មន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ​ ចង់​ឲ្យ​វិស័យ​​​ទេសចរណ៍​ផ្លូវ​ភេទ​រលាយ​សាបសូន្យ

អាជ្ញាធរ​ក្នុង​ប្រទេស​ថៃ កំពុងតែ​បញ្ចេញ​សកម្មភាព​ឆ្មក់​ចូល និង​បង្ក្រាប​ផ្ទះ​បន ពេស្យាចារ​ ក្រោយ​ពេល​ដែល​ក្រសួង​ទេសចរណ៍​បញ្ជា​ឲ្យ​លុបបំបាត់​វិស័យ​ទេសចរណ៍​ផ្លូវភេទ ដើម្បី​លុបលាង​កេរ្តិ៍ឈ្មោះ​មិន​ល្អ​កន្លង​មក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឋានសួគ៌​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដែល​ត្រូវ​ការ​សេវាកម្ម​ផ្លូវភេទ។

 

មន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ​ ចង់​ឲ្យ​វិស័យ​​​ទេសចរណ៍​ផ្លូវ​ភេទ​រលាយ​សាបសូន្យ

 

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ស្ត្រី​ទី​មួយ លោកស្រី Kobkarn Wattanavrangkul បាន​ថ្លែង​ថា «ភ្ញៀវ​ទេសចរ​មិនមែន​មក​ប្រទេស​ថៃ ដើម្បី​រក​សេវាកម្ម​ផ្លូវភេទ​ឡើយ ពួកគេ​មក​ទីនេះ​ដោយសារ​តែ​វប្បធម៌​ដ៏​ស្រស់បំព្រង​របស់​យើង»។ លោកស្រី Kobkarn បាន​បន្ថែម​ទៀត​ថា «យើង​ចង់​ឲ្យ​ប្រទេស​ថៃ​មាន​គុណភាព​ចំពោះ​វិស័យ​ទេសចរណ៍។ យើង​ចង់​ឲ្យ​ឧស្សាហកម្ម​ផ្លូវភេទ​នេះ​រលាយ​សាបសូន្យ»។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​មធ្យម​ប្រទេស​ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជា ១០លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ដោយ​ក្នុង​នោះ ៦០ភាគរយ​គឺ​ជា​បុរស។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ World Outreach International។ អង្គការ​មួយ​នេះ​ក៏​បាន​ប៉ាន់ប្រមាណ​ថា ៧០ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​ប្រុស ឬ​ស្មើ​នឹង ៤,២លាន​នាក់ ដែល​មក​កម្សាន្ត​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដើម្បី «សិច»៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ asiancorrespondent