បើជា​ម្ដាយ​នឹង​កូន​សោះ ចាំបាច់​ប្ដឹងផ្ដល់​គ្នា​ធ្វើ​អី…?

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​ជម្លោះដីធ្លី​មួយ​ដែល​បាន​កើតឡើង​រវាង​ម្តាយ និង​កូនបង្កើត ម្តាយ​ជា ដើមបណ្តឹង ដោយឡែក​កូន​ជា​ចុង​បណ្តឹង រហូត​ឈាន​ទៅ​ដល់ លោក កូយ កាន់​យ៉ា ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដឹកនាំ​កងកម្លាំង​ចុះ​អនុវត្ត​សាលក្រម​រុះរើ​លេខ ០៦ ចុះ​ថ្ងៃ​ទី​១៨ មេ​សា ២០១៦​។ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់់​ប្រជាពលរដ្ឋ​ចោមរោម​មើល​ទាំង​ព្រឹក​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់​ចំណុច​រង្វង់​មូល​ទីរួមស្រុក ស្ថិត​នៅ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ស្ត្រី​ម្ចាស់បំណុល​ឈ្មោះ ហ៊ា​ង គឹ​ម​អេ​ង អាយុ​៥៥​ឆ្នាំ ត្រូវជា​ម្តាយបង្កើត កូនបំណុល​ឈ្មោះ ជា រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុខ ធី​ណា​មុខរបរ​លក់​គ្រឿងទេស រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ទាំង​២​នាក់​ម្តាយ​នឹង​កូន​។ កម្លាំង​ចម្រុះ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​អនុវត្ត​សាលក្រម​លេខ​០៦ ចុះ​ថ្ងៃ​ទី​១៨ មេ​សា ២០១៦ ចុះហត្ថលេខា​ដោយ​លោក ផេង កុសល ចៅក្រម​ស៊ើបសួរ ដឹកនាំ​កម្លាំង​ចម្រុះ​អនុវត្ត​សាលក្រម​រដ្ឋប្បវេណី​ដោយ​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ រុះរើ​ផ្ទះ​មួយ​ខ្នង​ដែល​មាន​ទំហំ​១០​គុណ​នឹង​១៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ប្រក​ស័ង្កសី ជញ្ជាំង​ក្តារ​ជុំវិញ ដែល​ស្ថិត​នៅ​ចំណុច ភូមិ​ឃុំ​ខាងលើ​។

សមត្ថកិច្ច​ចម្រុះ​បាន​បញ្ចា​ក់ថា គោលដៅ​អនុវត្ត​សាលក្រម​រដ្ឋប្បវេណី​នេះ គ្រាន់តែ​ឲ្យ​កូនបំណុល​ប្រមូល​នូវ​ទ្រព្យសម្បត្តិ​ដែល​មាន​ស្ថិត​នៅ​ក្នុងផ្ទះ​ចាកចេញ​តែ​ប៉ុណ្ណោះ ហើយ​ប្រគល់​អចលនទ្រព្យ​នេះ​ទៅ​ឲ្យ​ម្ចាស់បំណុល​ឈ្មោះ ហ៊ា​ង គឹ​ម​អេ​ង ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ ជា​អ្នកគ្រប់គ្រង​វិញ​។ ខណៈនោះ​ដែរ​នៅ​ពេល​កងកម្លាំង​ឲ្យ​កូនបំណុល​ឈ្មោះ ជា រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ចូល​ទៅ​ប្រមូល​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់ដេក រួម​ទាំង​សមត្ថកិច្ច​ផង​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម គ្រាប់​៥១​គ្រាប់ បង់​២ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បំណុល​រូប​នេះ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​ធ្វើការ​សាកសួ​ចម្លើយ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា បុរស​ជា​កូនបំណុល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ នឹង​ម្ចាស់បំណុល​នោះ អ្នក​យក​ព័ត៌មាន​គ្រប់​អង្គភាព​មិន​អាច​ធ្វើ​បទ​សម្ភាស​បាន​នោះ​ទេ ពីព្រោះ​ស្ត្រី​ម្ចាស់បំណុល​បាន​អះអាង​បដិសេធ និង​ព្រមាន​ដល់​អ្នក​សា​ព័ត៌មាន​ថា រឿង​នេះ​មិន​អាច​ចុះ​ផ្យា​យ​បាន​ទេ វា​ជា​រឿង​ម្តាយ​និង​កូន​៕