ផ្តាច់​ភ្លើង​រួច​ហើយ​មុន​ឡើង​លើ​បង្គោល​ភ្លើង បែរជា​កម្មករ​អគ្គិសនី​2​នាក់​ត្រូវ​ចរន្ត​ឆក់

ផ្តាច់​ភ្លើង​រួច​ហើយ​មុន​ឡើង​លើ​បង្គោល​ភ្លើង បែរជា​កម្មករ​អគ្គិសនី​2​នាក់​ត្រូវ​ចរន្ត​ឆក់



ខេត្តកំពង់ឆ្នាំង ៖ កម្មករ​ក្រុមហ៊ុន​អគ្គិសនី​ខេត្ត​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​នៅ​លើ​បង្គោល​ភ្លើង​មាន​កម្ពស់​ជិត​១០​ ម៉ែត្រ ក្នុង​ពេល​កំពុង​រាយ បណ្តាញ​ខ្យែ​កាប​អគ្គិសនី​បន្ថែម​ទៀត ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា នៅ​លើ​កំណាត់​ផ្លូវ​ផ្សា​រល​-​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ក្នុង​ហេតុការណ៍​ខាងលើ មាន​មនុស្ស​ម្នា​ជា​ច្រើន​ចោមរោម​ឈរ​មើល​ក្រុម​បុគ្គលិក​អគ្គិសនី​ដែល​បាន​ ធ្វើការ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​២​នាក់ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។ បើ​តាម​មេការ​ក្រុមហ៊ុន​អគ្គិសនី​ម្នាក់​និយាយ​ថា កម្មករ​ទាំង​២​នាក់​ដែល​រង​គ្រោះ​នេះ អ្នក​រង​របួសធ្ងន់​ឈ្មោះ លន់ ចាន់​ធឿ​ន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ និង​អ្នក​រង​របួសស្រាល​ឈ្មោះ ហ៊ីង កក្កដា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ពី​មេការ​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុគ្គលិក​និង​កម្មករ​អគ្គិសនី​ជា​ច្រើន​នាក់ បាន​ធ្វើការ​រាយ​ខ្យែ​កាប​បន្ថែម ដោយ​ផ្តាច់​ចរន្តអគ្គិសនី​រួចរាល់​អស់ហើយ និង​បាន​ធ្វើការ​តាំងពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​ប្រមាណ​១០​ព្រឹក​ទៅ​ហើយ មិន​មាន​កើតហេតុ​អ្វី​សោះ​។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០ ស្រាប់តែ​មាន​ចរន្តអគ្គិសនី​ឆ្លងកាត់បណ្តាល​ឲ្យ​ឆក់​កម្មករ​ទាំង​២​នាក់ ដែល​កំពុង​នៅ​លើ​បង្គោល​តែ​ម្តង ក្នុង​នោះ​ម្នាក់​រង​របួសធ្ងន់​សន្លប់​លើ​បង្គោល​ភ្លើង សំណាងល្អ​មិន​ធ្លាក់​ដី និង​មា្ន​ក់​ទៀត​របួសស្រាល ហើយ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រក​វិធី​សង្គ្រោះ​ដោយ​ដាក់​ជន​រង​គ្រោះ​មក​ដី និង​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ឆក់​កម្មករ​អគ្គិសនី​ទាំង​២​នាក់ ត្រូវ​បាន​មេការ​ក្រុមហ៊ុន​រូប​នេះ​សង្ស័យ​ថា អាច​មានផ្ទះ​ណាមួយ​ខ្វះ​បច្ចេកទេស​ត​ភ្លើង ហើយ​នៅ​ពេល​ក្រុមហ៊ុន​អគ្គិសនី​ផ្តាច់​ភ្លើង​ដើម្បី​ធ្វើការ ម្ចាស់ផ្ទះ​មួយ​នោះ​គាត់​បញ្ឆេះ​ម៉ាស៊ីនភ្លើង​នៅ​តាម​ផ្ទះ​គាត់​ធ្វើ​ឲ្យ​ ឆ្លង​ចរន្ត​បុក​ភ្លើង​បញ្ច្រាស​មក​វិញ ទើប​បណ្តាល​ឲ្យ​ឆក់​កម្មករ​បែប​នេះ ។

ប្រភព​ដដែល​បន្ថែម​ថា បើសិនជា កម្លាំង​ភ្លើង​ខ្យែ​កាប​វិញ មាន​កម្លាំង​រាប់​ពាន់​វ៉ា​ត់ ម្ល៉េះ​កម្មករ​ទាំង​២​នាក់​ឆេះ​រលាក​ស្លាប់​បាត់​ទៅ​ហើយ ហេតុនេះ​អាច​បញ្ជាក់​បាន​ថា កម្លាំង​បុក​ពី​ម៉ាស៊ីនភ្លើង​តាម​ផ្ទះ​មក​វិញ ទើប​កម្មករ​ទាំង​ពីរ​នាក់ គ្រាន់តែ​រង​របួសធ្ងន់​ស្រាល​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត កម្មករ​ម្នាក់​ដែល​រង​របួសធ្ងន់ បានដឹង​ខ្លួន​ឡើង​វិញ​ហើយ ៕