លោក ឈាង វុន ​ប្រាប់​ឲ្យ​លោក អ៊ុំ សំអាន ដក​ពាក្យ​​​​ចោទ​លើ​ប្រធាន​រដ្ឋ​សភា

ការព្រមានប្ដឹងប្រធានរដ្ឋសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង ដែលធ្វើឲ្យនាយករដ្ឋមន្ត្រីទប់ចិត្តមិនបាននោះ ត្រូវបានអ្នកនាំពាក្យរដ្ឋសភាប្រាប់ជាថ្មី ថាឲ្យដកពាក្យដែលលោកចោទថា ប្រធានរដ្ឋសភាមិនគោរពរដ្ឋធម្មនុញ្ញចេញ បើចង់ឲ្យស្ថានការណ៍ធូរស្រាលឡើងវិញ។ ទោះបែបនេះក្តី តំណាងរាស្ត្របក្សប្រឆាំងនៅតែប្រកាន់ជំហរប្ដឹងប្រធានរដ្ឋសភាទៅក្រុមប្រឹក្សាធម្មនុញ្ញដដែល ប្រសិនបើមិនបញ្ជូនលិខិតរបស់លោកទៅរដ្ឋាភិបាល។

ក្រៅពីប្រាប់ឲ្យដកពាក្យប្ដឹង អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ថ្លែងនៅក្នុងសន្និសីទកាសែត ថ្ងៃទី១៧ ខែកក្កដា នាមន្ទីររដ្ឋសភាថា នៅពេលនេះ ក្រុមអ្នកច្បាប់របស់រដ្ឋសភាកំពុងពិនិត្យមើលទង្វើរបស់លោក អ៊ុំ សំអាន ដើម្បីដាក់វិធានការរដ្ឋបាលទៅតំណាងរាស្ត្របក្សប្រឆាំងរូបនេះ។

អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្ត្របក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងថា សមាជិករដ្ឋសភាបក្សប្រជាជន មិនអាចទទួលបានទង្វើរបស់លោក អ៊ុំ សំអាន ដែលព្រមានប្ដឹងប្រធានរដ្ឋសភាទៅក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះប្រធានរដ្ឋសភាជាកិត្តិយសរបស់រដ្ឋសភា។

អ្នកនាំពាក្យរដ្ឋសភារូបនេះ ប្រាប់ទៅលោក អ៊ុំ សំអាន ថា ប្រសិនបើចង់ឲ្យស្ថានការណ៍ធូរស្រាល គួរដកពាក្យបណ្ដឹងប្ដឹងប្រធានរដ្ឋសភា៖ «ខ្ញុំគិតថា ស្នើឲ្យឯកឧត្ដម អ៊ុំ សំអាន បោះដៃតិចមក ដកពាក្យដែលគាត់ចោទប្រកាន់ថា សម្ដេចប្រធានមិនគោរពរដ្ឋធម្មនុញ្ញចេញទៅ ប្រហែលសភាពការណ៍ធូរស្រាល។ ឲ្យគាត់រៀនសូត្រថែមតិចទៀត»។

លោក ឈាង វុន រិះគន់លោក អ៊ុំ សំអាន ថា មិនសមជាតំណាងនៃបរិបទនយោបាយថ្មីនេះទេ ខណៈដែលវប្បធម៌សន្ទនារវាងប្រមុខបក្សទាំងពីរកំពុងផ្អែមល្ហែម ប៉ុន្តែជាមានករណីប្តឹងប្រធានរដ្ឋសភាដូចនេះ។

កាលពីថ្ងៃទី១៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រតិកម្មនឹងគម្រោងប្តឹងលោក ហេង សំរិន ប្រធានរដ្ឋសភាទៅក្រុមប្រឹក្សាធម្មនុញ្ញនេះដែរ។

កាលពីថ្ងៃទី៦ ខែកក្កដា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមគ្នាចុះហត្ថលេខា ដាក់លិខិតទៅរដ្ឋាភិបាលតាមរយៈប្រធានរដ្ឋសភាសុំឲ្យការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម បណ្ដោះអាសន្នសិន ដោយរង់ចាំដល់ឆ្នាំ២០១៨។ ប៉ុន្តែលិខិតនោះ ពុំត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន អនុញ្ញាតឲ្យបញ្ជូនចេញ។

ឆ្លើយតបការលើកឡើងរបស់លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយថា លោកនៅតែប្រកាន់ជំហរប្តឹងលោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើលោក ហេង សំរិន មិនចុះហត្ថលេខាបញ្ជូនលិខិតលោកចេញ។

ទោះបែបនេះក្តី លោក អ៊ុំ សំអាន អះអាងថា ប្រសិនបើមានការសម្របសម្រួលវាងលោក និងលោក ហេង សំរិន លោកអាចឈប់ប្ដឹងលោក ហេង សំរិន ប៉ុន្តែលោក ហេង សំរិន ត្រូវចុះហត្ថលេខាបញ្ជូនលិខិតរបស់លោកចេញ៖ «ប្រសិនមានការសម្របសម្រួល យើងស្វាគមន៍ ប៉ុន្តែសម្របសម្រួលផ្ញើលិខិតខ្ញុំចេញ ហើយបើមិនបញ្ជូនចេញទេ យើងនឹងប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យបដិសេធទៅនឹងសេចក្ដីសម្រេចរបស់សម្ដេច ហេង សំរិន»។

លោក អ៊ុំ សំអាន អះអាងថា ក្នុងអំឡុងខែសីហា លោកនឹងដាក់លិខិតប្ដឹងលោក ហេង សំរិន ទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ៕

ប្រភពៈ RFA


Related Posts