បើករថយន្ត​ចុះ​ទូកដ​លឿន ជ្រុល​ធ្លាក់​ទឹកទន្លេ​ស្លាប់​ម្នាក់

ខេត្តកណ្ដាល ៖ រថយន្ត​មួយ​គ្រឿង​បើក​ចុះទូក​ដរ​លឿន​ជ្រុល បណ្ដាល​ឱ្យ​ធ្លាក់​ក្នុង​ទឹក​ទន្លេបាសាក់ ស្លាប់​មនុស្ស​ម្នាក់ និង​ម្នាក់​ទៀត ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា នៅ​កំពង់ចម្លង​តា​លន់  ចុង​កោះ​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ក្នុង​ហេតុការណ៍​នេះ ជា​ជន​ពិការ​ជើង ខ្វិន​ពី​កំណើត ឈ្មោះ ធុន វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជិះ​ក្នុង​រថយន្ត ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា ពីរ​បាំង ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-6152  បើកបរ​ដោយ​បងស្រី​ជន​រង​គ្រោះ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។ បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា រថយន្ត​ខាងលើ​នោះ​ដឹក​ក្រុម​គ្រួសារ មាន​គ្នា​៦​នាក់​ត្រឡប់ មក​ពី​បុណ្យ ប្រាំពី​ថ្ងៃ​សព​បងប្អូន នៅ​ភូមិ​កើតហេតុ​។ នៅ​ពេល​កើតហេតុ​នោះ រថយន្ត​ខាងលើ បើក​មក​ដល់​កំ​ព់ង​ដ ក៏​បាន​ឈប់​ឱ្យ អ្នក​រួម​ដំណើរ ជាមួយ​នោះ​ចុះ​ពីលើ​រថយន្ត គឺ​នៅ​សល់​តែ​ជន​រង​គ្រោះ ដែល​ពិការ​ជើង​មិន​អាច​ចុះ​ដើរ​បាន ជាមួយ​តៃកុង​។

ពេល​បើក​ចុះ​ទូកដ ដែល​មានឈ្មោះ​ហៃ ជា​អ្នក​បើក​ទូកដ​នោះ​បាន​ដាក់​ក្ដា និង​ដាក់​កំណល់​ត្រឹមត្រូវ ហើយ​រថយន្ត​នោះ​បើក​ចុះ​ពី​ច្រាំង​មក​លើ​ទូកដ តែ​លឿន​ពេក ក៏​ទៅ​បុក​កំណល់​ខ្លាំង​ជ្រុល​ធ្លាក់​ទឹកទន្លេ​លិច​រថយន្ត​ចូល​ក្នុង​ទឹក​ជ្រៅ​តែ​ម្ដង​។ ពេល​នោះ​អ្នក​បើក​ទូកដ និង​អ្នក​ឃើញ​ហេតុការណ៍ បាន​មុជទឹក​ជួយ​សង្គ្រោះ ទាញ​ជន​រង​គ្រោះ​ចេញពី​រថយន្ត ប៉ុន្តែ​ជា​អកុសល​ជួយ​សង្គ្រោះ​បាន​តែ អ្នកបើកបរ​រថយន្ត​ម្នាក់ ចំណែក​ម្នាក់​ដែល​ខ្វិន​ជើង​នោះ បាន​ស្លាប់​បាត់​ទៅ​ហើយ​៕