ភ្លៀង​១​មេ​រន្ទះបាញ់​ងាប់​គោ​២​ក្បាល បុរស​ម្នាក់​របួសធ្ងន់

ខេត្តកណ្ដាល ៖ ភ្លៀង​ធ្លាក់​១​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ បាន​បណ្ដាល​ឲ្យ បុរស​ម្នាក់​របួស​ធ្ងន់ធ្ងរ ងាប់​គោ​២​ក្បាល ដោយសារ រន្ទះបាញ់ និង​ប៉ើង​ដំបូលផ្ទះ​ចំនួន​៧​ខ្នង​ផង​ដែរ នៅ​ក្នុង​ឃុំ​ចំនួន​៤ របស់​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ តាម​របាយការណ៍​នគរបាល ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ឃុំ​ទាំង​៥​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ ធម្មជាតិ​ខាងលើ​នោះ​មាន ១-​ភូមិ​ដំណាក់​អំពិល ស្ថិត​ក្នុង​ឃុំ​ដំណាក់​អំពិល រន្ទះបាញ់​បណ្ដាល​ឲ្យ​គោ​ឈ្មោល​ងាប់​១​ក្បាល ខណៈ​ពេល​ដែល​ម្ចាស់​ចង់​ឲ្យ​ស៊ី​ស្មៅ នៅ​កណ្ដាល​វាលស្រែ​។

ម្ចាស់​គោ​នោះ​មាន​ឈ្នោះ ស៊ុ​ក សឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ខាងលើ​។ ២-​ភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ​រន្ទះបាញ់​គោ​បណ្ដាល​ឲ្យ​ងាប់​១​ក្បាល​ដែរ នៅ​ចំណុច​វាល​ក្បែរ​ភូមិ​ខាងលើ ហើយ​ម្ចាស់​គោ​ត្រូវ​បាន​ស្គាល់ ឈ្មោះ កង ជុន ភេទ​ប្រុស​៤៧​ឆ្នាំ ជា​កសិករ​ដែល​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ដោយឡែក​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នក​ភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ​នោះ ក៏​ត្រូវ​រន្ទះបាញ់​ដែរ ប៉ុន្តែ​មិន​ស្លាប់ គ្រាន់តែ​រង​របួស​ជើង​ធ្ងន់ធ្ងរ ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​ពេល​កំពុង​ភ្លៀង​នោះ​។ បុរស​រង​គ្រោះ​នោះ​ឈ្មោះ សាក់ ភ​ន អាយុ​៣៥​ឆ្នាំ​។

ប្រភព​ដដែល​បាន​បន្ត​ថា ទី​៣-​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់​មាន​ភ្លៀង​លាយ​ដោយ​ខ្យល់​កន្ត្រាក់​ខ្លាំង បណ្តាល​ឲ្យ​របើក​ដំបូលផ្ទះ​ក្បឿង​រួម​នឹង​ដំបូល​ស្នាក់​ការ​គណៈបក្ស​ឃុំ​ចំនួន​០៥​ខ្នង ប៉ុន្តែ​មិន​បាន​បណ្ដាល ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​នោះ​ឡើយ​។ ៤-​ភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាល​ឲ្យ​របើក ដំបូលផ្ទះ​២​ខ្នង ហើយ​ម្ចាស់ផ្ទះ​ទាំង​ពីរ​ខ្នង​នោះ ត្រូវ​បាន​គេ​ស្គាល់​ទី​១,​ឈ្មោះ សុខ វណ្ណ​ខេ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល របើក​ដំបូល​ក្បឿង​អស់​មួយ​ចំនួន​។ ទី​២.​ឈ្មោះ ជុំ មីន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មុខរបរ​កសិករ របើក​ស​ង្ក័​សី អស់​ចំនួន​៣០​សន្លឹក​។

នេះ​គឺជា​គ្រោះ​ធម្មជាតិ ដែល​បាន​កើតឡើង​នៅ​គ្រប់ពេល ដូច្នេះ​គួរតែ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​បងប្អូន​ប្រជា​កសិករ ដែល​តែងតែ​ទៅ​ដក​ស្ទូង​នៅ​តាម​ស្រែ​តែ​ម្ដង​៕