រដ្ឋាភិបាល​ជំរុញ SMEs ស្វែងរក​ដើមទុន​បន្ថែម​ពី​ការបោះ​លក់​ភាគហ៊ុន​ និពន្ធដោយ : ញ៉ុង​ ហេង       July-18-2016, 8:39 pm         198

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​ជំរុញ SMEs ស្វែងរក​ដើមទុន​បន្ថែម​ពី​ការបោះ​លក់​ភាគហ៊ុន​​ភ្នំពេញ​៖ ទីផ្សារ​ភាគហ៊ុន​របស់​កម្ពុជា ដែលមាន​ភាព​ក្មេងខ្ចី​នៅឡើយ ហាក់​កំពុង​ជ្រាបចូល​បន្តិច​ម្ដងៗ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅ​កម្ពុជា​។ រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ពី​ផ្សារ​ហ៊ុន​នេះ ព្រមទាំង​សម្រួល​នីតិវិធី និង​ផ្ដល់​ការអនុគ្រោះ​មួយចំនួន ដើម្បី​ជំរុញ SMEs គៀងគរ​ដើមទុន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​តា​មរយៈ​ការបោះ​លក់​ភាគហ៊ុន​។

​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹងថា SMEs ជួប​បញ្ហា​កង្វះ​ដើមទុន ដើម្បី​ពង្រីក​អាជីវកម្ម ហើយ​ទីផ្សារ​ភាគហ៊ុន គឺជា​ប្រភព​ទុន​ដ៏​ប្រសើរ​មួយ​។  លោកស្រី​ប្រាប់​ដូច្នេះ​ថា​៖«​វិស័យ​ធនាគារ​ពិតមែន​ហើយ គឺជា​ប្រភព​ទុន​សំខាន់​មួយ តែ​វា​មិនទាន់​ឆ្លើយតប​តម្រូវការ​របស់ SMEs បាន​នោះទេ​។ ហើយ​រដ្ឋាភិបាល​បង្កើត​ទីផ្សារ​ទុន​ថ្មី​មួយ (​ទីផ្សារ​ភាគហ៊ុន​) ដែល​អាច​ឲ្យ SMEs រក​ទុន​បាន​»​។

​លោកស្រី ងួន សុខា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​«​ការទទួល​ដើមទុន​បន្ថែម​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​»​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ថា​៖«​ប្រភព​ទុន​នៅតាម​ទីផ្សារ នៅ​ដៃ​ឯកជន​មាន​ច្រើន ហើយ​ការចូល​ផ្សារ​ហ៊ុន​របស់  SMEs គឺ​ដើម្បី​ស្វែងរក​ប្រភព​ទុន​ទាំងនោះ​។

​លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មាកា​រមូល​ប​ត្រក​កម្ពុជា (SECC) មានប្រសាសន៍ថា រដ្ឋាភិបាល​បាន​សម្រួល​នីតិវិធី​មួយចំនួន ដើម្បី​អាច​ឲ្យ SMEs ចូល​ផ្សារភាគហ៊ុន​បាន​។ លោក​បញ្ជាក់ថា​៖«​គ្មាន​កំណត់ SMEs តូច​ឬ​ធំ ទើប​អាច​ចូល​ផ្សារ​ហ៊ុន​បាន​នោះទេ​។ យើង​ក៏​អត់​កំណត់ SMEs ត្រូវមាន​ដើមទុន​ប៉ុន្មាន​ដែរ​»​។ តែបើ​តាម​លោក សុជាតិ  SMEs ត្រូវបំពេញ​លក្ខខណ្ឌ​ផ្សេងៗ ដូច​ជាមាន​ប្រវត្តិ​ធុរកិច្ច​ល្អ មាន​អភិបាលកិច្ច​ច្បាស់លាស់ និង​រកស៊ី​ទទួលទាន​ស្របច្បាប់​ជាដើម​។

​លោក​បន្ថែមថា​៖« យើង​មាន SMEs មាន​សក្ដានុពល​ច្រើន  ហើយ​ពួកគេ​អាច​ឡើង​ផ្សារ​ហ៊ុន​បាន​»​។​

​ទោះយ៉ាងណា អគ្គនាយក SECC រូបនេះ អះអាងថា ដើម្បី​ជំរុញ​ឲ្យ SMEs ចូល​ផ្សារភាគហ៊ុន​បាន​ច្រើន គឺ​ត្រូវការ​ពេលវេលា ព្រោះ​ការយល់ដឹង​ពី​វិស័យ​មូល​ប​ត្រ​នេះ​នៅមានកម្រិត​តិចតួច​នៅឡើយ ។​

​លោក​ស៊ូ សុជាតិ បង្ហើប​ឲ្យ​ដឹងថា អាច​នឹងមាន​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​ចុះឈ្មោះ​ក្នុង​ផ្សារភាគហ៊ុន នៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ តែ​លោក​មិនអាច​បញ្ជាក់ថា​ក្រុមហ៊ុន​ណា​នោះឡើយ​។​

​លោក កុយ វ៉ាត ប្រធាន​ក្លឹប​អ្នកវិនិយោគ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Vtrust Group បាន​ចាប់អារម្មណ៍​ការបោះ​លក់​ភាគហ៊ុន​នេះ​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​មួយចំនួន​របស់លោក កំពុង​ត្រៀមលក្ខណៈ ដើម្បី​ចូល​ទីផ្សារ​ភាគហ៊ុន​។ 

​អ្នកជំនួញ​រូបនេះ បន្ថែមថា ប្រភព​ទុន​បន្ថែម​ពី​ទីផ្សារ​មូល​ប​ត្រ​នេះ ល្អប្រសើរ​ជាង​ការ​ខ្ចីលុយ​ធនាគារ ដែល​គេ​តម្រូវ​ឲ្យ​ដាក់​អចលនទ្រព្យ​ធានា ដែលជា​ឧបសគ្គ​សម្រាប់​ពាណិជ្ជករ​។

​ជាការ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​បាន​ច្រើន រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ពន្ធលើប្រាក់ចំណេញ​ចំនួន ៥០​ភាគរយ និង​ព្យួរទុក​ការបង់ពន្ធ​លើ​ផលរបរ​ប្រចាំខែ​ជាដើម សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​មុន​ឆ្នាំ​២០១៨ ។