​រដ្ឋសភា យក​បញ្ហា​៣​របស់​បក្សប្រឆាំង​ទៅ​ពិភាក្សា តែ​មិនទាន់​សម្រេច​ទាំងអស់​ និពន្ធដោយ : ម៉ៅ សុផា       July-18-2016, 4:48 pm         134

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​រដ្ឋសភា យក​បញ្ហា​៣​របស់​បក្សប្រឆាំង​ទៅ​ពិភាក្សា តែ​មិនទាន់​សម្រេច​ទាំងអស់​​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​មួយ ដោយ​លើកយក​បញ្ហា​ចំនួន​៣​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ពិភាក្សា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។ ប្រធាន​គណៈកម្មការ​ជំនាញ​២​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក អេង ឆៃអ៊ាង ក៏បាន​ចូល​រូ​ម​ក្នុង​កិច្ចប្រជុំ​នេះដែរ​។

​របៀបវារៈ​ទាំង​៣ ពាក់ព័ន្ធ​នឹង​គណបក្សប្រឆាំង ដែល​ត្រូវបាន​លើក​ទៅ​ជជែក​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា គឺ​ទី​១. ការលើក​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប  និង​ទី​២. ការទទួលស្គាល់​ឯកឧត្តម សម រង្ស៊ី ជា​តំណាងរាស្ត្រ ហើយ​ទី​៣. បញ្ហា​ដែល​រដ្ឋសភា បើកដៃ​ឲ្យ​តុលាការ ចាត់ការ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង ទាំង​មាន​អភ័យឯកសិទ្ធិ​។

​យ៉ាងណាក៏ដោយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​មិនទាន់​សម្រេច​លើ​ចំណុច​ណាមួយ ក្នុងចំណោម​ចំណុច​ទាំងបី​ខាងលើ នោះទេ​។ ជុំវិញ​បញ្ហា​ទាំង​៣​នេះ រដ្ឋសភា នឹង​បន្ត​ពិភាក្សា បន្ថែមទៀត នៅពេល​ក្រោយ​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា ដែល​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​។

​ចំពោះ​ភារកិច្ច​នៃ​ការលើក​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប គឺ​លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានប្រគល់​ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ទី​៦ ដើម្បី​សិក្សា​បន្ថែម​។ បន្ទាប់ពី​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​រួចរាល់ គណៈកម្មការ​ជំនាញ​ទី​៦ នឹង​បញ្ជូន​ទៅកាន់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​វិញ ដើម្បី​ពិនិត្យ​សាជាថ្មី នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​។

​ម្យ៉ាងទៀត រដ្ឋសភា នឹង​ផ្ញើលិខិត​ទៅកាន់​ក្រសួងយុត្តិធម៌ ដើម្បី​បញ្ជាក់​ពី​មូលហេតុ ដែល​រដ្ឋសភា មិនបាន​សម្រេច​តាម​សំណើ​របស់ខ្លួន​នៅពេលនេះ​។ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ក្រសួងយុត្តិធម៌​បានដាក់​លិខិត​ទៅកាន់​ស្ថាប័ន​នីតិបញ្ញត្តិ សុំ​ឲ្យ​ព្យួរ​អភ័យឯកសិទ្ធិ ដើម្បី​បើកដៃ​ឲ្យ​តុលាការ បន្ត​នីតិវិធី​លើ​តំណាងរាស្ត្រ​ទាំង​២​រូប ដែល​ជាប់​សង្ស័យ​នឹង​អំពើ​សញ្ចារកម្ម ជុំវិញ​រឿងរ៉ាវ​របស់​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​បក្សប្រឆាំង​។

​ចំណែកឯ ករណី​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​រដ្ឋសភា​មិនទាន់​សម្រេច​ដូចគ្នា​។ កាលពីពេល​ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​រដ្ឋសភា បំភ្លឺ​ពី​ករណី​ឯកឧត្តម សម រង្ស៊ី ដែល ប្រធាន​បក្សប្រឆាំង​រូបនេះ ត្រូវបាន​ដក​ចេញពី​សមាជិក​រដ្ឋ​សភា​។ គណបក្ស​សង្គ្រោះ​ជាតិ ចង់ដឹងថា «​រដ្ឋសភា បានទទួល​សា្គ​ល់​ឯកឧត្តម សម រង្ស៊ី ជា​តំណាងរាស្ត្រ​រួចទៅហើយ កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ ហេតុអ្វី​បានជា​រដ្ឋសភា ប្រកាស​លុបចោល​សុពល​ភាពជា​តំណាងរាស្ត្រ ពី​ឯកឧត្តម សម រង្ស៊ី ទៅវិញ​?»

​ដោ​ស​សារ​តែ​ការ​ប្រទាំង​ប្រទូស​គ្នា រវាង​ប្រធាន​គណៈកម្មការ​ជំនាញ​មកពី​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង ផ្នែក​ទស្សនៈ និង​ការបកស្រាយ​ផ្លូវច្បាប់ រដ្ឋសភា ស​ម្រ​ច​ថា​នឹង​លើក​ទៅពិនិត្យ​និង​សិក្សា​បន្តទៀត នៅពេល​ខាងមុខ​។

​បញ្ហា​ចុងក្រោយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចង់ដឹងថា «​តើ​ច្បាប់​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋសភា មាន​សិទ្ធិ បើកដៃ​ឲ្យ​តុលាការ បន្ត​នីតិវិធី​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​មាន​អភ័យ​ឯក​សិ​ទិ្ធ​។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ គណៈកម្មាធិការ​អចិ​ន្ត្រៃ មិនបាន​រកឃើញ​ចំណុច​រួមមួយ ដើម្បី​សម្រេច​ថា​យ៉ាងណា​នោះទេ​។ ដូច្នេះហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក៏​សម្រេច​ផ្អាក​ការពិភាក្សា ដោយ​រង់ចាំ​ឱកាស​លើក​ក្រោយ ដើម្បី​សួរ​ដេញ​ដោយ​គ្នា​ម្តងទៀត​។​

​គួរ​កត់សម្គាល់ថា តំណាងរាស្ត្រ​បក្សប្រឆាំង​ដែល កំពុងតែ​ជាប់​ព័ន្ធ​នៅ​តុលាការ រួមមាន ឯកឧត្តម សម រង្ស៊ី​, ឯកឧត្តម កឹម សុខា​, លោក អ៊ុំ សំអាន​, លោក ពិន រតនា​, លោក តុ វ៉ាន់​ចាន់ ព្រមទាំង​លោក ហុង សុខ​ហួរ ដែលជា​សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី ផងដែរ​៕