សម្រេចជាស្ថាពរ ថាសព កែម​ ឡី នឹង​​ត្រូវ​បញ្ចុះ​នៅ​​ថ្ងៃ​​ទី​២៤នេះ

នៅទីបំផុត សពលោក កែម ឡី ត្រូវបានសម្រេចជាផ្លូវការ ថានឹងត្រូវដង្ហែ យកទៅបញ្ចុះជាផ្លូវការ ក្នុងភូមិ​ដ្ឋាន​ស្រុក​កំណើត​​របស់​​លោក នៅ​ថ្ងៃ​អាទិត្យ ទី២៤ ខែ​កក្កដា ខាងមុខ។ នេះ បើតាមការសម្រេច របស់​គណៈកម្មការ​បុណ្យ​សព នៅក្នុងសេចក្ដីប្រកាស​ព័ត៌មានមួយ ដែល​ទើប​​នឹង​ចេញ​ផ្សាយ នៅ​ប៉ុន្មាន​​ម៉ោង​​មុន​នេះ។
សម្រេចជាស្ថាពរ ថាសព កែម​ ឡី នឹង​​ត្រូវ​បញ្ចុះ​នៅ​​ថ្ងៃ​​ទី​២៤នេះ

លោក កែម ឡី បានស្លាប់ភ្លាមៗ ដោយការបាញ់ដោយខ្មាន់កាំភ្លើង ចំនួនពីរគ្រាប់។ (រូបថតហ្វេសប៊ុក)

បន្ទាប់ពីបានរារែក និងបានផ្លាស់ប្ដូរ ការសម្រេចដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ នៅភូមិដ្ឋានស្រុកកំណើត​លោក ជា​ច្រើនដងកន្លងមក នៅរសៀលថ្ងៃចន្ទទី១៨ ខែកក្កដានេះ សេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​ដង្ហែ​សព​លោក កែម ឡី យកទៅបញ្ចុះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៤ ខែ​កក្កដា​ខាង​មុខ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យសព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បានមានថេរដីការថា ការសម្រេចដង្ហែនេះ ដោយ​សារ​«គ្មាន​ជម្រើស» ដែល​បណ្ដាលមកពី ការបង្ខំ​របស់​អាជ្ញាធរ និង​ស្ថានភាព​របស់សព ដែលមិនអាចទុក​យូរ​បាន​ត​ទៅ​ទៀត។

សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការបុណ្យសព បានឲ្យដឹងទៀតថា ពិធីដង្ហែសព ចាប់ផ្តើមនៅម៉ោង៧​ព្រឹក ចេញ​ពីវត្ត ពោធិយារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត​តាកែវ ដោយឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៣។

ចំពោះការប្រកាសដង្ហែលើកមុន ដែលកំណត់ធ្វើ នៅថ្ងៃទី១៧ ខែកក្កដាមកនេះ ត្រូវបានអាជ្ញាធរសាលា​រាជធានី​ទទួល​​យល់​ព្រម និងថែមទាំងជួយជាមធ្យោបាយ សម្រាប់ការដង្ហែនោះទៀតផង។ ប៉ុន្តែការប្រកាសដង្ហែ​បុណ្យ​សព​ជា​ថ្មី​នេះ នៅ​មិន​ទាន់​ទទួល​ដឹង​ឮ ពីសំណាក់អាជ្ញាធរ ឬយ៉ាងណានៅឡើយ។

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញ ត្រូវបានខ្មាន់កាំភ្លើង​បាញ់​សម្លាប់ ដោយគ្រាប់កាំភ្លើងពីរគ្រាប់ ឲ្យស្លាប់នៅនឹងកន្លែង កាលពីថ្ងៃអាទិត្យទី១០ ខែកក្កដា ចុង​​សប្ដាហ៍​​ទៅ​មួយ។ មក​ដល់​​ថ្ងៃទី១៨ ខែកក្កដានេះ ការរក្សាសព ដើម្បីជូនដល់បណ្ដាជនខ្មែររាប់សិបម៉ឺននាក់ ឲ្យចូល​ទៅ​​​គោរព​វិញ្ញាណ​ក្ខន្ធ​នោះ មាន​រយៈ​ពេល​៩ថ្ងៃ​ហើយ៕

---------

» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់គណៈកម្មការបុណ្យសព៖

សម្រេចជាស្ថាពរ ថាសព កែម​ ឡី នឹង​​ត្រូវ​បញ្ចុះ​នៅ​​ថ្ងៃ​​ទី​២៤នេះ