លោក​យូ ហេង និង​លោក ខាន់ ផល្លា ប្រធាន​-​អនុប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​រង​ការចោទប្រកាន់ថា កំពុងតែ​បិទបាំង​ថ្នាក់លើ​រឿង​ឈ្មួញ​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​!

​ខេត្តឧត្ដរមានជ័យ​៖ មាន​សេចក្ដីរាយការណ៍​ពី​ស្រុក​បន្ទាយ​អម្ពិល​បាន​ឲ្យ​ដឹងថា ប្រេងសាំង​កំពុង​សម្រុក​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ជប់​គគីរ​ហើយ​គេ​យកមក​ស្តុក​នៅក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅក្បែរ​ជើងភ្នំ​ដងរែក ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ចាន់​ក្រហម​សែន​ជ័យ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល នៃ​ខេត្តឧត្ដរមានជ័យ​។ ក្នុង​មួយថ្ងៃៗ​ឈ្មួញ​បាន​នាំចូល​ប្រេងសាំង​ជាច្រើន​ស៊ីទែន​មក​ស្តុក​ក្នុង​ឃ្លាំង​នោះ ។ ប្រភព​បានដាក់​ការសង្ស័យថា ប្រេងសាំង​ទាំងនោះ​ភាគច្រើន​គេចពន្ធ​ដោយ​ឈ្មួញ​មានអំណាច​បាន​ឃុបឃិត​ជាមួយ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​ដែល​ទើប​ផ្លាស់​ទៅកាន់​ទីនោះ​កាលពីពេល​ថ្មីៗ​នេះ​។​

សេចក្ដីរាយការណ៍​បាន​បញ្ជាក់ថា ករណី​ដឹកជញ្ជូន​ប្រេងសាំង​យកមក​ស្តុក​នៅ​ទីតាំង​ខាងលើនេះ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​គយ ករោម​ឱវាទ​របស់លោក យូ ហេង ទៅ​ត្រួតពិនិត្យ​ជាប្រចាំ​ឡើយ​។ ករណី​បង្ហូរ​ប្រេង​ចូល​ពី​ប្រទេស​ថៃ​ពុំមាន​ការត្រួតពិនិត្យ​នេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា លោក យូ ហេង​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​លោក ខាន់ ផល្លា អនុប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទទួលបន្ទុក​គយ​ចល័ត ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​នាំចូល​ប្រេងសាំង ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែល​ងាយ​ទៅដល់​លោក​ប្រធាន​សាខា​ដែល​ទើបតែ​ឡើងកាន់តំណែង​រូបនេះ​ងាយ​កើប​លុយ​ស្រង់ដើម​។​

មន្ត្រីរាជការ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ដែល​កំពុង​នាំចូល​ប្រេងសាំង​តាម​ច្រករបៀង​ស្រុក​បន្ទាយ​អម្ពិល ជា​អ្នកមាន​លុយ និង​មានអំណាច​សម្បើម​ណាស់ ។ ប្រភព​បាន​ឲ្យ​ដឹងថា ស្ថាប័នគយ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្តបន្ទាយមានជ័យ មួយខែៗ​ពី​២០​ទៅ​៣០​ម៉ឺន​រថយន្ត​ស៊ីទែន ក៏ប៉ុន្តែ​ជាក់ស្ដែង​ឈ្មួញ​អាច​នាំចូល​ច្រើនជាង​នេះ ដោយសារ​មានការ​ឃុបឃិត​ពី សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ជំនាញ​គយ​ខេត្តឧត្ដរមានជ័យ ដើម្បី​ដឹកជញ្ជូន​បញ្ចេញ​ទៅ​លក់​នៅ​ខេត្ត​ផ្សេងៗ​ទៀត​បាន​តាម​អំពើ​ចិត្ត លាក់បាំង​ថ្នាក់លើ​ដែល​ខុស​នឹង​គោលការណ៍​អនុញ្ញាត​របស់​អគ្គនាយក​ដ្ឋា​ន​គយ បណ្តាល​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕

KA-18-07-2016-20 KA-18-07-2016-21