នំប៉័ង​សាច់​ជ្រូក​ខ្វៃ​លក់​តែ​បី​ម៉ោង ចំណូល​មួយ​ថ្ងៃ​ខ្ទង់ ២០​ម៉ឺន​រៀល

គ្រាន់​​តែ​​​រទេះ​ដល់​ភ្លាម មនុស្ស​ជា​ហូរហែ ខ្លះ​ជិះ​ឡាន ខ្លះ​ជិះ​​ម៉ូតូ បាន​ឈប់​ទិញ​ព្រោង​ព្រាត នោះ​គឺ​រទេះ​នំប៉័ង​សាច់​ជ្រូក​ខ្វៃ​ដែល​កំពុង​ល្បី​ឈ្មោះ លក់​មួយ​ថ្ងៃ​តែ ៣​ម៉ោង​ប៉ុណ្ណោះ​អស់ ២៥០​ដើម បាន​ចំណូល​ប្រហែល ២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ​

 

នំប៉័ង​សាច់​ជ្រូក​ខ្វៃ​លក់​តែ​បី​ម៉ោង ចំណូល​មួយ​ថ្ងៃ​ខ្ទង់ ២០​ម៉ឺន​រៀល

 

តាម​សម្ដី​របស់​លោក​ យោន ថុនា​ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ សម្បត្តិ​ កុសល្យ​ ម្ចាស់​រទេះ​នំប៉័ង​សាច់​ជ្រូក​ខ្វៃ​ បាន​និយាយ​ថា លោក​មក​លក់​នៅ​មុខ​សាលា​បឋមសិក្សា​ទួលគោក​អស់​រយៈ​ពេល ​៤​ខែ​មក​ហើយ​ ហើយ​ចាប់​ផ្ដើម​លក់​ប្រហែល​ម៉ោង​២​រសៀល និង​លក់​អស់​ប្រហែល​ម៉ោង​៥​ល្ងាច។

 

“…ចូល​ខែ​ទី​៤​ហើយ…ខ្ញុំ​ធម្មតា​ទូទៅ​ម៉ោង​២ ភាគ​ច្រើន​ម៉ោង​៥​កន្លះ​ ៦​ ត្រូវ​តែ​អស់​ហ្មង​ រាល់​ថ្ងៃ​ទៀង​ហ្មង​”។ សម្ដី​របស់​ លោក​ ថុនា។ អ្នក​លក់​នំប៉័ង​ដែល​ទើប​តែ​ផ្លាស់​ពី​បន្ទាយមានជ័យ​រូប​នេះ​បន្ត​ថា​ ក្នុង​មួយ​ថ្ងៃ​ លោក​អាច​លក់​បាន​ប្រហែល​២៥០​ដើម​ ហើយ​មាន​ចំណូល​ប្រហែល​១លាន​ ៥​សែន​រៀល ហើយ​ចំណេញ​ប្រមាណ​២០​ម៉ឺន​រៀល។

 

លោក ថុនា៖ “ម៉ា​ថ្ងៃ​បើ​ធម្មតា​យើង​លក់​អស់​២៥០​ដើម​ តែ​អត់​គ្រប់​តម្រូវ​ការ​ភ្ញៀវ​ទេ​ប៉ុណ្ណឹង​ សាច់​ជ្រូក​ជាទូទៅ​អស់​ប្រហែល​៥០​គីឡូ​ជាង​ គ្រាន់​តែ​សាច់​ស្រស់​ចូល​ប្រហែល​៨០​ម៉ឺន​ហើយ​ វ៉ៃ​គ្រឿង​វ៉ៃ​អី​អាច​ជាង​១លាន​ នំប៉័ង​១០​ម៉ឺន​ ខ្ញុំ​គិត​ថា​បាន​៥០​$​ថេរ(ចំណេញ) បាទ​២០​ម៉ឺន​រៀល​ តែ​បើ​ចំណូល​អត់​ផាត់​នេះ​ផាត់​នោះ​១​លាន​កន្លះ ខ្លះ​១​លាន​៦០​ម៉ឺន…”។

