ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ ប្រជាជន​ត្រូវ​ប្រើ​បេះដូង​និង​ចិត្ត ដើម្បី​ប្រឆាំង​ភេរវកម្ម​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-18-2016, 9:59 pm         88

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ ប្រជាជន​ត្រូវ​ប្រើ​បេះដូង​និង​ចិត្ត ដើម្បី​ប្រឆាំង​ភេរវកម្ម​លោកឧបនាយករដ្ឋមន្ត្រីសិង្ហបុរី Teo Chee Hean​ខណៈដែល​មានការ​វាយប្រហា​រ​ភេរវកម្ម​ជា​បន្តបន្ទាប់​នៅ​រដ្ឋធានី​ប៉ារីស ទីក្រុង​នី​ស (Nice) និង​តំបន់​ឯទៀត​នៅ​ជុំវិញ​ពិភពលោក​នោះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​សិង្ហ​បុរី និយាយថា ការ​រឹតត្បិត​នៅក្នុង​សង្គម ឬក៏​ហាមឃាត់​ប្រជាជន ជាដើម មិនអាច​បញ្ឈប់​ការកើតឡើង​ភេរវកម្ម​ទេ​។ ប៉ុន្តែ​ដំណោះស្រាយ​គឺ ប្រើប្រាស់​បេះដូង និង​ចិត្ត​។

​បី​ថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​នៅ​ទីក្រុង នី​ស (Nice) ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Teo Chee Hean និយាយថា ការ​រឹតត្បិត ឬ​ការហាមឃាត់​មនុស្ស​នៅក្នុង​សង្គម មិនអាច​រារាំង​លទ្ធភាព​ដែល​សកម្មភាព​ភេរវកម្ម កើតឡើង​បានឡើយ​។ ប៉ុន្តែ​ការប្រើប្រាស់​បេះដូង ដើម្បី​ដោះស្រាយ​បញ្ហា គឺជា​ចំណុច​សំខាន់​។   
 
​ថ្លែង​ទៅកាន់​កម្មវិធី​ដង្ហែ​ក្បួន​តាមផ្លូវ​ប្រចាំ ដើម្បី​អបអរ​សុខដុម​រមនី​យ​កម្ម​ពូជសាសន៍ និង​សាសនា នៅ​ថ្ងៃទី​១៧ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី​រូបនេះ អះអាងថា ដំណោះស្រាយ​ប្រឆាំងនឹង​ភេរវកម្ម គឺ​ត្រូវ​ចេញពី​បេះដូង និង​ចិត្ត​នៃ​ប្រជាជន​សិង្ហ​បុរី ដែលជា​អ្នកសម្រេច​ថា ពួកគេ​ចង់​រស់នៅក្នុង​សន្តិភាព និង​សុខដុម​រមណីយ​កម្ម​។ លោក​ក៏​ទទូច​ឲ្យ​ពលរដ្ឋ​ទាំងអស់​ដែល​ដឹងថា មាន​អ្នក​ដែល​ខុសផ្លូវ ត្រូវ​ផ្ដល់ដំណឹង​ដល់​អាជ្ញាធរ​ជាបន្ទាន់​។​

​បើតាម​សារព័ត៌មាន Today លោក Teo ដែលជា​រដ្ឋមន្ត្រី​សម្របសម្រួល​ការងារ​ស​ន្តិ​សុខ​ជាតិ​ដែរនោះ បន្ថែមទៀតថា យើង​នឹង​ជួយ​គេ​ឲ្យ​ដើរ​ផ្លូវ​ល្អ ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​គ្រួសារ សង្គម និង​ប្រទេសជាតិ​។ ជាមួយគ្នា​នោះ លោក Teo ក៏បាន​គូស​បង្ហាញ​ពី​របៀប​ដែល​ភេរ​វករ បង្ក​គ្រោះថ្នាក់​ដល់ទី​តាំង​ជាច្រើន​នៅក្នុង​តំបន់​។

​ប្រភព​ព័ត​មាន​ខាងលើ​បន្តថា ដោយ​លើកឡើង​ពី​ហេតុការណ៍​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ទីក្រុង​មេ​ឌី​ណា របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​ទីក្រុង​នី​ស របស់​បារាំង លោក​ឧបនាយករដ្ឋមន្ត្រី Teo Chee Hean បញ្ជាក់ថា គោលបំណង​នៃ​ការវាយប្រហារ​នីមួយៗ មិន​ត្រឹមតែ​ដើម្បី​សម្លាប់​ជីវិត​មនុស្ស​នោះទេ ប៉ុន្តែ​ដើម្បី​បង្ក​ការភ័យខ្លាច និង​បែងចែក​សង្គម​។ លោក Teo សង្កត់ធ្ងន់ថា​៖« ប្រជាជន​សិង្ហ​បុរី ត្រូវ​ដឹងថា ត្រូវ​ឆ្លើយតប​នឹង​ភេរវកម្ម​ដោយ​របៀប​ណា ព្រោះ​ការត្រៀមខ្លួន​ទុក​មុន អាចជួយ​ការពារ​ជីវិត​ពួកគេ​បាន​។

«​ប្រសិនបើ​ពួកគេ​ត្រៀមខ្លួន​ទុក​មុន យើង​ដឹងថា យើង​មិន​អនុញ្ញាត​ឲ្យ​មានការ​វាយប្រហារ​ណាមួយ បំបែក​យើង​នោះទេ ហើយ​យើង នឹង​នៅតែ​ខ្លាំង និង​មិន​ទ្រុធ​ទ្រោម​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ឧបនាយករដ្ឋមន្ត្រី Teo Chee Hean​។

​មិនយូរប៉ុន្មាន​មុន​ការអធិប្បាយ​របស់លោក Teo មនុស្ស​យ៉ាងហោចណាស់​៨០​នាក់ បាន​បាត់​បង់ជីវិត ក្នុង​ការបុក​រះ​ដោយ​ឡាន​ដឹកទំនិញ ខណៈ​ប្រជាជន​បារាំង កំពុង​មើល​កាំជ្រួច អបអរ​បុណ្យ Bastille Day ដែលជា​បុណ្យជាតិ​បារាំង​។ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ចាត់ទុក សកម្មភាព​នេះ ជា​អំពើ​ភេរវកម្ម បើទោះជា​មិនទាន់មាន​ក្រុម​ណា​ចេញ​ទទួលខុសត្រូវ ជា​ផ្លូវការ​ក៏ដោយ​៕