រន្ធត់ ! ប្តី​រត់​តាម​ស្រី​ថ្មី ឆ្លងទន្លេ​ម្នាក់ឯង​មិន​រួច​ស្លាប់​កូន​ក្នុង​ពោះ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ប្តី​មាន​ស្រី​ថ្មី​ចុះ​ចោល​ទៅ​បាត់​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​៣៩​ឆ្នាំ​ម្នាក់​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​យ៉ាង​កណ្ដោចកណ្ដែង​នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ ។ ហេតុការណ៍​នេះ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​គ្រប់​ខែ​ឆ្លងទន្លេ​រូប​នេះ​ឈ្មោះ សួន ថា​វី អាយុ​៣៩​ឆ្នាំ ជា​អ្នក​ដើរ​ស៊ីឈ្នួល​លាងចាន ឬ​បោក​ខោអាវ​តាម​ផ្ទះ​ឲ្យ​គេ មានស្រុក​កំណើត​នៅ​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ចំណែក​ប្តី​ដែល​ចុះ​ចោល​ប្រពន្ធ​ទាំង​មាន​ផ្ទៃពោះ​គ្រប់​ខែ​ទៅ​មាន​ស្រី​ថ្មី​នោះ​ឈ្មោះ សាយ សា​រុំ អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ខេត្ត​កំពង់​ឆ្នាំ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ក្រមុំចាស់​រូប​នោះ​ទើបតែ​មាន​ប្តី និង​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ ស្រាប់តែ​ប្តី​មាន​ស្រី​ថ្មី​ហើយ​រត់​ចោល​នាង​បាត់ ទុក​ឲ្យ​នាង​សម្រាលកូន​តែ​ម្នាក់ឯង ។ ម្យ៉ាងទៀត​ដោយសារ​តែ​ឈឺពោះ​សម្រាលកូន​មិន​រួច​ធ្វើ​ឲ្យ​នាង​មានការ​ឈឺ​ចុកចាប់​ពេញ​ក្នុង​ពោះ និង​ធ្លាក់ឈាម​យ៉ាងច្រើន​ទៀត​ផង តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ជ្រោមជ្រែង និង​ផ្តល់​កម្លាំងចិត្ត និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​អនិច្ចា កូន​ក្នុង​ផ្ទៃ​បាន​ស្លាប់​បាត់​ទៅ​ហើយ ៕