ក្រុមអូស្រ្តាលី ទម្លាក់ម៉ាឡេស៊ី ដើម្បីទៅវគ្គបន្តជាមួយវៀតណាម

ក្រុមU16ជម្រើសជាតិអូស្រ្តាលី បានធ្វើដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF U16 Championship ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេបានទម្លាក់ក្រុមម៉ាឡេស៊ី ដើម្បីដណ្តើមយកលេខ២ប្រចាំពូលA កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ។

mm1

សម្រាប់ការប្រកួតប្រជែង នៅពហុកីឡដ្ឋានជាតិ កាលពីយប់ម្សិលមិញនោះ កីឡាករ Jacob Michael Italiano បានរកគ្រាប់បាល់បើកឆាកឲ្យក្រុមអូស្រ្តាលី នៅត្រឹមនាទីទី៥ ប៉ុន្តែ Nizarruddin Bin Jazi បានវាយតាមស្មើឲ្យក្រុមម៉ាឡេស៊ី នៅនាទីទី២៩ ដើម្បីស្មើគ្នា ១-១ ក្នុងតង់ទី១។

mm2

ប៉ុន្តែសម្រាប់ការប្រកួតនៅតង់ទី២ ក្រុមអូស្រ្តាលី រកបាន៦គ្រាប់បន្ថែមទៀត ដោយក្នុងនោះខ្សែប្រយុទ្ធ John Roberts រកបាន៤គ្រាប់តែម្នាក់ឯង ហើយ Jacob Michael Italiano និង Lachlan Ricky Brook ម្នាក់១គ្រាប់ ហើយការឈ្នះនេះបានជួយឲ្យក្រុមអូស្រ្តាលី មាន៧ពិន្ទុ និងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយពួកគេនឹងត្រូវជួបគូសត្រូវចាញ់គឺក្រុមម្ចាស់ជើងឯកថៃ ដែលបានយកឈ្នះពួកគេ ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កាលពីឆ្នាំ២០១៥។

mm3

ចំណែកក្រុមវៀតណាម ដែលទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលA ដោយឈ្នះ៤ប្រកួត និងស្មើ១ប្រកួតនោះ អាចនឹងត្រូវជួបក្រុមកម្ពុជា ម៉ាឡេស៊ី ឬ ក្រុមឡាវ នៅវគ្គបន្ត ខណៈក្រុមទាំង៣ ដែលឈរនៅពូលB នេះ នឹងប្រជែងគ្នានៅថ្ងៃអង្គារនេះ ដោយក្នុងនោះ កម្ពុជា ត្រូវជួបទីម័រ ខណៈឡាវ ត្រូវប៉ះថៃ។ រីឯក្រុមមីយ៉ាន់ម៉ា បានយកឈ្នះក្រុមហ្វីលីពីន ៣-០ កាលពីម្សិលមិញនោះដែរ ប៉ុន្តែនេះគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ៕

mm4
mm5