និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

លី សុខណា ជា​និស្សិត​ផ្នែក​​វិទ្យាសាស្ត្រ​​កុំព្យូទ័រមួយ​រូប​ ដែល​ទទួល​​បាន​​ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​​ការ​​សរសេរ​កម្មវិធី​ដាក់​លើ​ទូរសព្ទ។ យុវជន​រូប​នេះ​​កាន់​តែ​​​មាន​មោទនភាពសម្រាប់​ការ​សម្រេច​បាន​សមិទ្ធផល​ក្នុ​ងការ​សិក្សា​។ សុខណា បាន​​កំណត់​គោលដៅក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ក្លាយ​​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​មួយ​រូប​​ ជាពិសេស​មហិច្ឆតា​ដែល​យុវជន​រូប​នេះ​​ចង់​​​​មាន​ឱកាស​​អាច​ទៅ​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​នៅ​ក្រៅ​ប្រទេស។

 

និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

 

យុវជន លី សុខណា ជា​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន ៧ នាក់។ សុខណា ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ ​នៅ​វិទ្យាល័យសម្ដេចឪ ក្នុង​ក្រុង​​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ និង​បាន​មក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញ​វិទ្យាសាស្ត្រ​​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

 

ក្នុង​ឆ្នាំ ២០១៤ យុវជន សុខណា បាន​ចូលរួម​ការ​ប្រកួត​ប្រជែង​​ក្នុង​កម្មវិធី App Contest សម្រាប់​ការ​បង្កើត​កម្មវិធី​នៅ​លើ iOS និង Android ដោយ​ទទួល​បាន​ជយលាភី​លេខ ១ តាម​រយៈ​ការ​សរសេរ​​ Concept កម្មវិធី​​​មួយ​មាន​ឈ្មោះ​ថា “CamAds” ដែល​​អាច​ទិញ​​ទំនិញ​តាម​អន​ឡាញ​។

 

និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

 

ដោយ​ការ​ស្រលាញ់ចូលចិត្ត​ ការ​ប្រឹងប្រែង​រួមទាំង​ភាព​ប៉ិន​ប្រសប់​លើ​ជំនាញ​សរសេរ​កម្មវិធី សុខណា ក៏​ទទួល​បាន​ជយលាភី​លេខ​មួយ​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០១៥ ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី​ Hackaton សម្រាប់​ការ​បង្កើត​កម្មវិធី “Smart Remote”។

 

និស្សិត​ឆ្នើមសរសេរ​កម្មវិធី​ទូរសព្ទ​ ​​ប្រាថ្នាចង់​​ធ្វើការ​នៅ​បរទេស

 

ការ​ទទួល​បាន​ជោគជ័យទាំង​បទ​ពិសោធន៍​នៅ​ក្មេង​ខ្ចី​​​​ បាន​ធ្វើ​ឲ្យ​យុវជន​រូប​នេះចង់​ពង្រឹង​សមត្ថភាព​លើ​​ជំនាញ​សរសេរ​កម្មវិធីឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ដោយ​ការ​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​​។ ជាពិសេស​ យុវជន​រូប​នេះ​​មាន​មហិច្ឆតា​ចង់​​ស្វែង​រក​បទពិសោធន៍ការងារ​នៅ​​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​ៗនៅ​ក្រៅ​ប្រទេស ដែល​ជា​បំណង​ប្រាថ្នា​ដែល​គេ​ចង់​សម្រេច​ឲ្យ​បាន​​​ សម្រាប់​​​ថ្ងៃ​អនាគត។

 

ក្នុង​នាម​ជា​យុវជន​រៀម​ច្បង​ យុវជន​ សុខណា​ ​ចង់​ឱ្យ​និស្សិត​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​សរសេរ​ កម្មវិធី​លើ​ទូរសព្ទ គួរ​សម្រួច​ជំនាញ​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់​ និង​ដាក់​ជា​សំណួរ​​​ខ្លួន​ឯង​ដើម្បី​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​​មួយ​រូប​។ ម្យ៉ាង​ទៀត គួរ​ធ្វើអ្វី​ដែល​ខ្លួន​ស្រលាញ់ ត្រូវ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព និង​ចូល​រួម​ស្ម័គ្រចិត្ត ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ឱ្យ​បាន​ច្រើន ​ដើម្បី​​ដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ។

 

ចុច​អាន៖  និស្សិត​ឆ្នើម IT រៀន​ពីរ​មហាវិទ្យាល័យ ខ្លាំង​រហូត​ក្លាយ​ជា​គ្រូ Java

 

អត្ថបទ៖ រក្សា