គ្រូបង្វឹក៖ អាជីពរបស់ Ba អាចនឹងបញ្ចប់ ក្រោយពីបាក់ជើង

លោក Gregorio Manzano គ្រូបង្វឹករបស់ក្លិប Shanghai Shenhua កំពុងតែបារម្ភថា ខ្សែប្រយុទ្ធ Demba Ba ប្រហែលជាមិនអាចជាសះស្បើយពីបញ្ហាបាក់ជើងដែលរូបគេបានជួបប្រទះនៅពេលប្រកួតជាមួយនឹងក្រុម Shanghai SIPG FC កាលពីថ្ងៃអាទិត្យឡើយ។ Ba វ័យ៣១ឆ្នាំ ត្រូវបានសែងចេញនៅនាទី ទី៧០ ក្រោយពីខ្ទាស់ជើងជាមួយនឹងគូប្រកួតម្នាក់របស់គេនៅមុនពេលគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Fredy Guarin បានជួយឲ្យក្រុម Shenhua ទទួលជ័យជម្នះក្នុងលទ្ធផល ២-១។

Demba-Ba-ft16

កាសែត RMC បានដកស្រង់ពាក្យសម្តីរបស់លោក Manzano ខណៈកំពុងនិយាយថា៖ «វាប្រហែលជាអាចបញ្ចប់អាជីពជាកីឡាកររបស់គេ។ ខ្ញុំចង់ចាញ់ការប្រកួតនេះច្រើនជាងការបាត់បង់ Demba Ba»។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Chelsea, West Ham និង Newcastle រូបនេះ បានផ្ទេរទៅកាន់ក្របខ័ណ្ឌ Chinese Super League ពីក្លិប Besiktas កាលពីរដូវកាលមុន និងបានស៊ុតបាល់បញ្ចូលទី១៤គ្រាប់ក្នុងការប្រកួត១៨លើកនៅរដូវកាលនេះ។ លោក Manzano បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា Ba នឹងត្រូវអវត្តមានយ៉ាងហោចណាស់រយៈពេល៧ខែ។

ដោយឡែក បើយោងទៅតាមកាសែត Shanghai Daily គ្រូបង្វឹករបស់ក្លិប SIPG លោក Sven-Goran Eriksson អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានសម្តែងនូវការអាណិតរបស់លោក តាមរយៈការនិយាយថា៖ «វាជាការរងរបួសដ៏ធ្ងន់មួយ។ ខ្ញុំពិតជាសោកស្តាយណាស់សម្រាប់ Ba»៕

ប្រភពព័ត៌មាន៖ ESPN