១៨ ​កក្កដា ​២០១៦ បាន​រៀបចំ​ពិធី​ទទួល​​សមាជិក សមាជិ​កា​ CNRP ៥៣​នាក់ ​សុំ​ចូល​​គាំទ្រ​គណបក្ស ​CPP ​ស្រុក​បរ​កែវ ខេត្តរតនគិរី ​​អញ្ជើញ​ទទួល​​បដិសណ្ឋារ​កិច្ច​ក្នុង​ឱកាស​​នោះ មាន​លោក​​ឃុំ សា​ខន ប្រធាន​​គណបក្ស​ CPP ​ស្រុក​បរ​កែវ និង​​លោក​​ហេង ប៊ុ​ន្នី អនុប្រធាន​ ​CPP និង​ជា​អភិបាល​ស្រុក​បរ​កែវ ​។

ថ្លែង​ក្នុង​ពិធី​ខាងលើ​នេះ​ លោក​ហេង ប៊ុ​ន្នី អនុប្រធាន​ CPP ស្រុក និង​ជា​អភិបាលស្រុក​បរ​កែវ ​មាន​ប្រសាសន៍​ដោយ​​លើក​ឡើង​ថា​ថ្នាក់ដឹកនាំ​​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​​អំពី​សុខទុក្ខ និង​ជីវ​ភាព​ ​រស់នៅ​ដល់​​សមាជិក សមាជិកាចាប់ពី​មូលដ្ឋាន រហូត​ដល់​ថ្នាក់លើ ពោល​​គឺ​រួមរស់​ជាមួយ​គ្នា​ ដោយ​មិន​រត់ចោលស្រុក​រួចខ្លួន​នោះ​ទេ ​។

ក្នុង​ពិធី​​សុំ​ចូល​រួមរស់​ជីវភាព​ ក្នុង​ឱកាស​ខាងលើ​នេះ​​ដែរ តំណាង​ពួក​គាត់​មាន​​ប្រសាសន៍​ថា​ ដោយ​អស់ជំនឿ​លើ​ថ្នាក់ដឹកនាំ​​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​កន្លង​​មក​​ភូត​​កុហក បោកប្រាស់ បក្ស​ពួក​និយម មិន​គិត​ពី​សុខទុក្ខ​ពួក​គាត់ ​ដោយ​ធ្វើការ​សន្យា​ផ្សេង​ៗ តែ​ធាតុ​ពិត​ មិន​ដែល​ធ្វើ​សកម្មភាព​ជាក់ស្តែង​ទាល់តែ​សោះ មិន​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ​ហ៊ាន​សន្យា ហ៊ាន​ធ្វើ​ ។

​ក្នុង​ពិធី​ទទួល​​សមាជិក​សង្គ្រោះជាតិ​៥៣​នាក់​នេះ​ដែរ ​ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​​ស្រុក​បរ​កែវ​​លោក​​ហេង ប៊ុ​ន្នី បាន​ថ្លែង​អំណរគុណ​ដល់​ពួក​គាត់​ ដែល​វិល​ត្រឡប់​មក​ដើរ​ផ្លូវត្រូវ​ ។ ជាមួយ​គ្នា​នេះ​ដែរ ​គណបក្ស​ CPP ​ស្រុក​បរ​កែវ ​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​​ដល់​ពួក​គាត់​ ក្នុង​បរិយាកាស​សប្បាយ​រីករាយ ​៕