ពលរដ្ឋ​ក្រុង​ព្រះសីហនុ​សាទរ​ចំណាត់​ការ​របស់​អាជ្ញាធរ​លើ​ការ​លែង​សត្វ​ពាហនៈ​ឲ្យ​ដើរ​តាម​ផ្លូវ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម​ដែល​បាន​លែង​សត្វ​ឲ្យ​ដើរ និង​ដេក​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ វិធានការ​នេះ ទទួល​បាន​ការ​សាទរ​ពី​ភ្ញៀវ​ទេសចរ ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ទូទៅ ហើយ​ពួក​គេ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង​ព្រះសីហនុ ត្រូវ​អនុវត្ត​ចំណាត់​ការ​ទៅ​លើ​ម្ចាស់​សត្វ​ពាហនៈ​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​៨ ខែ​កក្កដា ស្ដីពី​ការ​ចាត់​វិធានការ​ចំពោះ​ម្ចាស់​សត្វ​ចិញ្ចឹម​រួម​មាន គោ ក្របី និង​ពពែ ជាដើម ដែល​ម្ចាស់​លែង​ចោល​អនាធិបតេយ្យ​តាម​ដង​ផ្លូវ និង​តាម​ទី​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ។

លិខិត​មាន​បោះ​ត្រា និង​ចុះ​ហត្ថលេខា​លោក អ៊ី សុខឡង អភិបាល​ក្រុង​ព្រះសីហនុ បាន​ជម្រាប​ជូន​សាធារណជន និង​ម្ចាស់​សត្វ​ពាហនៈ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ភាព​អនាធិបតេយ្យ​នៃ​ការ​លែង​សត្វ​គោ ក្របី និង​ពពែ កន្លង​មក រដ្ឋបាល​ក្រុង​ព្រះសីហនុ ធ្លាប់​បាន​ជូន​ដំណឹង​ជា​បន្តបន្ទាប់​ទៅ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំង​នោះ​ឲ្យ​មើល​ថែ និង​ឃុំ​គ្រង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ បន្ថែម​លើ​នេះ លោក អ៊ី សុខឡេង ផ្តល់​សម្ភាស​ឲ្យ​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កក្កដា ថា កន្លង​មក សត្វ​ពាហនៈ​ទាំង​នេះ​ត្រូវ​ម្ចាស់​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​តាម​ផ្លូវ និង​ទី​សាធារណៈ​ក្នុង​ក្រុង​ព្រះសីហនុ បង្ក​ឲ្យ​បាត់បង់​របៀប​រៀបរយ​សង្គម ប៉ះពាល់​ដល់​សោភណភាព​អនាម័យ​បរិស្ថាន និង​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ៖ «ករណី​នេះ បើ​យើង​មិន​រឹត​បន្តឹង​ទេ គឺ​សត្វ​ពាហនៈ​មាន​គោ ក្របី និង​ពពែ ជាដើម បាន​ដើរ​អនាធិបតេយ្យ​ពាស​ពេញ​ក្រុង​ទាំង​មូល ហើយ​បញ្ហា​ប្រឈម​ទៅ​លើ​សត្វ​ចិញ្ចឹម​ទាំង​នេះ គឺ​យើង​ពិនិត្យ​មើល​ទៅ គឺ​អាក្រក់​មើល និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ក្រុង​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ និយម​ចូល​មក​កម្សាន្ត»

សត្វ​គោ​ដើរ​លើ​ផ្លូវ​ព្រះសីហនុ ២០១៦ ៨៥៥
សត្វ​គោ​របស់​ពលរដ្ឋ​ដើរ​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

អភិបាល​ក្រុង​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា កន្លង​មក ការ​លែង​គោ ក្របី និង​សត្វ​ពពែ ជាដើម នៅ​តាម​ទី​សាធារណៈ បាន​បង្ក​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ទាំង​ឯកជន និង​សាធារណៈ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នាំ​ឲ្យ​បាត់បង់​អាយុ​ជីវិត​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាច្រើន​ករណី​ថែម​ទៀត។

លោក អ៊ី សុខឡេង ស្នើ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់ ត្រូវ​គ្រប់គ្រង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នា នឹង​ចាប់​សត្វ​ពាហនៈ​ទាំង​នោះ​ឈាន​ដល់​ចាត់​វិធានការ​តាម​ច្បាប់ ឬ​ផាក​ពិន័យ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំង​នោះ​ក្នុង​មួយ​ក្បាល​ត្រូវ​ពិន័យ​ចំនួន ១០​ម៉ឺន​រៀល៖ «ករណី​នេះ យើង​នឹង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​មិន​អនុគ្រោះ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់​នេះ​ទៀត​ទេ។ ហើយ​ករណី​លែង​សត្វ​ពាហនៈ​អនាធិបតេយ្យ​ឲ្យ​ដើរ​ពាស​ពេញ​ក្រុង​នេះ គឺ​នឹង​ត្រូវ​ពិន័យ​ទ្វេ បើ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំង​នោះ​មិន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ហើយ​បន្ត​ឲ្យ​សត្វ​គោ ក្របី និង​ពពែ របស់​ខ្លួន លែង​ឲ្យ​ដើរ​នៅ​ក្នុង​ក្រុង​បន្ត​ទៅ​ទៀត​នោះ»

រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​បង្ហាញ​ថា នៅ​ភូមិសាស្ត្រ​នេះ​មាន​ម្ចាស់​សត្វ​ចិញ្ចឹម​គោ ក្របី និង​ពពែ ចំនួន ៤៦​ម្ចាស់ ដែល​កន្លង​មក​បាន​លែង​សត្វ​ចិញ្ចឹម​ឲ្យ​ដើរ​ពាស​វាស​ពាស​កាល និង​ដេក​លើ​ចិញ្ចើម​ផ្លូវ ឬ​ទ្រូង​ផ្លូវ តាម​សួនច្បារ និង​ទី​សាធារណៈ​ក្នុង​ក្រុង​យ៉ាង​អនាធិបតេយ្យ។

ប្រជាពលរដ្ឋ អាជីវករ និង​ភ្ញៀវ​ទេសចរ បាន​សាទរ​ចំពោះ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋបាល​ក្រុង​ព្រះសីហនុ ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម​នេះ​ដែរ។

អាជីវករ​នៅ​ផ្សារ​រាត្រី និង​លក់​ដូរ​នៅ​តាម​ឆ្នេរ​អូរឈើទាល ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ចំណាត់​ការ​របស់​អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង ទទួល​ស្គាល់​ថា សត្វ​ពាហនៈ​រួម​មាន គោ ក្របី និង​ពពែ ជាដើម ពិត​ជា​បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ៖ «ជួនកាល​សត្វ​ពាហនៈ​ទាំង​នោះ​បាន​ដេក​នៅ​លើ​ថ្នល់​អនាធិបតេយ្យ និង​ជុះ​អាចម៍​ពាស​ពេញ​ថ្នល់ ធ្វើ​ឲ្យ​បាត់បង់​សោភណភាព​ក្រុង និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ថែម​ទៀត។ សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ឲ្យ​បាន​ក្តៅ និង​ធ្ងន់ធ្ងរ​ទៅ​លើ​ម្ចាស់​សត្វ​ចិញ្ចឹម ដែល​តែង​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​គ្មាន​សណ្ដាប់ធ្នាប់ និង​បាន​បំផ្លាញ​ដល់​ទ្រព្យ​សម្បត្តិ​ឯកជន ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម»

ទាក់ទិន​បញ្ហា​នេះ លោក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ មាន​ប្រសាសន៍​ថា កម្លាំង​ជំនាញ​របស់​លោក​ត្រៀម​សហការ​ជាមួយ​រដ្ឋបាល​ក្រុង។ លោក​ស្នើ​ដល់​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​សោភណភាព​ក្រុង​ទេសចរណ៍​មួយ​នេះ​ឲ្យ​មាន​របៀប​រៀបរយ​ល្អ និង​ជៀស​ផុត​ពី​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់ ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន៖ «កម្លាំង​ជំនាញ​របស់​ខ្ញុំ​នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​នានា ឲ្យ​ចុះ​ស្រង់​ស្ថិតិ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ចិញ្ចឹម​សត្វ​ពាហនៈ​ទាំង​នោះ និង​ផ្តល់​ការ​អប់រំ​ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​មិន​ត្រូវ​ឲ្យ​លែង​សត្វ​ចិញ្ចឹម​របស់​ខ្លួន​អនាធិបតេយ្យ​ទៀត​ទេ។ ប៉ុន្តែ​បើ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំង​នោះ​មិន​សហការ សមត្ថកិច្ច​នឹង​មាន​វិធានការ​តាម​ច្បាប់​បន្ត​ទៀត»

ត្រង់​ចំណុច​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ព្រមាន​ទៅ​ម្ចាស់​សត្វ​ចិញ្ចឹម​ថា បើ​មិន​ព្រម​សហការ​ជាមួយ​រដ្ឋបាល​ក្រុង និង​អាជ្ញាធរ​នៅ​តាម​សង្កាត់​នានា​ទេ នៅ​សប្ដាហ៍​ក្រោយ​នេះ ម្ចាស់​សត្វ​គោ ក្របី និង​ពពែ ទាំង​នោះ នឹង​ត្រូវ​រង​នូវ​ពិន័យ​ធ្ងន់ធ្ងរ ព្រោះ​អាជ្ញាធរ​នឹង​មិន​អនុគ្រោះ​ទៀត​ទេ។

ទាក់ទិន​បញ្ហា​នេះ ម្ចាស់​សត្វ​ចិញ្ចឹម​មួយ​ចំនួន ឲ្យ​ដឹង​ថា នឹង​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ប៉ុន្តែ​មាន​ម្ចាស់​សត្វ​ចិញ្ចឹម​ខ្លះ​ទៀត​និយាយ​ឡកឡឺយ​ឲ្យ​អាជ្ញាធរ​ក្រុង​ព្រះសីហនុ ចំពោះ​ចំណាត់​ការ​ទៅ​លើ​ការ​លែង​សត្វ​ចិញ្ចឹម​របស់​ខ្លួន ដែល​ធ្លាប់​តែ​លែង​ចោល​ឲ្យ​ដើរ​នៅ​តាម​ទី​សាធារណៈ​ជា​យូរ​មក​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។