អតីត​កំពង់សាឡាង​ទន្លេបិទ​ ក្លាយជា​ឃ្លាំង​សំរាម​

​ខេត្តត្បូងឃ្មុំ ៖ ​អតីត​ចំណុច​​កំពង់​សាឡា​ង​ចាស់​នៅ​​ផ្សារ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដែល​ធ្លាប់​​តែ​មាន​សភាព​អ៊ូរអ​ពោរ​ពេញ​ទៅ​ដោយ​​មនុស្ស​នោះ ក្រោយ​ពី​ស្ពាន​​គី​ហ្ស៊ុ​ណាសាងសង់​រួច​​អ្នក​ធ្វើ​ដំណើរ​តាម​កង់​ម៉ូតូ​ និង​រថយន្ត​តូច-​ធំ ​បាន​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក ។

ហើយ​ច្រាំង​ទន្លេមេគង្គ​​កំពង់​​សាឡា​ង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា ២០១៦ មាន​រថយន្ត​របស់​ក្រុមហ៊ុន​ថា​រី ដឹក​សំរាម ​និង​កម្ទេច​​ថ្ម​មក​ចាក់ចោល​​នៅ​មាត់​ទន្លេ ​ដោយ​មិន​ខ្លាច​រអារ​អាជ្ញាធរ​​ស្តីបន្ទោស​នោះ​ទេ ។ អាជីវករ​លក់ដូរ​នៅ​ផ្សារ​​ទន្លេ​បិទ​ប្រាប់ឱ្យ​​ដឹង​ថា សំរាម​ត្រូវ​បាន​គេ​​ដឹក​ច្រក​ស្បោង និង​ខ្លះ​ទៀត​​ដាក់​ក្នុង​​បាវ​យក​ទៅ​បោះចោល​​នៅ​ច្រាំង​ទន្លេ​កំពង់​សាឡា​ង ដែល​​មើលទៅ​ឡើង​គរ​​ដូច​ភ្នំ​ជះក្លិន​ស្អុយ​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ ព្រោះថា​ មាន​អ្នកខ្លះ​បាន​ដងទឹក​ទន្លេ​ទៅ​ប្រើប្រាស់​ក្នុង​គ្រួសារ​ផង​ដែរ ។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​​ទន្លេ​បិទ​ប្រាប់​បន្ត​ថា ចំពោះ​ការ​ចាក់សំរាម​ចោល​​នៅ​មាត់ទន្លេ​នោះ​ ពួក​គាត់​បា​ន​ឃើញ​ជា​យូរ​ខែរ​មក​​ហើយ សូ​ម្បី​តែ​ថៅកែ​ផ្សារ​ទន្លេ​បិទ​ដែល​ប្រមូល​សំរាម​បានជា​ច្រើន​ក៏​ទៅ​ដឹក យក​ទៅ​ចាក់ចោល​នៅ​មាត់ទន្លេ​ដែរ ។​ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ភូមិ​-ឃុំ មេត្តា​រក​ទីតាំង​នៅ​កន្លែង​ណាមួយ​ឲ្យ​បាន​សមរម្យ ដើម្បី​យក​សំរាម​ទៅ​ចាក់ចោល​ទីនោះ ចៀស​វាង​កុំ​ឲ្យ​ខូច​បរិស្ថាន​នាំ​ឱ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​របស់​យើង ។

សូម​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា ២០១៦ មាន​រថយន្ត​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-2821 ដឹក​សំរាម​ពេញ ក៏​បាន​យក​មក​ចាក់ចោល​​នៅ​ច្រាំង​ទន្លេ​ដែរ ។ ជាមួយ​នោះ​ មាន​កាសែត​ និង​ទូ​រទស្ស​ន៍​ជា​ច្រើន​ស្ថាប័ន ដែល​បានឃើញ​ពី​ហេតុ​
ការណ៍​​នេះ នាំ​គ្នា​ថត​ពី​សកម្មភាព​យក​ទៅ​ចុះ​ផ្សាយតាម​អង្គភាព​រៀងៗ​ខ្លួន​ផង​ដែរ ។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសា​ស​ន៍ឱ្យ​​ដឹង​តាម​ទូរស័ព្ទ​ដែរ​​ថា ការ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​សំរាម​ទៅ​ចាក់ចោល​នៅ​មាត់ទន្លេ​ត្រង់​ចំណុច​​កំពង់​សាឡា​ង ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​នោះ​ទេ ​កន្លង​មក ​រូប​លោក​បាន​ទាក់ទង​ទៅ​អ្នក​ទារ​ភាស៊ី​ផ្សារ​ទន្លេ​បិទ ដើម្បី​ចង់​ជួប​ពិភាក្សា​ថៅកែ​ផ្សារ​ តែ​គេ​មិន​មក​ជួប​ ដើម្បី​ធ្វើ​យ៉ាងណា មិន​ត្រូវ​យក​សំរាម​ដឹក​ពី​ផ្សារទៅ​ចាក់ចោល​ចូល​ទឹកទន្លេ​នោះ​ទេ ។​

ឃុំ​ទន្លេបិទ​មិន​មាន​កន្លែង​សម្រាប់​ចាក់សំរាម​ចោល​ឡើយ ដូច្នេះ​មាន​តែ​ប្រមូល​សំរាម​​ទុក​ឲ្យ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ​យក​ទៅ​ចាក់ចោល​។ ចំពោះ​សំរាម​របស់​ក្រុមហ៊ុន​​ថា​រី ដែល​ដឹក​តាម​រថយន្ត​យក​មក​ចាក់​ចោល ​លោក​អាច​​កំទេច​ថ្ម​ប្រមូល​ពី​ឃ្លាំង​ឲ្យ​ស្អាត ៕