 

អ្នក​ភូមិ​អណ្ដូង​ ឃុំ​មេសរ​ប្រចាន់ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​ រូប​នេះ​ក៏​បាន​បន្ត​ទៀត​ថា​ របរ​នេះ​ល្បី​ដោយសារ​តែ​កត្តា​បី​ គឺ​ការ​ខ្វៃ​ជ្រូក​ដោយ​ខ្លួន​ឯង​ ធ្វើ​ជ្រក់​ដោយ​ខ្លួន​ឯង​ និង​ការ​ជ្រើស​រើស​ប្រភេទ​សាច់​ជ្រូក​ដោយ​ខ្លួន​ឯង និង​លក់​ក្នុង​តម្លៃ​ថោក​សមរម្យ​។

 

“…ខ្ញុំ​មាន​គ្នា​៦​នាក់…មាន​អ្នក​ធ្វើ​ជ្រក់​២​នាក់​និង​សៀវមៃ​ ៤​នាក់​ទៀត​ជួយ​លក់…សាច់​(ខ្វៃ)​ផលិត​ខ្លួនឯង​ដើម្បី​ជា​ផលិតផល​របស់​ខ្មែរ​…បើ​រសជាតិ​ភ្ញៀវ​សរសើរ​ច្រើន​ នៅ​តាម​បណ្ដាញ​ហ្វេសប៊ុក​អី​ គេ​ទទួល​ស្គាល់​ច្រើន​…មួយ​ដើម​៧០០០​រៀល​ មាន​តែ​ពួកគាត់​ថា​ថោក​ សមរម្យ​…ចំពោះ​លក្ខណៈ​ពិសេស​យើង​ខ្វៃ​អាំង​នឹង​ធ្យូង​ ជ្រក់​យើង​ធ្វើ​ខ្លួន​ឯង​…”។ សម្ដី​លោក ថុនា។

 

នំប៉័ង​សាច់​ជ្រូក​ខ្វៃ​លក់​តែ​បី​ម៉ោង ចំណូល​មួយ​ថ្ងៃ​ខ្ទង់ ២០​ម៉ឺន​រៀល

 

ងាក​មក​ស្ថាន​ភាព​គ្រួសារ​វិញ បុរស​វ័យ​៣៥​ឆ្នាំ​មាន​បង​ប្អូន​៣​នាក់​ ប្រុស​២​ ស្រី​១ ដោយ​ប្អូន​របស់​គាត់​ជា​ជំនួយការ​ក្នុង​របរ​នេះ ប្អូន​ស្រី​មាន​គ្រួសារ​ទៅ​ហើយ​ រីឯ​លោក​ពុក​និង​អ្នក​ម្ដាយ​របស់​បង​ប្រុស​ គឺ​ជា​អ្នក​ធ្វើ​ជ្រក់​ និង​សៀវមៃ។

 

យ៉ាង​ណា​មិញ​ ម្ចាស់​អាជីវកម្ម​នេះ​បាន​ផ្លាស់​ពី​ទី​កំណើត​ព្រៃវែង​ទៅ​នៅ​បន្ទាយមានជ័យ​អស់​រយៈពេល​១៣​ឆ្នាំ​ ហើយ​ក៏​បាន​ចាប់​អាជីព​ជា​អ្នក​លក់​នំប៉័ង​សាច់​ ប៉ុន្តែ​ដោយសារ​តែ​ការ​លក់​ពុំ​សូវ​កាក់កប​ ក្រោយ​មក​ក៏​បាន​ផ្លាស់​មក​រាជធានី​ភ្នំពេញ​ទើប​តែ​៤​ខែ​ហើយ​ក៏​បាន​ផ្លាស់​មក​លក់​នំប៉័ង​សាច់​ជ្រូក​ខ្វៃ​នេះ​តែ​ម្ដង​៕

 

អត្ថបទ៖ នួន ចាន់លីហួត