អង់គ្លេស​ប្រឈម​ថ្ងៃ​អវសាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​ទៀត​

    ​យោងតាម​ការព្យាករណ៍​អំពី​ថ្ងៃ​អវសាន​ដោយសារ​បម្រែបម្រួល​អាកាសធាតុ ក្នុង​រយៈពេល ៣០ ឆ្នាំ​ទៀត​ប្រទេស​អង់គ្លេស​នឹងត្រូវ​បំផ្លិចបំផ្លាញ​ដោយសារ​អាកាសធាតុ​ក្ដៅ​ស្ទើរ​ឆេះ ទឹកជំនន់ និង​កង្វះ​ស្បៀងអាហារ​។ នេះ​បើតាម​វេ​ប​សាយ Metro ចេញ​ថ្ងៃទី ១៨ ខែកក្កដា​។​

​    ​អង់គ្លេស​នឹង​ប្រឈម​កម្ដៅ​កើន​ដល់ ៤៨ អង្សា ហើយ​ដី​ប្រេះ​បែក​ក្រហែង ហួត​ទឹក​មិន​អាចធ្វើ​កសិកម្ម​បាន និង​ខ្វះ​ទឹកសាប​ប្រើប្រាស់​។​

​    ​អ្នកជំនាញ​ព្រមាន​ថា​កង្វះ​ស្បៀងអាហារ​អាច​នឹង​កើតឡើង ខណៈដែល​សង្គ្រាម​និង​ការធ្វើ​ចំណាកស្រុក បង្កឡើង​ដោយ​ការផ្លាស់ប្ដូរ​អាកាសធាតុ​អាច​ប៉ះពាល់​ពាណិជ្ជកម្ម​ផងដែរ​។​

​    ​ការរកឃើញ​នេះ​ចេញផ្សាយ​ដោយ UK Climate Change Risk Assessment 2017 ជាមួយនឹង​អ្នកជំនាញ​អាកាសធាតុ ៨ នាក់ ដែល​ទស្សន៍ទាយ​ថា​សីតុណ្ហភាព​នឹង​ឡើងដល់ ៤០ អង្សា​ឡើងទៅ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ទៀត​នៅ​អង់គ្លេស​។​

អង់គ្លេស​ប្រឈម​ថ្ងៃ​អវសាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​ទៀត​

​    ​ក្នុង​ឆ្នាំ ២០០៣ ធ្លាប់​ឡើង​កម្ដៅ​រហូតដល់​ទៅ ៣៨,៥ អង្សា ហើយ​និន្នាការ​នេះ​នឹង​បន្ដ​រហូតដល់​ឆ្នាំ ២០៤០ ហើយ​ចំនួន​មនុស្ស​ស្លាប់​នឹង​កើន​មួយ​ទ្វេ​ជា​បី​។​

​    ​នៅត្រឹម​ឆ្នាំ ២០៥០ តម្រូវការ​ទឹកនឹង​លើសពី​ការផ្គត់ផ្គង់ ២,៥ ដង​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​អង់គ្លេស​។​

​    ​ទឹកជំនន់​បានធ្វើឱ្យ​ប្រទេស​អង់គ្លេស​ខាតបង់ ១,៣៣ ពាន់​លាន​ដុល្លារ​រៀងរាល់ឆ្នាំ ប៉ុន្ដែ ៣៥ ឆ្នាំ​ទៀត ចំនួន​ផ្ទះ​ស្ថិតក្នុង​ហានិភ័យ​ផ្ទះ​លិច​ទឹកនឹង​ធ្វើឱ្យ​ខាតបង់​រហូតដល់ ២,៥ ពាន់​លាន​ដុល្លារ​។​

​    ​អង់គ្លេស​អាច​នឹងរង​ការវាយប្រហារ​ពី​វីរុស​ហ្ស៊ី​កា ខណៈដែល​មូស​ខ្លា​អាស៊ី​នឹងធ្វើ​ដំណើរ​ចូលមក​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ក្ដៅ​។​

​    ​ក្រុម​អ្នកជំនាញ​បាន​ផ្ដោតលើ​ការ​ទស្សន៍ទាយ​របស់​ពួកគេ​លើ​ស្ថានភាព​កម្តៅ​ដែល​ចេះតែ​កើនឡើង​នាពេល​បច្ចុប្បន្ននេះ​៕

​ប្រភព​៖ Metro