ប្លង់​ដី​នៅ​ខេត្ត​ចំនួន​៤​ពាក់ព័ន្ធ​នឹង​ព្រៃកោងកាង​ ត្រូវ​ដកហូត​ឬ​អត់​ ស្រេច​លើ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​


​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​លិខិត​លេខ​៤២២២​ក​សក​ ចុះ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ស្តី​ពី​ស្ថានភាព​ព្រៃកោងកាង​តាម​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​សម្រេច​ជូន​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ផ្តល់​មតិ​នៅ​ត្រង់​ចំណុច​ "​និរាករណ៍​ ឬ​ដកហូត​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ​ វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ និង​លិខិតបញ្ជាក់​អំពី​ការ​កាន់កាប់​ដី​របស់​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ និង​អាជ្ញាធរ​ដែនដី​នៃ​ខេត្ត​ទាំង​៤​ (​ខេត្តកំពត​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តកោះកុង​)​ ដែល​មានការ​ពាក់ព័ន្ធ​ដី​ព្រៃកោងកាង​"​ ដោយ​ស្មារតី​លិខិត​លេខ​៦១៦​ស​ជ​ណ​.​កស​ ចុះ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​អនុលោម​តាម​ស្មារតី​លិខិត​លេខ​៦១៦​ស​ជ​ណ​.​កស​ ចុះ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺ​ប្លង់​ដី​ និង​លិខិតបញ្ជាក់​ការ​កាន់កាប់​ដី​នៅ​ខេត្ត​ចំនួន​៤​ ពាក់ព័ន្ធ​នឹង​ដី​ព្រៃកោងកាង​ ត្រូវ​ដកហូត​ ឬ​ក៏​អត់​ស្រេច​លើ​ការ​ផ្តល់​មតិ​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ និង​ការ​សម្រេច​ចុង​ក្រោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ប៉ុណ្ណោះ​ ។​

​មិន​ទាន់​បានដឹង​ថា​ តើ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ នឹង​ផ្តល់​មតិ​បែប​ណា​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អំពី​ករណី​ដ៏​សំខាន់​នេះ​នៅឡើយ​ទេ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​ទាំង​៤​ ដែល​មាន​ព្រៃកោងកាង​តាម​តំបន់ឆ្នេរ​សមុទ្រ​នោះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ នា​រយៈពេល​កន្លង​មក​ ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​ពង​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ឋិត​ក្នុង​ខេត្តកំពត​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តកោះកុង​ បាន​ទទួល​រង​វិនាស​ហិនហោច​ក្រោម​ស្នាដៃ​កាប់​ទន្ទ្រាន​វាតទី​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ក្រុម​មន្ត្រី​មាន​អំណាច​ និង​ឈ្មួញ​មាន​លុយ​សមគំនិត​គ្នា​រហូត​ដល់​មាន​ប័ណ្ណកម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​ទៀត​ផង​ ៕​

ប្លង់​ដី​នៅ​ខេត្ត​ចំនួន​៤​ពាក់ព័ន្ធ​នឹង​ព្រៃកោងកាង​ ត្រូវ​ដកហូត​ឬ​អត់​ ស្រេច​លើ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​

Related