តួ​ក​គី ពិចារណា​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ បន្ទាប់ពី​រដ្ឋប្រហារ​មិន​ជោគជ័យ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-18-2016, 8:59 pm         62

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​គី ពិចារណា​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ បន្ទាប់ពី​រដ្ឋប្រហារ​មិន​ជោគជ័យ​​បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​ជោគជ័យ​រួចមក ប្រធានាធិបតី​តួ​ក​គី បញ្ជាក់ថា ទោស​ប្រហារជីវិត ដែល​បាន​បោះបង់ចោល​តាំងពី​ឆ្នាំ​២០០៤ អាច​នឹងត្រូវ​យកមក​អនុវត្ត​ឡើងវិញ​។ នៅ​ខណ​នេះ មនុស្ស​ជាច្រើន​ពាន់​នាក់ ដែល​រួមទាំង​មន្ត្រី​យោធា និង​មន្ត្រី​តុលាការ ផង​នោះ ត្រូវបាន​ឃាត់ខ្លួន ក្នុង​រដ្ឋប្រហារ​មិន​ជោគជ័យ ដែល​បានសម្លាប់​ជន​ស៊ីវិល និង​ទាហាន​២៦៥​នាក់​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ប្រ​ធានា​ធីប​តី​តួ​ក​គី លោក Recep Tayyip Erdogan នៅ​ថ្ងៃទី​១៧ ខែកក្កដា បាន​លើកឡើងថា តួ​ក​គី កំពុង​ពិចារណា​ប្រើប្រាស់​ទោស​ប្រហារជីវិត​ឡើងវិញ​។ នៅក្រោយ​ការធ្វើ​រដ្ឋប្រហារ​ដែល​ប​រា​ជ័យ​នោះ អ្នកគាំទ្រ​របស់លោក Erdogan រាប់ពាន់នាក់ បានស្នើ​ឲ្យ​មានការ​អនុវត្ត​ទោស​នេះ ហើយ​លោក Erdogan ផ្ទាល់ ក៏​បង្ហាញ​បំណង​ក្នុងការ​អនុវត្ត​ទោស​បែបនេះ​ផងដែរ​។​

​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រធានាធិបតី​តួ​ក​គី និយាយថា តាម​លទ្ធិប្រជាធិបតេយ្យ ការសម្រេចចិត្ត​ធ្វើឡើង​តាម​ប្រជាជន ហើយ​រដ្ឋាភិបាល​របស់​លោក នឹង​និយាយ​ជាមួយ​បក្សប្រឆាំង​លើ​បញ្ហា​នេះ មុននឹង​សម្រេចចិត្ត​។ ខណៈ​ចូលរួម​បុណ្យសព​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ចលាចល​ថ្ងៃទី​១៥ និង​ទី​១៦ ខែកក្កដា លោក​ប្រធានាធិបតី Erdogan លោក​បន្តថា គេ​មិនអាច​ពន្យារពេលបាន​ទៀត​ទេ ហើយ​អ្នក​ដែល​នៅ​ពីក្រោយ​រដ្ឋប្រហារ​នេះ ត្រូវតែ​ទទួលខុសត្រូវ​ដាច់ខាត​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅក្រោយ​ហេតុការណ៍​ចលាចល ប្រជាជន​តួ​ក​គី ជាពិសេស​អ្នកគាំទ្រ​លោក Erdogan បានស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ទោស​ប្រហារជីវិត ដែល​តួ​ក​គី​ប្រកាស​លុបចោល​ក្នុង​ឆ្នាំ​២០០៤ ព្រោះ​តួ​ក​គី កំពុង​ដាក់ពាក្យ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​។ នៅពេលនេះ ប្រសិនបើ​ទោស​នេះ​ត្រូវ​យកមកអនុវត្ត​ឡើងវិញ​មែន​នោះ ការ​ចួ​ល​ជា​សមាជិក​អឺរ៉ុប​របស់​តួ​ក​គី នឹង​ប្រឈមមុខ​បញ្ហា​មិនខានឡើយ​។

​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​តួ​ក​គី ក៏​ស្នើ​ឲ្យ​អាមេរិក​បញ្ជូន​លោក Fetullah Gulen ដែល​តួ​ក​គី​ចោទថា ជា​មេខ្លោង​នៃ​រដ្ឋប្រហារ​មិន​ជោគជ័យ​។ យ៉ាងណាមិញ លោក Gulen ដែលមាន​និន្នាការ​ប្រឆាំងនឹង​លោក Erdogan បាន​ទាត់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​។ លោក​ឆ្លើយតប​វិញ​ថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដែល​មិន​ជោគជ័យ អាចជា​ស្នាដៃ​លោក​ប្រធានាធិបតី Erdogan ទៅវិញ​ទេ​។

​សូមបញ្ជាក់ថា នៅក្រោយ​រដ្ឋប្រហារ​មិន​ជោគជ័យ ដែល​ផ្ទុះ​ចេញ​នៅ​យប់​ថ្ងៃទី​១៥ ខែកក្កដា រដ្ឋាភិបាល​តួ​ក​គី បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​នេះ រហូតដល់​ទៅជា​ង​៦​ពាន់​នាក់ ដែលមាន​មន្ត្រី​យោធា និង​តុលាការ​ជាដើម​។ ក្រៅពីនេះ មនុស្ស​ជាច្រើន​បាន​ស្លាប់ និង​រាប់ពាន់នាក់​ទៀត ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ហើយ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ក៏ត្រូវ​ដាក់​ក្រោម​ស្ថានភាព​អាសន្ន ខណៈ​ប៉ូលិស និង​កងកម្លាំង​ពិសេស​ជាច្រើន​ទៀត ត្រូវ​ពង្រាយ​ផងដែរ​៕