AFF U-16៖ គ្រូ​ថៃ​ថា កម្ពុជា​លេង​ល្អ ប៉ុន្តែ​ចូលចិត្ត​ប្រើ​ក្បួន​លេង​ដដែលៗ​ និពន្ធដោយ : រំដួល ចិត្រា       July-18-2016, 7:39 pm         478

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132AFF U-16៖ គ្រូ​ថៃ​ថា កម្ពុជា​លេង​ល្អ ប៉ុន្តែ​ចូលចិត្ត​ប្រើ​ក្បួន​លេង​ដដែលៗ​​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ បាន​យកឈ្នះ​ម្ចាស់ផ្ទះ​កម្ពុជា ៦-០ ក្នុងការ​ប្រកួត​ជម្រុះ​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U16 Championship ឆ្នាំ​២០១៦ ។ បើតាម​គ្រូបង្វឹក​ថៃ មូលហេតុ​ដែល ថៃ អាច​យកឈ្នះ កម្ពុជា ៦​ទល់​០ នេះ​ដោយសារតែ​ថៃ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​លេង​ថ្មី ក្នុងការ​បំបែក​ស្ទីល​និង​ទម្រង់​លេង​ដដែលៗ របស់​កម្ពុជា​នេះ​។​

​ក្នុងការ​ប្រកួត​រយៈពេល​៩០​នាទី ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​១៦​ឆ្នាំ​ថៃ អាច​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ក្រុម​កម្ពុជា ចំនួន​៦​គ្រាប់ ដោយ​កីឡាករ Korawich Tasa នៅ​នាទី​៤០ ។ កីឡាករ Sumana Salapphet ទាត់​បាល់​ពិន័យ​បញ្ចូល​ទី​បានសម្រេច​នៅ​នាទី​៥៣ មុនពេល​ដែល Peerapat Kaminyhong បន្ថែម​គ្រាប់​ទី​បី​នៅ​នាទី​៦៧ ។ ចំណែក​គ្រាប់​បាល់​ទី​៤ និង​ទី​៥ កើតមាន​សម្រាប់​ក្រុម​ថៃ ជាមួយនឹង​ការសម្រេច​ផល​របស់ Jinnawat Russamee ទាំង​២​គ្រាប់ ។ មុន​ចប់​ការប្រកួត Korawich Tasa  បន្ថែម​បាន​១​គ្រាប់​ទៀត​។​

​សម្រាប់​គ្រូបង្វឹក​ថៃ​លោក Chaiyong Khumpiam  ចាត់ទុក​ការប្រកួត​ជាមួយ​កម្ពុជា​នេះ គឺជា​ជោគជ័យ​មួយ ដែល​មិនគួរ​ឲ្យ​ជឿថា ថៃ​អាច​យកឈ្នះ​កម្ពុជា​រហូតដល់​៦​គ្រាប់​ឡើយ​។ បើតាម​លោក Chaiyong Khumpiam  មូលហេតុ​ដែល ថៃ អាច​យកឈ្នះ កម្ពុជា បាន​នេះ​ដោយសារតែ​ថៃ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​លេង​ថ្មី ក្នុងការ​បំបែក​តាក​ទិច​និង​ទម្រង់​លេង​ដដែលៗ របស់​កម្ពុជា​។ ជាពិសេស​គឺ​ការរារាំង​កីឡាករ ស៊ា​ង ច​ន្ធា ដែលជា​កីឡាករ​មុត​ស្រួច​របស់​កម្ពុជា មិន​ឲ្យ​មានឱកាស​បំបែក​សំណាញ់​ទី​ថៃ​បាន​។​

​ថ្លែង​ក្រោយ​បញ្ចប់​ការប្រកួត​គ្រូបង្វឹក​ថៃ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បាល់ទាត់​មិនមែនជា​កីឡា​មួយ​ដែល​ប្រើតែ​កម្លាំង​ទេ គឺមាន​ការលេង​ដោយ​ប្រើ​កលល្បិច មាន​បទ​បែន​ជាច្រើន​។ ហើយ​ខ្ញុំ​ឃើញថា​ពីរ​ប្រកួត​មុនដំបូង កម្ពុជា​តែងតែ​ប្រើ​កីឡាករ​ដដែល និង​តាក​ទិច​លេង​ដដែលៗ​។ ហើយ​កាល​នៅ​ថៃ ក្រុម​ខ្ញុំ​ប្រកួត​មិត្តភាព​ចាញ់​កម្ពុជា ៣-១ ប៉ុន្ដែ​កីឡាករ​ដែល​លេង​នៅ​បាងកក និង​កម្ពុជា​នេះ​គឺ​ខុសគ្នា​»​។

​លោក Chaiyong Khumpiam  បន្ថែមថា កីឡាករ​កម្ពុជា ពិត​ជាមាន​ទម្រង់​លេង​បានល្អ មាន​កីឡាករ​ល្អ និង​គោរព​វិន័យ​ល្អ​ក្នុងការ​ប្រកួត ប៉ុន្ដែ​មិនទាន់​គ្រប់គ្រាន់​ឡើយ ពោលគឺ​កីឡាករ​កម្ពុជា​ត្រូវការ​ហ្វឹកហាត់​រៀនសូត្រ ទទួលយក​បទពិសោធ​ន៍​បន្ថែមទៀត សម្រាប់​ការប្រកួត​ខាងមុខ​។​

​គ្រូបង្វឹក​កម្ពុជា​លោក Inoue Kazunori ទទួលស្គាល់ថា ក្រុម​ថៃ គឺ​ពិតជា​ក្រុម​ខ្លាំង​ដែលមាន​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុងការ​ប្រកួត​។ ប៉ុន្តែ​មូលហេតុ​ដែល​កម្ពុជា ចាញ់​ថៃ ដោយ​លទ្ធផល​ច្រើន​នេះ ដោយសារ​កម្ពុជា បាត់បង់​អ្នកចាំទី​ជម្រើស​ដំបូង គង់ រ៉ា​ហ្វា​ត់ ដោយសារ​បញ្ហា​របួស​នោះ គឺជា​សម្ពាធ​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​របូត​គ្រាប់​បាល់​ច្រើន ស្រប​ពេលដែល​ក្រុម​កម្ពុជា ប្រឹង​វាយលុក​យក​គ្រាប់​បាល់​បញ្ចូល​ទី​ថៃ វិញ​។

​បើតាម​គ្រូបង្វឹក​កម្ពុជា​លោក Inoue Kazunori លទ្ធផល​បរាជ័យ​នេះ គឺជា​បទពិសោធន៍​មួយ​ដែល​លោក​ត្រូវ​ទទួល​យកទៅ​ពង្រឹង​ហ្វឹកហាត់​កីឡាករ​បន្ថែមទៀត ដើម្បី​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ ហើយ​ឈានទៅ​ប្រកួត​ដណ្ដើម​យកពាន AFF U16 Championship ឆ្នាំ​២០១៦​នេះ ជាមួយ​ក្រុម​ខ្លាំង​ដូចជា ក្រុម​ថៃ នៅ​វគ្គ​ផ្ដាច់​ព្រាត់​ម្ដងទៀត​។​

​នៅ​ថ្ងៃទី​១៩ ខែកក្កដា កម្ពុជា​ត្រូវ​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត មុនពេល​ឡាវ​ជួប​ថៃ​។ កម្ពុជា​នៅមាន​ក្តីសង្ឃឹម​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត ប្រសិនបើ​ពួកគេ​ឈ្នះ​ទី​ម័​រ​ខាងកើត ៕