ITF​អនុញ្ញាត​ឱ្យ​កីឡាករ​-​កីឡាការិនី​ដកខ្លួន​ប៉ុន្តែ​មិន​លុប​ចោល​កម្មវិធី​ប្រកួត​អូ​ឡាំ​ពិ​ក​ទេ

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​(ITF) បាន​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា កីឡាករ​-​កីឡាការិនី​គ្រប់​រូប​មាន​សិទ្ធិ​ដកខ្លួន​ចេញពី​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម​២០១៦ នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ខែសីហា​នេះ ប្រសិនបើ​គ្មាន​ទំនុកចិត្ត​ក្នុង​ការ​ការពារ​វីរុស​Zika​ប៉ុន្តែ​យើង​គ្មាន​គំនិត​លុប​ចោល​កម្មវិធី​ប្រកួត​ទេ ។

កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​ក្នុង​កម្មវិធី ATP និង​WTA​ដែល​ប្រកាស​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក​ទី​៥ សីហា ខាង​មុខ​នោះ​ជា​ចុង​ក្រោយ​មាន​អ្នកខ្លះ​បាន​ប្រកាស​មិន​ចូលរួម​វិញ​ដូច​ជា​កីឡាករ​Milos Raonic ,Tomas Berdych និង​កីឡាការិនី​Simona Halep ជាដើម  ។

ការ​ដកខ្លួន​របស់​កីឡាករ​-​កីឡាការិនី​បាន​ក្លាយជា​បញ្ហា​ចម្បង​មួយ ព្រោះ​មជ្ឈដ្ឋាន​កីឡាបាល់បោះ និង​វាយកូនគោល​កំពុង​ខ្វះ​កីឡាករ​ល្បី​ៗ​ចូលរួម​ដណ្ដើម​មេដាយមាស ដោយសារ​ភ័យ​ខ្លាច​ការ​ឆ្លង​មេរោគ​Zika ។

បច្ចុប្បន្ន គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ កំពុង​ឃ្លាំមើល​ពី​ស្ថានការណ៍​នេះ​យ៉ាង​ដិត​ដល់​ធ្វើ​យ៉ាងណា​កុំឱ្យ​មេរោគ​នេះ​ប៉ះពាល់​ដល់​កីឡាករ មន្ត្រី និង​អ្នកគាំទ្រ និង​គ្មាន​គម្រោង​លុប​ចោល ឬ​ពន្យារពេល​ការ​ប្រកួត​Rio Games 2016 ដោយសារ​ការ​ភ័យ​ខ្លាច​មេរោគ​Zika​ឡើយ ៕