គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី សម្រេច​ហែ​ទៅ​បញ្ចុះ​នៅ​ថ្ងៃ​ទី​២៤ កក្កដា

គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី សម្រេច​ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា។

តំណាង​គណៈកម្មការ​បុណ្យ​សព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរៈ​ដីកា នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា ការ​ដង្ហែ​នេះ​នឹង​ចេញ​ដំណើរ​ពី​ម៉ោង​៧​ព្រឹក ដោយ​ថ្មើរ​ជើង​ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ទៅ​ដល់​រង្វង់​មូល​ចោមចៅ និង​បន្ត​ដំណើរ​ដោយ​យានយន្ត​ឆ្ពោះ​ទៅ​គេហដ្ឋាន​របស់​លោក កែម ឡី ស្ថិត​នៅ​ភូមិ​អង្គតាកុក ឃុំ​លាយបូរ ស្រុក​ត្រាំកក់។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ឃឹម​ថា នឹង​មាន​ពលរដ្ឋ​ជា​ច្រើន​កុះករ​ចូលរួម​ដង្ហែ​នេះ ដោយ​ព្រះអង្គ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់ ឲ្យ​ចំណាយ​សមាជិក​គ្រួសារ​ម្នាក់​ក្នុង​​គ្រួសារ​ខ្លួន ដើម្បី​ចូលរួម​ដង្ហែ៖ «មក​ដល់​ម៉ោង​នេះ យើង​(គណៈកម្មការ) មិន​ទាន់​ដឹង​ថា មាន​អ្នក​ចូលរួម​ចំនួន​ច្រើន ឬ​តិច​ទេ ពី​ព្រោះ​អ្នក​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក (កែម ឡី) មាន​ចំនួន​ច្រើន​លើសលប់​ហើយ។ ដូច្នេះ​យើង​នៅ​មិន​ទាន់​មាន​ជំនឿ​១០០​ភាគរយ​ថា ថ្ងៃ​ដង្ហែ​សព​គេ​នឹង​មក​ម្ដង​ទៀត ឬ​យ៉ាងណា​ទេ?»

បន្ថែម​ពី​នេះ​ព្រះតេជព្រះគុណ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​អាច​មាន​មធ្យោបាយ​ផ្ទាល់​ខ្លួន ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង បើទោះបីជា​គណៈកម្មការ​រៀបចំ​រថយន្ត​មួយ​ចំនួន​ក្ដី។ លើស​ពី​នេះ​ទៀត ព្រះតេជព្រះគុណ បញ្ជាក់​ថា អ្នក​ចូលរួម​មិន​ចាំបាច់​កាន់​ធូប​ទៀន ផ្កា​ភ្ញី​អ្វី​ទេ ដោយ​ងាក​មក​កាន់​ជា​ទង់ជាតិ ចំណែក​ព្រះសង្ឃ​កាន់​ទង់​សាសនា ក្នុង​ពេល​ដង្ហែ​សព​នោះ និង​អាច​រក្សា​ទុក​​ទង់​នោះ​ជា​អនុស្សាវរីយ៍​សម្រាប់​ការ​ដង្ហែ​សព​បណ្ឌិត កែម ឡី។

កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ​ភរិយា​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា បាន​ប្រកាស​ពន្យារ​ពេល មិន​ដង្ហែ​សព​ប្ដី​លោកស្រី ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដោយ​លោក​ស្រី​ទទួល​យក​សេចក្ដី​សម្រេច​ទាំង​ស្រុង ពី​គណៈកម្មការ​បុណ្យ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​ពលរដ្ឋ​ឲ្យ​រក្សា​សព នៅ​វត្ត​ចាស់​បន្ត​ទៀត។

លោក កែម ឡី ជា​អ្នក​វិភាគ​នយោបាយ និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ក្នុង​ពេល​លោក​កំពុង​អង្គុយ​ផឹក​កាហ្វេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។