បិទ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​11​សម្តេច​តេ​ជោ​ជួប​នាយក​រដ្ឋមន្ត្រី​ជប៉ុន

ប្រទេស​ម៉ុង​ហ្គោ​លី ៖ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ បាន​បិទ​បញ្ចប់​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែកក្កដា បន្ទាប់​ពី​បាន​ដំណើរការ​អស់​រយៈពេល​២​ថ្ងៃ​រួច​មក ។ នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃនេះ មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​-​អឺរ៉ុប បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​ទៅ​ដល់​ការ​អនុម័ត​លើ​ឯកសារ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ក្នុង​នោះ​រួម​មាន ទី​១-​សេចក្តី​ប្រកាស​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ និង​ទី​២-​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អង្គប្រជុំ ។

នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២ ពោល​គឺ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ចង្អៀត ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ជា​ការ​ប្រឈម​នឹង​សន្តិសុខ​មិនមែន​ប្រពៃណី សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ការ​ប្រែប្រួល​អាកាសធាតុ គឺជា​បាតុភូត​ប្រទាក់ក្រឡា​គ្នា ដែល​ត្រូវ​ដោះស្រាយ​តាម​រយៈ​មធ្យោបាយ​ជា​កញ្ចប់ និង​គ្រប់​ជ្រុងជ្រោយ ទាំង​លើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​។ យើង​ត្រូវ​បង្កើន​ការ​ផ្តល់​ធនធាន​ហិរញ្ញវត្ថុ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ជូន​ដល់​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច សម្រាប់​ជួយ​ពង្រឹង​យន្តការ​គ្រប់គ្រង និង​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ការ​ស្រាវជ្រាវ​អំពី​ថាមពល​កកើត​ឡើង​វិញ និង​ការ​បង្កើន​ប្រសិទ្ធភាព​ថាមពល ការ​ការពារ​ព្រៃឈើ ការ​ដាំ​ដើមឈើ​ឡើង​វិញ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​បន្សាំ​ជាដើម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។

សម្តេច​តេ​ជោ​បន្ត​ថា ការងារ​សំខាន់​មួយទៀត គឺ​ការ​ជំរុញ​ផ្តល់​សច្ចាប័ន​ឲ្យ​បាន​ឆាប់ សំដៅ​ធានា​ការ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។ ទោះបីជា​ធនធាន​របស់​យើង​នៅ​មាន​កម្រិត​ក្តី កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ប្រឹងប្រែង​សកល ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ផ្អែក​តាម​គោលការណ៍​គន្លឹះ​របស់​អនុសញ្ញា​ក្រប​ខណ្ឌ​របស់​អង្គការសហប្រជាជាតិ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​គោលការណ៍​ស្តី​ពី​ការ​ទទួលខុសត្រូវ​រួម​គ្នា ប៉ុន្តែ​មាន​កាតព្វកិច្ច​ផ្សេង​គ្នា ស្រប​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ។ កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​រួច​ហើយ​សម្រាប់​ការ​កំណត់​វិភាគទាន​ថ្នាក់​ជាតិ ហើយ​កិច្ចការ​រៀបចំ​ផែនការ​គោលនយោបាយ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នានា​របស់​យើង ក៏​សុទ្ធ​ត្រូវ​បាន​ដាក់​បញ្ចូល​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​របៀបវារៈ​អភិវឌ្ឍន៍​ឆ្នាំ​២០៣០​ផង​ដែរ ។

ឆ្លៀតពេល​សម្រាក​នៃ​កិច្ចប្រជុំ​ចង្អៀត សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ស៊ី​ន​ហ្សូ អា​បេ នាយក​រដ្ឋមន្ត្រី​ជប៉ុន ។ លោក ស៊ី​ន​ហ្សូ អា​បេ មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ជួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចំនួន​៧​ដង​រួច​មក​ហើយ ពិសេស​ការ​ជួប​គ្នា​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពាន​ត្សឹ​បា​សា កាលពី​ពេល​កន្លង​ទៅ គឺជា​ផ្នែក​មួយ​នៃ​ការ​រឹតចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​ដ៏​មាន​សារៈសំខាន់​នេះ ក៏​ជា​និមិត្តរូប​នៃ​ការ​ចូលរួម​ចំណែក​របស់​ជប៉ុន ក្នុង​ការ​ជួយ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​រឹង ក៏​ដូច​ជា​កា​រត​ភ្ជាប់​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​ប្រទេស​កម្ពុជា ។

លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ នឹង​មាន​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា ។ តាម​រយៈ​នៃ​ការ​ហោះហើរ​ត្រង់នោះ នឹង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ដែល​នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។ នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ អ​បេ បាន​គូសបញ្ជាក់​ពី​ជំហរ​មិន​ងាករេ​ក្នុង​ការ​បន្ត​ផ្តល់​ជំនួយ​គ្រប់​បែប​យ៉ាង​ដើម្បី​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ការ​មក​ដល់​នៃ​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា ។ សម្តេច​តេ​ជោ​ក៏​បាន​ចាត់​ទុក​ថា ការ​មក​ដល់​នៃ​ជើងហោះហើរ​ត្រង់នេះ នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្ពស់​ឡើង​ថែម​ទៀត​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា កន្លង​មក​យើង​បាន​ធ្វើការ​ពិភាក្សា​គ្នា​លើ​បញ្ហា​ជា​ច្រើន ក្នុង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​កើនឡើង​ថែម​ទៀត​។ បើ​ទោះបីជា​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​បច្ចុប្បន្ន​មាន​ទំហំ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក៏​ពិតមែន ប៉ុន្តែ​ទំហំ​នោះ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ទៀត​នោះ ។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ដល់​ដំណើរការ​រៀបចំ​ការ​ចុះបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​កម្ពុជា ដែល​នោះ​គឺ​បាន​បង្ហាញ​ពី​ដំណើរការ​ប្រជា​ធិ​ប​តយ្យ​នៅ​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​ប្រកបដោយ​អត្ថន័យ​នេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មានការ​យកចិត្តទុកដាក់​ដូច​គ្នា ពិសេស​ការ​បន្ត​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​នៃ​កង​ថែរក្សា​សន្តិភាព​របស់​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ចូលរួម​ប្រតិបត្តិការ​សន្តិភាព​របស់​ពិភពលោក ។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន តាម​រយៈ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សូម​អញ្ជើញលោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បុត្រ​ច្បង​របស់​សម្តេច​តេ​ជោ ដែល​ជា​អ្នក​បន្តវេន​ដ៏​ល្អ​របស់​សម្តេច ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ក្នុង​ពេលវេលា​ដ៏​សម​ស្រប​ខាង​មុខ ៕               

អត្ថបទ ទ​.​ទ​.​ក