និស្សិត​ខ្មែរ​នៅ​ទួគី៖ រដ្ឋ​ប្រហារ​ស្ងប់​ស្ងាត់​ហើយ ពួក​ខ្ញុំ​មិន​អី​ទេ

រដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតី Tayyip Erdogan ចេញពីតំណែង បានធ្វើឲ្យកក្រើកប្រទេសទួគីកាលពីថ្ងៃសៅរ៍ ប៉ុន្តែការប៉ុនប៉ងនោះមិនបានសម្រេចឡើយ។ លោក តាំ សាគីរីន ដែលស្ថិតក្នុងចំណោមនិស្សិតខ្មែរ ១១៥នាក់កំពុងសិក្សានៅប្រទេសតួកគី បានប្រាប់ Sabay ពីទីក្រុង Ankara មកថា គ្រប់យ៉ាងបានស្ងប់ស្ងាត់ធម្មតាវិញហើយ ចំណែកនិស្សិតខ្មែរទាំងអស់ក៏មិនបានជួបគ្រោះថ្នាក់អ្វីដែរ។

និស្សិត​ខ្មែរ​នៅ​ទួគី៖ រដ្ឋ​ប្រហារ​ស្ងប់​ស្ងាត់​ហើយ ពួក​ខ្ញុំ​មិន​អី​ទេ
លោក តាំ សាគីរីន

“ស្នូរកាំភ្លើងស្ងាត់ហើយ អ្វីៗដូចដើមហើយ ពួកខ្ញុំមានសុវត្ថិភាព”។ លោក តាំ សាគីរីន បញ្ជាក់តាមទូរសព្ទ។ និស្សិតផ្នែកបណ្ឌិតវិស្វករអេឡិចត្រូនិករូបនេះ បានរៀបរាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារថា ដំបូងឡើយគ្រប់យ៉ាងធម្មតាទាំងអស់ ហើយគ្មាននរណានឹកស្មានថានឹងមានរដ្ឋប្រហារឡើយ។ ប៉ុន្តែនៅវេលាកណ្ដាលអាធ្រាត្រថ្ងៃសៅរ៍ វេលាម៉ោងប្រមាណ ១២យប់ ក៏មានការភ្ញាក់ផ្អើលថា ទាហានជាច្រើនបានសម្រុកចូលក្រុងធំៗ ដូចជា Istanbul និង Ankara ជាដើម។

លោក សាគីរីន បាននិយាយថា៖ “គ្មានអ្នកណាដឹងទេ សូម្បីប្រធានាធិបតីក៏មិនដឹងផង ព្រោះភ្លាមៗស្រាប់តែទាហានចូលក្រុង ហើយវាគ្រប់គ្រងកន្លែងព័ត៌មានធំរបស់រដ្ឋទៀត អីចឹងហើយគ្មានព័ត៌មានណាផ្សាយទេ”។ លោកបានបន្តទៀតថា ក្រោយពេលប្រធានាធិបតីដឹងភ្លាម ក៏ប្រញាប់វិលទៅក្រុង Istanbul ភ្លាម ហើយប្រកាសឲ្យប្រជាជននាំគ្នាចេញបាតុកម្មគាំទ្ររដ្ឋាភិបាល ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាទៀបភ្លឺប្រហែលម៉ោង ៣កន្លះ។

យ៉ាងណាក្ដី ប្រជាពលរដ្ឋរដ្ឋមួយចំនួននៅតែចេញទៅបាតុកម្ម និងយកឡានក្រុងធំៗទៅបិទផ្លូវខ្លះ ព្រោះពួកគេនៅមានភាពភ័យខ្លាចថា រដ្ឋប្រហារអាចងើបឡើងវិញម្ដងទៀត។ “អ្នកខ្លះគេចេញទៅបាតុកម្មគាំទ្ររដ្ឋាភិបាលទៀត ព្រោះគេនៅខ្លាចថាអាចកើតម្ដងទៀត ចំណែកយើង(និស្សិតខ្មែរ) គេប្រាប់ថាឲ្យនៅក្នុងផ្ទះរៀងៗខ្លួន ហើយនៅចម្ងាយប្រហែល ៤ ៥គីឡូពីកន្លែងផ្ទុះគ្រាប់បែក”។ លោក សាគីរីន និយាយ។

និស្សិត​ខ្មែរ​នៅ​ទួគី៖ រដ្ឋ​ប្រហារ​ស្ងប់​ស្ងាត់​ហើយ ពួក​ខ្ញុំ​មិន​អី​ទេ
និស្សិតខ្មែរនៅទួគី

ពេល Sabay សួរថា តើលោកខ្លាចឬទេ? អតីតនិស្សិតផ្នែកអនុបណ្ឌិតនៅម៉ាឡេស៊ីបានឆ្លើយថា៖ “នៅតួកគីខុសពីនៅខ្មែរ… ឮតែសំឡេងកាំភ្លើង គ្រាប់បែកឆ្ងាយៗ យើងនាំគ្នាខ្លាច តែគេនៅតែដើរទៅមកធម្មតាហ្នឹង… ដំបូងខ្ញុំក៏ខ្លាចដែរ តែឥឡូវពេលដឹង គឺនាំគ្នាចូលផ្ទះទៅបានហើយ”។

ប្រទេសតួកគី បានដកតំណែងមន្ត្រីប៉ូលិសចំនួនជាង ៨០០០នាក់នៅទូទាំងប្រទេសពិសេសនៅទីក្រុងអ៊ីស្តាន់ប៊ុល និងអង់ការ៉ា ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារមិន បានជោគជ័យកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ មនុស្សជាង ៦០០០នាក់ ជាកងទ័ព ជាអ្នកធ្វើការក្នុងប្រព័ន្ធតុលាការ និងមន្ត្រីរដ្ឋជាច្រើនរូបទៀត ត្រូវចាប់ខ្លួនក្រោយផ្ទុះអំពើហិង្សានៅទីក្រុងទាំងពីរខាងលើ និងបន្សល់អ្នកស្លាប់យ៉ាងតិច ២៩០នាក់។

លោក ILHAN KEMAL HUG ឯកអគ្គរដ្ឋទូតទួរគីប្រចាំកម្ពុជា បានប្រកាសក្នុងសន្និសីទកាសែត កាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នេះថា និស្សិតខ្មែរ ចំនួន១១៥នាក់ ដែលកំពុងសិក្សានៅប្រទេសតួកគី មានសុវត្ថិភាពជាធម្មតាទេ បើទោះបីជាប្រទេសនេះរងគ្រោះដោយរដ្ឋប្រហារយោធាមិនបានសម្រេចក៏ដោយ៕
និស្សិត​ខ្មែរ​នៅ​ទួគី៖ រដ្ឋ​ប្រហារ​ស្ងប់​ស្ងាត់​ហើយ ពួក​ខ្ញុំ​មិន​អី​ទេ

និស្សិត​ខ្មែរ​នៅ​ទួគី៖ រដ្ឋ​ប្រហារ​ស្ងប់​ស្ងាត់​ហើយ ពួក​ខ្ញុំ​មិន​អី​ទេ
រូបភាពពី FB លោក តាំ សាគីរីន

អត្ថបទ៖ គង់ វិសាល
ប្រភព៖ sabay

  • និស្សិត​ខ្មែរ​នៅ​ទួគី៖ រដ្ឋ​ប្រហារ​ស្ងប់​ស្ងាត់​ហើយ ពួក​ខ្ញុំ​មិន​អី​ទេ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: