ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា សម្រុកចូល​កូ​ឡុំ​ប៊ី​ដើម្បី​ទិញ​ស្បៀង​និង​ថ្នាំពេទ្យ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-18-2016, 8:19 pm         414

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា សម្រុកចូល​កូ​ឡុំ​ប៊ី​ដើម្បី​ទិញ​ស្បៀង​និង​ថ្នាំពេទ្យ​​ប្រជាជន​វ៉េ​ណា​ស៊ុយ​អេ​ឡា​រាប់ពាន់នាក់ បាន​សម្រុកចូល​ទឹកដី​កូ​ឡុំ​ប៊ី ដើម្បី​ទិញ​ស្បៀងអាហារ និង​ថ្នាំពេទ្យ ខណៈ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នេះ ត្រូវបាន​បើក​។ ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដ្បិត​ការផលិត​កម្ម​ប្រេង​ឆៅ ដែលជា​ផលិតផល​នាំចេញ​ធំជាងគេ ធ្លាក់ចុះ​តម្លៃ​យ៉ាងខ្លាំង​។​

​ច្រកព្រំដែន​រវាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​កូ​ឡុំ​ប៊ី ត្រូវបាន​បើក​ឡើងវិញ បន្ទាប់ពី​បាន​បិទ​អស់​ពេល​ជា​យូរ​មក​។ ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​កំពុងតែ​រង​វិបត្តិ​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ​នោះ នាំគ្នា​សម្រុកចូល​ទីក្រុង Cucuta របស់​កូ​ឡុំ​ប៊ី នៅ​ថ្ងៃទី​១៧ ខែកក្កដា ដើម្បី​ទិញ​សម្ភារ​ចាំបាច់ មាន​ស្បៀ​អាហារ និង​ថ្នាំសង្កូវ​ជាដើម​។​

​អភិបាលរដ្ឋ Tachira លោក Jose Vielma និយាយថា ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា Nicolas Maduro បាន​យល់ព្រម​បើក​ព្រំដែន​ឡើងវិញ និង​បាន​ព្រមាន​ប្រជាជន មិនត្រូវ​ធ្វើ​អ្វីដែល​រំខាន​នោះទេ​។ ចំណែក​រដ្ឋមន្ត្រីការបរទេស​កូ​ឡុំ​ប៊ី និយាយ​ដែរ​ថា ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ទៅដល់​ទឹកដី​កូ​ឡុំ​ប៊ី ដោយមាន​របៀបរៀបរយ និង​ស្ថិតក្រោម​លក្ខខណ្ឌ​សន្តិសុខ​ផងដែរ​។​

​សូម​រម្លឹកថា ប្រធានាធិបតី Maduro បាន​បញ្ជា​បិទ​ព្រំដែន កាល​ពិ​ខែសីហា ឆ្នាំ​២០១៥ បន្ទាប់ពី​រកឃើញថា អង្គភាព​ទ័ព​កូ​ឡុំ​ប៊ី វាយប្រហារ​លើ​យោធា​ល្បាត​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​បណ្ដាល​ឲ្យ​មនុស្ស​បីនាក់​របួស​។ ហេតុការណ៍​នេះ ក៏​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសជិតខាង​ទាំងពីរ ធ្លាក់ចុះ​យ៉ាងខ្លាំង​។

​យ៉ាងណាមិញ បើតាម​សារព័ត៌មាន Rappler នេះ​មិនមែនជា​លើកទីមួយ ដែល​ព្រំដែន​ប្រទេស​ទាំងពីរ ត្រូវបាន​បើក​សម្រាប់​ការឆ្លងកាត់​។ កាលពី​ថ្ងៃទី​១០ ខែកក្កដា ប្រជាជន​វ៉េ​ណា​ស៊ុ​អេ​ឡា​ប្រមាណ​៣​ម៉ឺន​៥​ពាន់​នាក់ បានធ្វើ​ដំណើរ​ពី​ទីក្រុង​ក្នុង​រដ្ឋ Tachira ទៅកាន់​ទីក្រុង Cucuta របស់​កូ​ឡុំ​ប៊ី​។

​ការបើក​ព្រំដែន​រវាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​កូ​ឡុំ​ប៊ី បាន​ជួយ​សម្រួល​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​យ៉ាងច្រើន ខណៈ​ពួកគេ​ជួបប្រទះ​វិបត្តិ​ស្បៀងអាហារ និង​បញ្ហា​សេដ្ឋកិច្ច ដែល​បណ្ដាលមកពី​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ឆៅ​។ លោក Maduro បាន​ចោទប្រកាន់​បក្សប្រឆាំង និង​សហរដ្ឋអាមេរិក ថា​នៅ​ពីក្រោយ​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​។​

​ប្រធានាធិបតី Maduro ដែលមាន​និន្នាការ​សង្គមនិយម ក៏​រង​ការបន្ទោស​ចំពោះ​ដំណោះស្រាយ​ដែល​មិនសូវមាន​ប្រសិទ្ធភាព ខណៈ​ឱនភាព​សេដ្ឋកិច្ច​កាន់តែ​ធំ​ទៅៗ​នោះ​។ ជាមួយគ្នា​នោះ ក្រុម​បក្សប្រឆាំង ក៏​កំពុង​រៀបចំ​គម្រោង​ទម្លាក់​លោក Maduro ចេញពី​តំណែង​ផងដែរ ដោយ​អះអាងថា សេដ្ឋកិច្ច​វ៉េ​ណា​ស៊ុយ​អេ​ឡា នៅតែ​មិន​ភាពល្អប្រសើរ​ដដែល​៕