សមាជិក​ពាណិជ្ជករ​4​ខេត្ត​ពិភាក្សា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ​លើ​វិស័យ​ស្រូវ​អង្ករ

ខេត្តបាត់ដំបង ៖ សភាពាណិជ្ជកម្ម អាជីវករ ម្ចាស់​ម៉ាស៊ីនកិនស្រូវ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្រាប់​ជួយ​សម្រួល​ដល់​ការ​លំបាក​ក្នុង​វិស័យ​ស្រូវ​អង្ករ​ដែល​កំពុង​ជួប​បញ្ហា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ទាប់​ពី​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន​ត្រូវ​បិទទ្វារ ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា​កន្លង​មក ដែល​មាន​សមាជិក​ពាណិជ្ជករ​ចំនួន​៥០​នាក់ តំណាង​ឲ្យ​១៥០​រោង​ម៉ាស៊ីនកិនស្រូវ​មក​ពី​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ​និង​សៀមរាប ។

មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង និង​ជា​ប្រធាន​សមាគម​ម៉ាស៊ីនកិនស្រូវ​កម្ពុជា បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ស្រូវ​អង្ករ​ដែល​ត្រូវ​នាំ​ចេញ​លក់​នៅ​ក្រៅប្រទេស​នោះ គឺ​បណ្តាល​មក​ពី ៖

១-​ការ​ផលិត និង​ដាំ​ដុះ​មិន​បាន​ត្រឹមត្រូវ​តាម​កម្រិតស្តង់ដា​នៃ​ទីផ្សារ​អន្តរជាតិ​ដែល​ត្រូវការ ។
២-​ម្ចាស់​រោង​ម៉ាស៊ីន​ខ្លះ​ត្រូវ​បិទទ្វារ​ដោយសារ​ខ្ចី​ទុន​មិន​បាន​គ្រប់គ្រាន់​ពី​ធនាគារ​រដ្ឋ និង​ឯកជន ហើយ​អត្រា​ការ​ប្រាក់​ខ្ពស់​ក្នុង​ការយ​កម​កសាង​សង់រោង​ម៉ាស៊ីន​តាម​បែប​សម័យ​ទំនើប​និង​ខ្វះ​ទុន​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ។

៣-​ការ​កសាង​ឃ្លាំង ម៉ាស៊ីន​ផលិត ឡ​ស​ម្ងួ​ត មិន​ស៊ីចង្វាក់​គ្នា ដែល​លំបាក​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​សើម​ពី​កសិករ និង​គ្មាន​ឃ្លាំង​សម្រាប់​ទទួល​ទិញ ហើយ​ស្តុក​បង្វិល​លុយ​ទៅ​កសិករ​វិញ​មិន​ទាន់​ពេលវេលា ។

លោក​ឧកញ៉ា​បន្ថែម​ថា ៖ « ២​ឆ្នាំ​កន្លង​មកនេះ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផលិត និង​ប្រមូលស្រូវ អង្ករ​ចេញ​ទៅ​ក្រៅប្រទេស ដែល​ចំណុច​ខាងលើ​នេះ​គឺជា​មូលហេតុ​ចម្បង ហើយ​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែល​គ្រោង​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​ឲ្យ​បាន​១​លាន​តោន​ត្រូវ​បរាជ័យ​នោះ ក៏​ដោយសារ​បញ្ហា​ទាំងនេះ​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេល​នេះ​ក៏​កំពុង​តែ​មាន​រោង​ម៉ាស៊ីន​ខ្លះ​ត្រូវ​សម្រេចចិត្ត​បិទទ្វារ​ព្រោះតែ​ខ្វះ​ទុន​បង្វិល » ។

មតិ​ភាគច្រើន​ដែល​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នោះ គឺ​ត្រូវការ​ប្រាក់​កម្ចី​ឥណទាន​ពី​ធនាគារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ចូលរួម​ទប់ស្កាត់​ស្រូវ​ដែល​ហូរ​ចូល​មក​កម្ពុជា​ពី​ប្រទេស​វៀតណាម នាំ​ឲ្យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត ។

លោក ច្រា​យ សុ​ន អគ្គនាយក​ក្រុមហ៊ុន​ផលិត​ស្រូវ​នៅ​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ៖ « ការ​ផលិត​ស្រូវ​នៅ​កម្ពុជា គឺ​ត្រូវការ​ទឹក ដី និង​អាកាសធាតុ​ជាដើម​ទុន » ។ ចំពោះ​ការ​បរាជ័យ​តាម​គោលនយោបាយ​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​នោះ លោក​និយាយ​ថា ក្រុមហ៊ុន​ឯកជន​ក៏​បាន​ប្រើ​ទុន​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​ផង​ដែរ​ក្នុង​ការ​នាំ​ចេញ តែ​នៅ​តែ​ទៅ​មិន​រួច​ដដែល ព្រោះ​មាន​ក្នុង​សហគមន៍​ខ្លះ មនុស្ស​ម្នាក់​ៗ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើន​ជាង​ប្រយោជន៍​រួម ។

ថ្លែង​នា​ឱកាស​នោះ​ដែរ លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹង​ថា ៖ « នេះ​ជា​ផល​លំបាក​មួយ​ដែល​ខាង​ធនាគារ​បាន​ផ្តល់​ប្រាក់​កម្ចី​ដោយ​មាន​កំណត់ យើង​មិន​អាច​ឲ្យ​លើស​ច្រើន​តាម​តម្រូវការ​បាន​ឡើយ​។ ដោយឡែក ចំពោះ​សំណូមពរ​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​ប្រមូល​ទិញ​ស្តុក​ទុក​នោះ គឺ​ខាង​ធនាគារ​ជា​អ្នក​ដើរតួ​ក្នុង​ការ​សម្របសម្រួល ដោយ​ត្រូវ​ជួយ​ជំរុញ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​តាម​តំបន់​ខ្លះ​ៗ​រួម​គ្នា​បង្កើត​ជា​មជ្ឈមណ្ឌល​ប្រមូលស្រូវ​នេះ​ឡើង​តាម​តំបន់​រៀង​ៗ​ខ្លួន ។ ចំពោះ​ទីផ្សារ​អន្តរជាតិ យើង​កំពុង​តែ​ជជែក​គ្នា​ជាមួយ​ប្រទេស​ចិន ក្នុង​ការ​នាំ​ចេញពី​កម្ពុជា ព្រោះ​ប៉ែក​ខាង​អឺរ៉ុប​ទទួល​ទិញ​ពី​កម្ពុជា​ទៅ​ក៏​មាន​កំណត់​ផង​ដែរ » ។

យោង​តាម​របាយការណ៍​នាំ​ចេញ​អង្ករ​បាន​បង្ហាញ​ថា ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​មាន​ចំនួន​២៦៨.១៩០​តោន ធ្លាក់​ចុះ​៥,៨%​បើ​ធៀង​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន​២៨៣.៨២៥​តោន ៕