សព​លោក កែម ឡី នឹងត្រូវ​ដង្ហែ​ទៅ​ស្រុកកំណើត នៅ​ថ្ងៃទី​២៤ និពន្ធដោយ : ម៉ៅ សុផា       July-18-2016, 10:19 pm         702

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សព​លោក កែម ឡី នឹងត្រូវ​ដង្ហែ​ទៅ​ស្រុកកំណើត នៅ​ថ្ងៃទី​២៤​ភ្នំពេញ​៖ គណៈកម្មការ​រៀបចំ​បុណ្យ បានកំណត់​ពេលវេលា​ពិតប្រាកដ​ហើយ ក្នុងការ​ដង្ហែ​សព​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ទៅកាន់​ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក​។

​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ សមាជិក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ បាន​មាន​សង្ឃដីកា នៅ​ព្រឹក​ថ្ងៃទី​១៨​កក្កដា​នេះ​ថា គម្រោង​នៃ​ការ​ដង្ហែ​សព​លោក កែម ឡី នឹងត្រូវ​ធ្វើឡើង​នៅ ម៉ោង​៧​ព្រឹក នា​ថ្ងៃអាទិត្យ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​។ ព្រះអង្គ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ឲ្យ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ឲ្យ​សាក​សម​នឹង​តម្លៃ​ដ៏​ខ្ពង់ខ្ពស់ ដែល​លោក កែម ឡី បាន​បាត់​បង់ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។

​ម្យ៉ាងទៀត ការចូលរួម​របស់​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ គឺ​ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​លោក កែម ឡី ដែល​បាន​ខិតខំ​ជួយ​ជាតិ កាលពី​លោក​នៅមាន​ជីវិត​។ នេះ​ជាការ​បន្ថែម​របស់​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិច​។

​បើតាម​គម្រោង ការ​ដង្ហែ​សព​នេះ នឹងត្រូវ​ចាកចេញ​ពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ នៅ​ម៉ោង​៧​ព្រឹក ឆ្ពោះទៅកាន់​រង្វង់​មូល​ចោមចៅ ដែល​រថយន្ត​ដឹក​សព នឹង​បើក​យឺតៗ រួមទាំង​ការចូលរួម​ពី​ប្រជាពលរដ្ឋ រួមទាំង​ព្រះសង្ឃ ដោយ​ថ្មើរជើង​។ នៅពេល​ទៅដល់​រង្វង់​មូល​ចោមចៅ​ហើយ ក្បួន​រថយន្ត នឹង​បន្ថែម​ល្បឿន ឆ្ពោះទៅកាន់​ខេត្តតាកែវ តាមផ្លូវ​ជាតិ​លេខ​៣ តែម្តង​។

​តាម​ការពិត គណៈកម្មការ​រៀបចំ​បុណ្យ បានកំណត់​កាលបរិច្ឆេទ​ម្តង​រួចទៅហើយ ដោយ​ជ្រើស​រើសយក​ថ្ងៃអាទិត្យ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ជា​ថ្ងៃ​ដង្ហែ​សព លោក កែម ឡី ទៅ​តម្កល់ នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​។ ប៉ុន្តែ​ក្រោយមក គណៈកម្មការ​រៀបចំ​បុណ្យ បានប្រកាស​ផ្អាក​ទៅវិញ ដោយ​លើក​ហេតុផល​ថា ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ពន្យារពេល ដើម្បី​ផ្តល់ឱកាស​ដល់​មហាជន បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី​។

​សូមបញ្ជាក់ថា ថ្ងៃទី​១៨ កក្កដា​នេះ គឺជា​ថ្ងៃទី​៩ នៃ​ពិធី​បុណ្យសព​របស់លោក កែម ឡី​។ លោក កែម ឡី ត្រូវបាន​ឃាតក បាញ់សម្លាប់​ក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦៕