សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ​ថា​ការ​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា​មាន​កាន់​តែ​ខ្លាំង​ឡើង

សហគមន៍​ការពារ​ព្រៃ​ឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​មើល​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា​ក្នុង​តំបន់​ប្រជុំ​ស្រុក​ចំនួន​៣ របស់​ខេត្ត​ព្រះវិហារ កំពុង​កើត​មាន​យ៉ាង​ខ្លាំងក្លា ហើយ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ ហាក់​មិន​បង្ក្រាប​អំពើ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ឲ្យ​តឹងរ៉ឹង​ទេ។

សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ការពារ​តំបន់​ព្រៃ​ឡង់​មក។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ព្រៃ​ឈើ ព្រម​ទាំង​សិទ្ធិ​មនុស្ស សម្ដែង​ការ​ព្រួយ​បារម្ភ​ថា តំបន់​ព្រៃ​ព្រះ​រកា​ដែល​ជា​ប្រភព​ធនធាន​ព្រៃ​ឈើ​ដ៏​សំខាន់​នៅ​ភូមិសាស្ត្រ​ស្រុក​ចំនួន​បី​របស់​ខេត្ត​ព្រះវិហារ អាច​នឹង​បាត់បង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​មិន​បង្ក្រាប​ឲ្យ​តឹងរ៉ឹង ចំពោះ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទេ​នោះ។

ការ​សម្ដែង​ក្តី​ព្រួយ​បារម្ភ កើត​មាន​ឡើង​ក្នុង​ពេល​ដែល​តំបន់​ព្រៃ​ព្រះ​រកា នៅ​ភូមិសាស្ត្រ​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កំពុង​ទទួល​រង​ការ​កាប់​យ៉ាង​អនាធិបតេយ្យ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ គឺ​លោក ប៉ិក សោភ័ណ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា ថា រយៈពេល ៤​ខែ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ គឺ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា កើត​មាន​យ៉ាង​ខ្លាំង។ អ្នក​ដែល​សកម្ម​ក្នុង​ការ​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​នោះ គឺ​ភាគ​ច្រើន​ជា​ជន​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេងៗ ទៅ​ស្នាក់​នៅ​ក្នុង​ឃុំ​ប្រមេរ ហើយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​កាប់​ឈើ។ ក្នុង​មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​គោយន្ត​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា ពី ៧​គ្រឿង​ទៅ ៨​គ្រឿង​ដែរ៖ «បទល្មើស​ចេះ​តែ​កើត​មាន វា​មាន​អ្នក​មក​ពី​ខាង​ក្រៅ​ដែល​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ឃុំ​ប្រមេរ ឃុំ​ពោធិ៍ ចេះ​តែ​សេពគប់​ត្រូវ​គ្នា​ជាមួយ​សមត្ថកិច្ច»

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ក្នុង​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ លោក ពេជ្រ ពាន់ ធ្លាប់​បាន​ប្រាប់​រឿង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នេះ​កាល​ពី​សប្ដាហ៍​មុន​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ព្រៃ​ព្រះ​រកា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ជិតៗ​តំបន់​ព្រៃ​ព្រះ​រកា ដើម្បី​សុំ​ការ​ពន្យល់​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

សកម្មភាព​កាប់​ឈើ​នៅ​ព្រៃ​ព្រះ​រកា បាន​កើត​ឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ការពារ​តំបន់​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​ដ៏​ធំ​មួយ​របស់​កម្ពុជា នៅ​ជាប់​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ព្រះ​រកា ហាក់​ដូចជា​មិន​មាន​មន្ត្រី​ជំនាញ​ណា​បង្ក្រាប​ទេ។ លោក ឡោ ចាន់ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ចុះ​ទៅ​បង្ក្រាប​ម្ដងៗ គឺ​ចាប់​បាន​តែ​អ្នក​កាប់​ឈើ​តូចតាច ឯ​ពួក​ឈ្មួញ​ធំៗ​ហាក់​ដូចជា​ដឹង​មុន៖ «ក្នុង​ព្រៃ​ព្រះ​រកា អ្នក​រក​ស៊ី​កាប់​ឈើ​នៅ​តែ​រក​ឈើ​ដដែល ក្នុង​ពេល​ថ្នាក់​ក្រសួង​ចុះ​មក​បង្ក្រាប​ម្ដងៗ​ចាប់​បាន​តែ​កំប៉ិកកំប៉ុក»

អ្នក​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា​ខ្លះ គឺ​ពិបាក​បង្ក្រាប ដោយសារ​តែ​មាន​ជន​ប្រដាប់​អាវុធ​នៅ​កាង​ពី​ក្រោយ​ខ្នង។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​បាន​ស្លាប់ និង​ប៉ូលិស​នៃ​ស្រុក​ជាំក្សាន្ត ម្នាក់​ទៀត​រង​របួស ដោយសារ​ជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ​លួច​បាញ់​រះ​ក្នុង​ពេល​ចុះ​បំពេញ​បេសកកម្ម​ទប់ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់ នៅ​តំបន់​អភិរក្ស​ក្នុង​ព្រៃ​ព្រះ​រកា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។