សេដ្ឋី​ឥណ្ឌា​ម្ចាស់​អាវ «​មាស​» ត្រូវ​គេ​ធ្វើឃាត​

សារព័ត៌មាន​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ បាន​ផ្សាយ​ថា អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​ទិញ​អាវ​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ច្នៃ​ពី​មាស បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ ។

លោក Datta Phuge មានកេរ្តិ៍ឈ្មោះ​ល្បី​ដោយ​កាត់​អាវ​ធ្វើ​ពី​មាស​ក្នុង​តម្លៃ​១២,៧​លាន​រូពី​(​ប្រាក់​ឥណ្ឌា​) ឬ​ប្រហែល​២៤០.០០០​ដុល្លារ កាលពី​ឆ្នាំ​២០១៣​ធ្វើ​ឱ្យ​លោក​មាន​រហស្សនាម​​ថា «​មនុស្ស​មាស​» ។ អាវ​នោះ​ច្នៃ​ពី​មាស​ទម្ងន់​៣,៣២​គីឡូក្រាម និង​ប្រើ​ជាង​មាន​ថ្វីដៃ​ល្អ​ចំនួន​១៥​នាក់ រួម​គ្នា​ផលិត​ក្នុង​រយៈពេល​១៦​ថ្ងៃ ។

ទីភ្នាក់ងារ «Press Trust of India »​បាន​ផ្សាយ​យោង​តាម​របាយការណ៍​ប៉ូលិស​ថា លោក Phuge អាយុ​៤០​ឆ្នាំ ត្រូវ​ក្រុម​ជនពាល​ប្រហែល​១២​នាក់​វាយ​ដោយ​ដុំ​ថ្ម និង​អាវុធ​មុខស្រួច​បណ្តាល​ឱ្យ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ។ ជន​ម្នាក់​ក្នុង​ចំណោម​ជនល្មើស​ទាំងនោះ​បាន​អញ្ជើញលោក​ទៅ​ចូលរួម​ពិធី​ជប​ប់​លៀង​នៅផ្ទះ​របស់​គេ ។

ប៉ូលិស​ផ្នែក​ស៊ើបអង្កេត​ឱ្យ​ដឹង​ថា ប្រភព​មិន​ច្បាស់​ការណ៍​មួយ​បញ្ជាក់​ថា លោក Phuge និង​កូនប្រុស​បាន​ទទួល​ការ​អញ្ជើញ​ពី​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជនល្មើស​ឱ្យទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​ខួបកំណើត ។ កូនប្រុស​អាយុ​២២​ឆ្នាំ​របស់​លោក Phuge ដែល​ឃើញ​ហេតុការណ៍​ឪពុក​របស់​ខ្លួន​ត្រូវ​គេ​សម្លាប់ និង​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា អាច​ពាក់ព័ន្ធ​លើ​ការ​ជំពាក់​ប្រាក់ ។ ជនល្មើស​ចំនួន​៤​នាក់ ស្ថិត​ក្នុង​ការ​ឃុំខ្លួន​របស់​ប៉ូលិស ។

អាវ​មាស​របស់​លោក Phuge ច្នៃ​ពី​ក្រណាត់​កម្ញី​ពណ៌​ស នាំ​ចូល​ពី​បរទេស ធ្វើ​ជា​ធ្នាប់​សម្រាប់​ត្បាញ​សរសៃសូត្រ​មាស រំលេច​ដោយ​គ្រី​ស្តា​ល់​ច្នៃ​ជា​ឡេវ រួម​ទាំង​មាន​ខ្សែក្រវាត់​ធ្វើ​ពី​មាស​ដែរ ៕