ហេតុការណ៍​ដ៏ញាក់​​សាច់​ តែមនុស្សមិនអី

ខេត្តបន្ទាយមានជ័យ ៖ បុរស​​ចំណាស់​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ដោយ​គ្រាន់តែរង​របួសស្រាល​​ ​ក្នុង​ហេតុការណ៍​​​ក្រឡាប់​រថយន្ត​​ជា​ច្រើន​ត្រឡប់​​ចូល​ប្រឡាយ រួច​ផ្លោង​ទៅ​ឈប់​លើ​លូ​ផ្លូវ​ចូល​ដី​អ្នកស្រុក បន្ទាប់​​ពី​ត្រូវ​រថយន្ត​ដឹក​ម៉ៃ​ខូ​មួយ​គ្រឿង​​​បើក​​កៀរ ដែល​ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង​ជិត​០៥​ល្ងាច​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​ខាងលើ​ឈ្មោះ​ហុង លាង អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​បាន​អះអាង​ថា ខណៈ​កំពុង​បើករថយន្ត​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ដើម្បី​ទៅ​ចូលរួម​មង្គលការ​គេ នៅ​ឯ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ
ប៉ែ​ត ។ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​ដឹក​ម៉ៃ​ខូ​មួយ​គ្រឿង មិនដឹង​ថា បើក​គេច​អ្វី​ជ្រុល​ទៅ​កៀ​រថយន្ត​របស់​គាត់​បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ធ្វើ​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​គាត់​របួស​កែងដៃ​តិចតួច​តែ​ប៉ុណ្ណោះ​។

គាត់​បន្ត​ថា រថយន្ត​ដឹក​ម៉ៃ​ខូ​នោះ ក្រោយ​កើតហេតុ​នៅ​បន្ត​ទៅ​មុខ តែ​គាត់​បាន​ស្គាល់​លេខ​ហើយ ហើយ​បាន​ប្រាប់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ស្កាត់រក​ផង​ដែរ ។ កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា រថយន្ត​បង្ក (​រថយន្ត​ដឹក​ម៉ៃ​ខូ​)​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទាក់​ចាប់​បាន​ហើយ នៅ​ឯ​ក្រុង​សិរី​សោភ័ណ ។