​នេះហើយ អា​​​លោក​​កូន​​​​ចង់​​​សម្លាប់​​​​ម្តាយ ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា កូន​ប្រុស​អត្តកត្តញ្ញូនិងជាមុខសញ្ញា​ជនសង្ស័យ ​រួមទាំងបក្ស​ពួក​៣​នាក់ ត្រូវ​កម្លាំង​អាជ្ញាធរខណ្ឌសែន​សុខ ដឹកនាំដោយ​លោកម៉ក់ ហុង​ អធិការ​​ខណ្ឌ បាន​នាំមក​បង្ហាញ​មុខ​ នាវេលាម៉ោង០៩​ព្រឹកថ្ងៃទី​១៩ កក្កដា ២០១៦ ស្ថិត​អធិការខណ្ឌសែន​សុខ បន្ទាប់ពី​ជននេះ ត្រូវ​ម្តាយ​​​ប្តឹង​​សមត្ថកិច្ចឱ្យចាប់ខ្លួន បន្ទាប់​ពីគំរាម​សម្លាប់​​គាត់ ។

លោក​ម៉ក់ ហុង បានឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែលគំរាមសម្លាប់​ម្តាយ​នេះ ត្រូវបានចោទប្រកាន់​​ចំនួន៣​បទល្មើស​​ ១-​ប្រើប្រាស់​អាវុ​ធ​ខុស​ច្បាប់ ២-​ផ្តល់ទី​តាំង​ និង​៣-ជួញដូរ​គ្រឿង​ញៀន ។

គួររំលឹកថា ដោយសារ​តែ​ម្តាយ​ខ្លាច និង​លែង​ទុកចិត្ត​កូនប្រុស​ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ រួច​ហើយ​បាន​និយាយ​ស្រែក​គំរាម​បាញ់​សម្លាប់​គាត់​ទៀត ក្នុង​ពេល​មាន​ជម្លោះ​នឹង​គ្នា ក៏​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឱ្យ​ចុះ​ចាប់​កូនប្រុស​រូប​នោះ ព្រមទាំង​បក្សពួក​៣​នាក់​ទៀត​ទាំង​យប់ ។

ប្រតិបត្តិ​ការណ៍​របស់​សមត្ថកិច្ច​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១៧ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ក្នុងភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ព្រំ ស្រី អាយុ​៤៤​ឆ្នាំ ជា​ជាង​អ៊ុតសក់ ចំណែក​កូនប្រុស​ដែល​ប្តឹង​ឱ្យ​ចាប់ខ្លួន​នោះ ឈ្មោះ​គ្រី ម៉េ​ង​ហុង ។ ដោយឡែក​បក្សពួក ១-​ឈ្មោះ​ហេង ចាន់​វិ​រៈ អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ​ចាន់ សីលា អាយុ​២២​ឆ្នាំ និង​៣-​ឈ្មោះ​ហេង សម្ផស្ស អាយុ​២០​ឆ្នាំ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្តាយ​ខឹង​កូនប្រុស​ខាងលើ ចេះ​តែ​បបួល​មិត្តភក្តិ (៣​នាក់​ខាងលើ​) ដែល​ជា​មុខសញ្ញា​មិនល្អ មក​នៅ​ក្នុងផ្ទះ ហើយ​ត្រូវ​គាត់​ស្តីបន្ទោស រហូត​មាន​ជម្លោះ​គ្នា​ខ្លាំង ។ កូនប្រុស​មិន​ស្តាប់​ម្តាយ​ណែនាំ​ទេ ថែម​ទាំង​បាន​ស្រែក​គំរាម​ថា នឹង​បាញ់​សម្លាប់​គាត់​ទៀត ទើប​ម្តាយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។ ពេល​នោះ សមត្ថកិច្ច​ក៏​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ផ្ទះ​កើតហេតុ ក៏​ធ្វើការ​សួរនាំ​ជនសង្ស័យ (​កូនប្រុស​) និង​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់ ក៏​ប្រទះ​ឃើញ​កាំភ្លើងខ្លី​ម៉ាក K៥៤​មួយ​ដើម មាន​១០​គ្រាប់ បាញ់​អស់​២​គ្រាប់ គ្រឿងញៀន​២​កញ្ចប់ ម៉ូតូ​២​គ្រឿង ដែល​ម្តាយ​មិនដឹង​ទាល់តែ​សោះ ។